រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian កាលពីពេលថ្មីៗនេះបានលើកឡើងថា ក្នុងអំឡុងពេលចម្បងនៃការទប់ស្កាត់នឹងជំងឺវីរុសកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ប្រទេសចិននឹងជួយកម្ពុជាតាមលទ្ធភាពដែលអាចធ្វើបាន ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនៅចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភ «វិថីសូត្រគ្រួសារតែមួយ» ជូនចំពោះកម្ពុជាក្នុងសកម្មភាពរួមគ្នាទប់ស្កាត់នឹងជំងឺវីរុសកូវីឌ-១៩ក្នុងសង្គមប្រជាជនកម្ពុជា ថា «ក្នុងនាមជាមិត្តដែកថែប ភាគីចិននឹងផ្តល់ជំនួយទប់ស្កាត់នឹងជំងឺវីរុសកូវីឌ-១៩ជូនភាគីកម្ពុជាតាមលទ្ធភាពដែលអាចធ្វើបាន។ នាពេលបន្ទាប់ រដ្ឋាភិបាលចិននឹងបន្តរៀបចំផែនការកម្លាំងរួមគ្នាសម្រាប់ស្ថាប័នរដ្ឋ និងសង្គមស៊ីវិល ដើម្បីផ្តល់ការគាំទ្រ និងការជួយដ៏ចាំបាច់ជូនដល់ភាគីកម្ពុជា» ។
លោក Wang Wentian បានបន្តថា ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីឌ-១៩ក្នុងប្រទេសចិន ស្ថិតក្រោមការដឹកនាំ និងចាត់ចែងការងារពីឯកឧត្តមប្រធានាធិបតីចិន Xi Jinping រដ្ឋាភិបាលចិនបានចាត់វិធានការទប់ស្កាត់យ៉ាងតឹងរឹងបំផុត និងគ្រប់ជ្រុងជ្រោយបំផុត បានយកសកម្មភាពជាក់ស្តែងមកបង្ហាញឲ្យឃើញពីទំនួលខុសត្រូវរបស់ប្រទេសមហាអំណាចដែលប្រកបដោយការបើកចំហ តម្លាភាព និងការទទួលខុសត្រូវ ក៏បានបង្ហាញទៅកាន់បណ្តាប្រទេសលើសកលលោកឲ្យឃើញពីជំនឿចិត្ត និងកម្លាំងកាយក្នុងការយកជម្នះលើជំងឺវីរុសលើកនេះ។
បច្ចុប្បន្ននេះ ប្រទេសចិនឆ្លងកាត់ការពិសោធន៍នៃជំងឺវីរុស ស្ថានភាពនៃការទប់ស្កាត់នឹងជំងឺវីរុសបានប្រែមកជាភាពល្អប្រសើរ សណ្តាប់ធ្នាប់នៃសង្វាក់ផលិតកម្មជីវភាពបានចាប់ផ្តើមបើកដំណើរការយ៉ាងឆាប់រហ័ស។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបថា ចាប់តាំងពីជំងឺវីរុសមានការផ្ទុះឡើងក្នុងប្រទេសកម្ពុជាមក ភាគីចិនបានឈរជាមួយភាគីកម្ពុជា មានអារម្មណ៍ដូចគ្នាជាមួយនឹងកម្ពុជា ក៏បានចាត់បញ្ជូលក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន និងផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រមកកាន់ប្រទេសកម្ពុជាយ៉ាងទាន់ពេលវេលា នេះបានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាបងប្អូនដែលតែងយកអាសាគ្នា ជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា។ ភាគីកម្ពុជានឹងចងចាំក្នុងក្រអៅបេះដូងជារៀងរហូត។ ហើយកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីចិន និងពួតដៃគ្នាយកជម្នះលើជំងឺវីរុសឲ្យបាន។
សូមរម្លឹកថាចិនបានបញ្ជួនអ្នកជំនាញការនិងគ្រូពេទ្យចិនជំនាញខាងកូវីដ ១៩ ចំនួន ៧ រូបមកកម្ពុជាដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅអាស៊ានដែលចិនបានជួយ ។ បន្តមកទៀត មូលនិធិចិនដើម្បីសន្តិភាព ការអភិវឌ្ឍ ថ្មីៗនេះក៏បានផ្តល់ម៉ាសវេជ្ជសាស្ត្រចំនួន២សែនម៉ាស សម្លៀកបំពាក់ការពារចំនួន៨០០០កំផ្លេ និងឱសថចិនមួយចំនួនទៀត ជូនចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ