ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ភ្នំស្រួច ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ ពាក់ព័ន្ធ​លួច​កាត់​ខ្សែភ្លើង និង​ម៉ូ​ទ័​រ​ក្រុមហ៊ុន​ចិន

1 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​ណែនាំ​ពី​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ (​ការិយាល័យ​នគរបាល​ព្រ​ហ្មួ​ទណ្ឌ​កំរិត​ស្រាល​) កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​បន្ដ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ចោរកម្ម​លួច​កាត់​ខ្សែភ្លើង ចេញពី​ម៉ូ​ទ័​រ​របស់​ក្រុមហ៊ុន Yong De Xin ដែល​មានឈ្មោះ Shi Yu Qing សញ្ជាតិ​ចិន អ្នកគ្រប់គ្រង​ជាដើម​បណ្ដឹង​ស្នាក់​នៅ​ភូមិ​គី​រី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ។

លោក​វរសេនីយ៍ទោ ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​ស្រាវជ្រាវ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​កំណត់​លើ​មុខសញ្ញា​២​នាក់​សង្ស័យ ចូល​លួច​កាត់​ខ្សែភ្លើង លួច​ម៉ូ​ទ័​រ​បូមទឹក​ចំនួន ១​គ្រឿង ម៉ូ​ទ័​រ​ខ្សែ​ពាន​ឥដ្ឋ​ចំនួន ២​គ្រឿង លួច​កាត់​ខ្សែភ្លើង​ផង​ដែរ ។

ជាក់ស្ដែង​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់ (១)-​ឈ្មោះ ហ៊​ន សាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (២)-​ឈ្មោះ នី ង៉ែត ហៅ​វ៉ិ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​តា​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ចាត់ការ​តាម​នីតិវិធី ៕