តើមានអ្វីដែលធ្វើឲ្យលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) ខុសប្លែកពីអ្នកដទៃ? យោងទៅតាមកូនប្រុសរបស់លោក គឺ ភីធើ បាហ្វេត (Peter Buffett) បានឲ្យដឹងថាចំណុចនោះ គឺការដែលលោក បាហ្វេត ស្រលាញ់ការងាររបស់លោកណាស់ ។

លោក ភីធើ បានសរសេរក្នុងសៀវភៅ Life Is What You Make It របស់លោកដែលបានចេញផ្សាយកាលពីឆ្នាំ ២០១០ ថាមេរៀនដ៏សំខាន់មួយដែលឪពុករបស់លោកបានបង្រៀនដល់លោក គឺក្រមសីលធម៌ការងារ ។
លោកបានសរសេរថា «សម្រាប់ឪពុករបស់ខ្ញុំ និងខ្ញុំក្នុងពេលបច្ចុប្បន្ននេះ ក្រមសីលធម៌ការងារដែលល្អចាប់ផ្តើមជាមួយនឹងការស្វែងយល់ខ្លួនឯង ការស្វែងយល់ពីអ្វីដែលអ្នកចូលចិត្តធ្វើ ដែលធ្វើឲ្យការងារ មិនថាវាពិបាកខ្លាំងប៉ុនណាទេ នឹងក្លាយជាការងារដែលសប្បាយធ្វើ» ។
ពេលដែលលោក ភីធើ នៅវ័យក្មេង ឪពុករបស់លោកភាគច្រើនធ្វើការនៅផ្ទះ និងចំណាយរាប់ម៉ោងក្នុងបន្ទប់ធ្វើការរបស់លោក ។ ហើយនៅពេលដែលឪពុករបស់លោកដើរចេញពីបន្ទប់ធ្វើការ ឪពុកលោកតែងតែមានអារម្មណ៍ស្ងប់ ។
លោក ភីធើ គិតថាការខិតខំប្រឹងប្រែងបំពេញការងារបានផ្តល់ជាអារម្មណ៍សប្បាយរីករាយដល់ឪពុករបស់លោក ដែលធ្វើឲ្យលោកប្រទះឃើញថា ការងារគួរតែមានការទាមទារខ្ពស់ ហើយការងារគួរតែធ្វើឲ្យអ្នកបំពេញវាសប្បាយចិត្ត ។
លោកមហាសេដ្ឋី បាហ្វេត ជាមនុស្សដែលតែងតែនិយាយម្តងហើយម្តងទៀតថាមនុស្សគួរតែធ្វើអ្វីតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។ លោកបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយ CNBC កាលពីឆ្នាំ ២០១២ ថា «ខ្ញុំសំណាងណាស់ដែលរកឃើញអ្វីដែលខ្ញុំចូលចិត្តធ្វើពេលដែលខ្ញុំអាយុ ៧ទៅ ៨ឆ្នាំ ។ អ្នកមិនអាចធានាថាអ្នកអាចរកវាឃើញនៅការងារដំបូងរបស់អ្នកទេ ។ ប៉ុន្តែខ្ញុំតែងតែនិយាយប្រាប់និស្សិតថា ពួកគេគួរតែជ្រើសរើសការងារដែលពួកគេនៅតែជ្រើសរើសប្រសិនបើពួកគេមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយ» ។
លោក ភីធើ បានបន្តបកស្រាយដែរថា មនុស្សមួយចំនួនយល់ច្រឡំរវាងសីលធម៌ការងារ និងសីលធម៌ទ្រព្យសម្បត្តិ ព្រោះអ្វីដែលពួកគេគោរពពិតប្រាកដមិនមែនការខិតខំប្រឹងប្រែងធ្វើការទេ តែគឺប្រាក់ចំណូលច្រើនៗដែលការខិតខំប្រឹងប្រែងធ្វើការអាចនាំយកមកឲ្យពួកគេ ។
ប៉ុន្តែលោកបាននិយាយថាការគិតដូច្នេះ គឺមិនល្អទេព្រោះរង្វាន់តែងតែអាចបាត់បង់ទៅគ្រប់ពេល ឧទាហរណ៍ដូចជាពេលមានវិបត្តិសេដ្ឋកិច្ចជាដើម ឬកត្តាទីផ្សារដែលមនុស្សមិនអាចគ្រប់គ្រងបាន ៕
(យោងតាមប្រភពពី www.cnbc.com )
ចែករំលែកព័តមាននេះ