សម័យមួយព្រះមានព្រះភាគបានត្រាស់ប្រារព្វព្រាហ្មណ៍មិច្ឆាទិដ្ឋដែលចូលទៅទូលសួរព្រះអង្គ ហើយព្រះអង្គបានសម្តែងយ៉ាងនេះថា អ្នកដែលមានចិត្តផុតចាកកិលេសហើយ រមែងជាអ្នកមិននិយាយផ្សំអែបនឹងអ្នកណា មិននិយាយទទឹងទាស់នឹងអ្នកណា វាចាណាដែលគេនិយាយ គេប្រើដើម្បីឲ្យស្តាប់គ្នាបានក្នុងលោក ក៏ពោលតាមពាក្យនោះ ហើយព្រះអង្គបានសម្តែងព្រហ្មចរិយធម៌ជាគ្រឿងផ្តាច់បង់នូវគ្រឿងសៅហ្មង ។
កាលព្រាហ្មណ៍បញ្ជូនចិត្តទៅតាមក្រសែព្រះធម៌ ក៏បានសម្រេចជាព្រះសោតាបន្ន ផ្តាច់អំពើជាអកុសលដាច់ស្រឡះ អស់សេចក្តីសង្ស័យក្នុងព្រះពុទ្ធសាសនា ហើយថ្វាយខ្លួនជាឧបាសកចំពោះព្រះភក្ត្រព្រះពុទ្ធអង្គ ។
ក្នុងគ្រានោះ ព្រះសារីបុត្រអង្គុយបក់ផ្លិតថ្វាយ នៅខាងក្រោយព្រះបរមសាស្តា បានស្តាប់ព្រះធម្មទេសនា ដែលសម្តែងឲ្យទីឃនខអគ្គិវេស្សនៈនោះ ក៏ពិចារណាតាមខ្សែព្រះធម៌ទៅ ចិត្តបានរួចផុតចាកអាសវៈ មិនមានឧបាទាន ដល់ទីបំផុតនៃសាវកបារមីញាណ ដូចបុគ្គលបរិភោគអាហារ ដែលគេដួសសម្រាប់អ្នកដទៃដូច្នោះ។ សាន សារិន
ចែករំលែកព័តមាននេះ