មហាសេដ្ឋី Bill Gates បកស្រាយ​ពី​កត្តា​ជួយ​ឲ្យ​មនុស្ស​ក្លាយជា​អ្នកដឹកនាំ​ជោគជ័យ


លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ធ្លាប់​បាន​ចែករំលែក​ទស្សនៈ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា ក្នុង​កំឡុង​ពេល​សតវត្ស​ក្រោយ​អ្នកដឹកនាំ​នឹង​ជា​មនុស្ស​ដែល​ផ្តល់​លទ្ធភាព​ដល់​អ្នក​ដទៃ ។

ក្នុង​កំឡុង​ពេល​ដែល​ពិភពលោក​ប្រឈម​មុខ​នឹង​កូ​វី​ដ​-១៩ នេះ​គុណសម្បត្តិ​របស់​អ្នកដឹកនាំ​ល្អ​ដែល​លើក​ឡើង​ដោយ​មហាសេដ្ឋី​ខាងលើ​ក៏​មិន​មានការ​ផ្លាស់​ប្តូរ​ឡើយ ។ មិន​ថា​ស្ថាន​ការ​មាន​ភាព​ខុស​ប្លែក​យ៉ាងណា អ្នកដឹកនាំ​គួរតែ​ផ្តោត​ស្មារតី និង​កម្លាំង​លើ​ការ​ផ្តល់​លទ្ធភាព​ដល់​អ្នក​ដទៃ ។ ខាងក្រោម គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នកដឹកនាំ​អាច​ធ្វើ​ដូច្នេះ​សម្រាប់​អាជីវកម្ម ឬ​ស្ថាប័ន​ការងារ​ខ្លួន​៖

១. ផ្តល់​អាទិភាព​លើ​បុគ្គលិក
តួនាទី​របស់​អ្នកដឹកនាំ​គ្រប់​រូប​ក្នុង​ពេល​នេះ គឺ​ការ​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅ​នឹង​បញ្ហា​ដែល​មនុស្ស​កំពុង​តែ​ជួប​ប្រទះ ។ អ្នកដឹកនាំ​ត្រូវ​តែ​មានការ​យល់​ដឹង​ច្បាស់​ពី​តម្រូវការ​របស់​មនុស្ស​និង​ព្យាយាម​ផ្គត់ផ្គង់​តាម​សមត្ថភាព ។

២. ជំរុញ​ភាព​បត់បែន
ស្ថាប័ន​ការងារ​ជា​ច្រើន​បាន​ងាក​ទៅ​ប្រើប្រាស់​កម្មវិធី​លើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ដើម្បី​ទំនាក់ទំនង​គ្នា​ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​មនុស្ស​និង​មនុស្ស ។ ប៉ុន្តែ​ក្រៅពី​គិតតែ​ពី​រឿង​ការងារ​ហើយ អ្នកដឹកនាំ​គួរតែ​រៀបចំ​ពេលវេលា​សម្រាប់​ការ​សន្ទនា​គ្នា​លេង​ផង​ដែរ​ទោះជា​តាម​វី​ឌី​អូ​ពិតមែន​ក្តី ។

៣. វិនិយោគ​លើ​ដំ​ណេះ​ស្រាយ​បែប​ឌី​ជី​ថ​ល
ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ អាជីវកម្ម​តែងតែ​សម្រេចចិត្ត​ផ្អាក​ការ​វិនិយោគ ឬ​ការ​ចាយវាយ​ដែល​មិន​ចាំបាច់ ប៉ុន្តែ​អ្នកដឹកនាំ​គួរតែ​យល់​ដឹង​ពី​តម្លៃ​នៃ​ឧបករណ៍​ឌី​ជី​ថ​ល​ដែល​អាច​ជួយ​ដល់​ការងារ​របស់​បុគ្គលិក​បាន ។ ជាក់ស្តែង គ្រាន់តែ​ផ្តល់​នូវ​ឧបករណ៍​គឺ​មិន​ទាន់​គ្រប់​គ្រាន់តែ អ្នកដឹកនាំ​ក៏​គួរតែ​ផ្តល់​ជា​ការ​ហ្វឹកហាត់​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​ដែរ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​បុគ្គលិក​ឲ្យ​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ។

៤. សួរ​បុគ្គលិក​រក​ដំណោះស្រាយ
ជា​ទូទៅ មនុស្ស​ចូល​ចិត្ត​ងាក​ទៅ​កាន់​អ្នកដឹកនាំ​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​អ្វីមួយ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង ពេល​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​មួយ គំនិត​កាន់តែ​ច្រើន​អាច​កាន់តែ​ល្អ​សម្រាប់​អ្នក ។ ក្នុង​ករណី​នេះ អ្នកដឹកនាំ​ល្អ​ផ្តល់​លទ្ធភាព​ដល់​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ចូលរួម​ផ្តល់​គំនិត​ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ឲ្យ​កាន់តែ​បាន​លឿន ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ