រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ មេសា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ១៥៥Eo ផ្លូវ១៩ ភូមិទី៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានឈ្មោះ ឡុង ចិន ភេទប្រុស អាយុ២៧ឆ្នាំ ។ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលជាបក្ខពួកបានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនសង្ស័យទាំង២នាក់នេះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FC-៤៨៣៣ ។ រីឯជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ។
លោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមានជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងមកអែបជនរងគ្រោះដែលកំពុងដើរនិយាយទូរស័ព្ទ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ។
លោកអធិការនគរបាលខណ្ឌបានឱ្យដឹងបន្តថា ភ្លាមៗនោះជនរងគ្រោះក៏បានស្រែកឆោឡោត្រូវបានកម្លាំងសមត្ថកិច្ចដែលកំពុងជិះល្បាតបង្ការទប់ស្កាត់បទល្មើសដល់ចំណុចក្បែរនោះឮហេតុការណ៍ ក៏បានអន្តរាគមន៍ជិះដេញតាមជនសង្ស័យខាងលើរហូតដល់ចំណុចផ្លូវ៨៦ ស្ថិតក្នុងភូមិ២២ សង្កាត់ស្រះចក ទើបសមត្ថកិច្ចបង្ក្រាបបានជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតបានម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យម្នាក់ទៀតដែលជាបក្ខពួកបានហក់ចុះពីលើម៉ូតូរត់គេចខ្លួនចូលហ្វូងមហាជនបាត់។
លោកអធិការនគរបាលខណ្ឌបានបញ្ជាក់ថា ៖ ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយជនសង្ស័យខាងលើ ដើម្បីបន្តតាមរកបក្ខពួកម្នាក់ដែលបានរត់គេចខ្លួន ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ