ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះអាណិត! ខំឱ្យ​នៅ​ជាមួយ​ ជួយ​រក​ការងារឱ្យ​ធ្វើ​ ទីបំផុត​​លេងល្បិចម៉ាស្អាត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ទៅ​សុំ​បុរស​ម្នាក់​ទៀត​ឱ្យ​​ជួយ​រក​ការងារ​ធ្វើ ដោយសារ​តែ​មានការ​អាណិត​អាសូរ ​ទើប​បុរស​រងគ្រោះ​​ព្រម​ជួយ​មិ​នតែប៉ុណ្ណោះ​បាន​នាំ​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​ថែម​ទៀត​ផង​ ដើម្បី​កុំ​ឲ្យ​ជន​នេះ​អស់​ថ្លៃ​ជួល​​ផ្ទះ ។​ ប៉ុន្តែ​ក្រោយ​ពី​ស្នាក់​នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ​ស្រាប់តែ​ជន​សង្ស័យ​ហ៊ាន​រំលោភ​លើ​ទំនុកចិត្ត​ដោយ​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​រួច​គេចខ្លួន​បាត់​ស្រមោល ​។…

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ទៅ​សុំ​បុរស​ម្នាក់​ទៀត​ឱ្យ​​ជួយ​រក​ការងារ​ធ្វើ ដោយសារ​តែ​មានការ​អាណិត​អាសូរ ​ទើប​បុរស​រងគ្រោះ​​ព្រម​ជួយ​មិ​នតែប៉ុណ្ណោះ​បាន​នាំ​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​ថែម​ទៀត​ផង​ ដើម្បី​កុំ​ឲ្យ​ជន​នេះ​អស់​ថ្លៃ​ជួល​​ផ្ទះ ។​ ប៉ុន្តែ​ក្រោយ​ពី​ស្នាក់​នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ​ស្រាប់តែ​ជន​សង្ស័យ​ហ៊ាន​រំលោភ​លើ​ទំនុកចិត្ត​ដោយ​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​រួច​គេចខ្លួន​បាត់​ស្រមោល ​។ ​លុះ​ជាង​កន្លះ​ខែ​ក្រោយមក​ ស្រាប់តែ​បុរស​ជា​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ​ក៏​រាយការណ៍​ជូន​នគរបាល ហើយ​ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជា​កម្លាំង​ឲ្យ​ជួយ​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើត​ឡើងក​ាល​ពី​វេលា​ម៉ោង​៦​ល្ងាចថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ​លុះ​ជាង​កន្លះ​ខែ​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ ទើប​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ជន​នេះ​កំពុង​ជិះ​ម៉ូតូ​នៅ​ជិត​តូប​លក់​ទឹកត្នោតជូរ ស្ថិត​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

តាម​ប្រភពពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​​ខាងលើ​​ឈ្មោះ អឿ​ន ស៊ី​ណែ​ត ហៅ ឡេវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​​មួយកន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ​បាន​ធ្វើ​សកម្មភាព​លួច​​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១E-៦៣០៦ ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ហ៊ី​ម វ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​លើកដាក់​ និង​ដឹក​គ្រឿងសំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខ្វា ស​ងា្ក​ត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​នគរបាល​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុនពេលកើតហេតុ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០​ ខណៈ​​​បុរសជាម្ចាស់ម៉ូតូ​មួយគ្រឿង​ខាងលើ​កំពុង​អង្គុយ​ផឹកស៊ី​នៅ​តូប​លក់​ទឹកត្នោតជូរ មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ហើយ​ជនសង្ស័យ​បាន​ទៅ​ជួប រួច​សុំ​ឲ្យ​ជួយ​រក​ការងារ​ធ្វើ​ជា​កម្មករ​លើក​អី​វ៉ា​ន់​គ្រឿងសំណង់​ជាមួយ​ដែរ​ ។ ​ពេល​នោះ​ដោយសារ​តែ​មានការ​អាណិតអាសូរ​ជា​មនុស្ស​ស្គាល់គ្នា​ ទើប​បុរស​ជា​ម្ចាស់​ម៉ូតូ​ក៏​បាន​យល់ព្រម​ជួយ​ហើយ​បាន​នាំ​ជន​នេះ​ទៅ​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ មិន​ឲ្យ​នៅ​កន្លែង​ផ្សេងនោះឡើយ​ ដើម្បី​កុំឱ្យជនសង្ស័យ​​​​អស់​លុយ​ថ្លៃ​ជួល​ផ្ទះ​ ប៉ុន្តែ​ពុំ​ទាន់​បាន​នាំ​ទៅ​ធ្វើការ​ភ្លាម​នៅឡើយទេ ដោយ​​ឱ្យ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​សិន​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា លុះ​៣​ថ្ងៃ​ក្រោយមក​ គឺ​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ ខណៈ​ដែល​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​ឃ្លាំង​ដាក់​ម៉ូតូ​ផ្ទះ​ជួល រួច​យក​កូនសោរ​ម៉ូតូ​ទៅ​ដាក់​នៅ​ក្នុង​កន្ត្រក​លើ​ក្បាល​ដំណេក ហើយ​ដើរទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​អ្នក​ជិតខាង​នៅ​ខាង​មុខ​បន្ទប់​ជួល​ ។ ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​យក​កូនសោរ​ទៅ​ចាក់​ម៉ូតូ​បញ្ឆេះ​លួច​ជិះ​​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

តាម​ប្រភពដដែលបានបន្ត​​​​ទៀត​ថា ក្រោយមក​ម្ចាស់​ម៉ូតូ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ស្រាវជ្រាវ​រក​មិនឃើញ​ឡើយ​ ​លុះដល់​វេលា​ម៉ោង​៤និង​៣០​នាទីរសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០១៨ ពាក់​​ស្លាក​​លេខ ​ព្រៃវែង​ ១L-៧០៣៩ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​គ​របាល​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។

​បន្ទាប់​មក​ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​ដែល​ជន​នេះ​ស្នាក់​នៅ ​និង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿងទៀត​ម៉ាក​ហុង​ដាស​១១០(​អា​សង់​ប៊ិ​ច )​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១BM-៨៣៥៩ រួច​នាំ​យកជនសង្ស័យ​​​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ (កែសម្រួលដោយ ៖ ធីតា​)
👍

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ