អាមេរិកកំពុងតែធ្វើដំណើរទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។ មុនពេលនៃការផ្ទុះឡើងនៃកូវីដ១៩ លោកត្រាំមានប្រជាប្រិយភាពក្នុងចំណោម ពលរដ្ឋអាមេរិកតាមរយៈពាក្យឃោសនាថា Makre America Great Again ដែលមានន័យថា ធ្វើអោយអាមេរិកមហិមាជាថ្មី។
ឥឡូវនូវសល់តែ៧ខែទៀតឆ្ពោះទៅកាន់ការបោះឆ្នោត សហរដ្ឋអាមេរិកប្រឈមមនឹង វិបត្តិធំបំផុត មិនធ្លាប់មាន ដោយសារតែសត្រូវគ្មានរូបកូវីដ១៩ ដែលកំពុងតែចម្លងពលរដ្ឋអាមេរិកជាង២៤៥ ០០០ នាក់ និងសម្លាប់ជាង៦០០០នាក់។
ឥឡូវនេះ អាមេរិកគឺជាប្រទេសដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងពិភពលោកដែលមានអ្នកឆ្លងមេរោគកូវីដ១៩ ចំនួនជាង១លាននាក់។
លោកត្រាំសារភាពថា រយៈពេលពីរសប្តាហ៍នៅក្នុងខែមេសានេះ នឹងក្លាយជាពេលវេលាឈឺចាប់ខ្លាំងសម្រាប់អាមេរិក ដោយចង់សំដៅថា នឹងអាចមានពលរដ្ឋអាមេរិកកាន់តែច្រើនស្លាប់ដោយសារមេរោគកូវីដ១៩។
ត្រាំបញ្ចេសសារគួរព្រឺក្បាលបែបនេះ ដោយសារតែអ្នកជំនាញព្រមានថា ពលរដ្ឋអាមេរិកចំនួន រហូតដល់ ១សែនទៅពីរសែននាក់អាចនឹងស្លាប់ដោយសារមេរោគកូវីដ១៩នេះ បើសិនជាវិធានប្រយុទ្ធនឹងមេរោគនេះ មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីរុញស្ថានភាពអោយមករកភាពល្អប្រសើរវិញទេ។ លោកត្រាំខ្លួនឯងក៏បាននិយាយថា «បើសិនជាអាមេរិកអាចទប់ការស្លាប់របស់ប្រជាពលរដ្ឋមកត្រឹម១០០ ០០០ ទៅ ២០០ ០០០នោះ វាបានន័យថា អាមេរិកធ្វើការបានល្អហើយ»។
តួលេខ១ សែនទៅពីរសែន គឺជាចំនួនធំខ្លាំងណាស់ ខណៈដែលបច្ចុប្បន្នអ្នកស្លាប់ ដោយសារ មេរោគ កូវីដ១៩ មានចំនួនជាង៥៣០០០នាក់។
ប៉ុន្តែកូវីដ១៩ មិនត្រឹមតែសម្លាប់មនុស្សច្រើននៅក្នុងពិភពលោកទេ វានឹងធ្វើអោយសេដ្ឋកិច្ច ពិភពលោកទាំងមូលរង្គោះរង្គើ និងធ្លាក់ចុះ។ អង្គការសុខភាពពិភពលោកបានចាត់ទុកថា វាជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរមក។
ដូច្នេះ កូវីដ១៩ ក៏នឹងបង្កផលប៉ះពាល់យ៉ាងធំធេងផងដែរដល់មែក ធាងផ្សេងៗនៃសេដ្ឋកិច្ចរបស់អាមេរិកដែលពិបាកនឹងធ្វើអោយមានជំនឿទំនុកចិត្តថា លោកត្រាំ អាចធ្វើអោយអាមេរិក មហិមាជាថ្មី នៅចំពោះមុខមហាអំណាចចិនដែលកាន់តែមានឥទ្ធិពលនៅ ក្នុងពិភពលោក ដោយសារតែការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយចុងក្រោយនេះគឺការប្រយុទ្ធរបស់ចិនប្រើពេលវេលាតែប្រមាណជាបីខែយកឈ្នះលើកូវីដ១៩។
លោក ត្រាំ កន្លងមក មានការវិភាគថា គាត់មិនបានចាត់ការបាន ល្អនិងមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ១៩ឡើយ។ លោកធ្លាប់មើលស្រាលស្ថានភាពនៃការរាលដាលមេរោគកូវីដ១៩នេះ។
ប្រមាណជាជាងមួយខែមុននេះ គឺនៅថ្ងៃទី២៦ខែកុម្ភៈ លោកត្រាំបាននិយាយថា ហានិភ័យមេរោគ កូវីដ១៩ សម្រាប់ប្រជាជនអាមេរិក គឺនៅទាបនៅឡើយ។
នៅពេលដែលោកនិយាយនោះ អាមេរិកមានអ្នកឆ្លងមេរោគកូវីដ១៩តែចំនួនតែ៥៣ករណីប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក។ ប៉ុន្តែតែជាងមួយខែក្រោយមក អាមេរិកមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួនរហូតដល់២៥០ ០០០នាក់គឺខុសគ្នាឆ្ងាយ ហួសហេតុពីពេលដែល លោកត្រាំបាននិយាយកាលពីចុងខែកុម្ភៈនោះ។
លោកត្រាំវាយតម្លៃស្ថានការណ៍ខុសទាំងស្រុង។
ជាមួយនឹងការមើលស្រាលស្ថានភាពនៃការរាលដាលមេរោគកូវីដ១៩ នៅអាមេរិក លោកត្រាំក៏ត្រូវបានបន្ទោសថា មានចំណាត់ការយឺត និងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ១៩។
លោកបានចាត់វិធានការទប់ការនាំចូលមេរោគកូវីដ១៩ ពីខាងក្រៅដោយចេញការសម្រេចចិត្តហាមឃាត់ការចូលមកនៃជនជាតិចិន អ៊ីរ៉ង់ កូរ៉េខាងត្បូង និង អ៊ីតាលី។ ការសម្រេចចិត្តនោះត្រូវបានគេយល់ថា ជួយផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អាមេរិកដើម្បីចាត់វិធានការផ្សេងទៀត ដើម្បីទប់ស្កាត់ការរាលដាលមេរោគកូវីដ១៩នៅអាមេរិក។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ភាពយឺតយ៉ាវនិងការខ្វះខាតឧបករណ៍ធ្វើតេស្តរកមេរោគកកូវីដ១៩ នៅក្នុងប្រទេសអាមេរិកបានធ្វើអោយការរាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេសមហាអំណាចមួយនេះ លោតឡើងលឿនយ៉ាងរហ័ស។
នេះគឺជាដំណើររឿងនៃកំហុសឆ្គងរបស់រដ្ឋាភិបាលរប់សលោកត្រាំនៅក្នុងការដោះស្រាយបញ្ហាកូវីដ១៩ ហើយក៏ត្រូវគេបន្ទោសថា បានធ្វើអោយស្ថានភាពនៃការឆ្លងមេរោគកូវីដ១៩ នៅអាមេរិកមានសភាពធ្ងន់ធ្ងរជាងគេបំផុតមិនធ្លាប់មាន។
ខណៈពេលដែលសល់ពេលប្រហែល៧ខែទៀតដល់ការបោះឆ្នោតអាមេរិកនោះ ស្ថានភាពនៃការរាលដាលមេរោគកូវីដ១៩ នៅអាមេរិកនឹងកាន់តែធ្ងន់ធ្ងរដូចដែលត្រាំព្យាករណ៍អំពីពេលវេលាដ៏ឈឺចាប់ដែលពលរដ្ឋអាមេរិកត្រូវប្រឈមមុខនៅក្នុងរយៈពេលពីរសប្តាហ៍នៅក្នុងខែមេសា។
គេគិតថា បញ្ហាកូវីដ១៩នឹងត្រូវក្លាយជាបញ្ហាដ៏ធំមួយនៅក្នុងការបោះឆ្នោតនៅអាមេរិក។
លោក រីដ ហ្កាលេន ( Reed Galen) អ្នកយុទ្ធសាស្ត្រនយោបាយឯករាជ ត្រូវបានដកស្រង់សម្តី ដោយទស្សនាវដ្តី Time រប់សអាមេរិកដូចដែលបាននិយាយថា «បើសិនជាត្រាំ មិនអាចហើយរដ្ឋាភិបាល របស់គាត់មិនមានដំណោះស្រាយទៅលើបញ្ហានេះ ហើយមិនបានបង្ហាញពីសមត្ថភាពវាប្រាកដណាស់ នឹងមានការបរាជ័យនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា»។
នេះបញ្ជាក់ថា នៅអាមេរិកបាននិយាយហើយដល់ផលប៉ះពាល់នៃកូវីដ១៩ ទៅលើនយោបាយ ដោយមិនត្រឹមតែធ្វើអោយប៉ះពាល់បញ្ហាសុខភាព សេដ្ឋកិច្ច និង សង្គម នៅទូទាំងពិភពលោក។
អ្វីដែលកំពុងកើតមាននៅអាមេរិក គឺជាបទពិសោធន៍មួយសម្រាប់អ្នកនយោបាយនៅក្នុងពិភពលោកអោយមានការប្រយ័ត្នប្រយែងនៅក្នុងការដោះស្រាយបញ្ហាកូវីដ១៩។ គេត្រូវតែចាត់វិធានការអោយបានរហ័ស និងអស់សមត្ថភាពដើម្បីកុំអោយកូវីដ១៩សម្លាប់មនុស្ស បំផ្លាញសុខភាព និង ការរស់ នៅរបស់ប្រជាជននៃប្រទេសនីមួយៗ។
ការបរាជ័យណាមួយរបស់អ្នកនយោបាយនឹងអាចធ្វើអោយប៉ះពាល់ដល់ការបោះឆ្នោតនៅក្នុងប្រទេសមួយនោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ