បន្ទាប់ពីមានការចែករំលែកពីអ្នកស្រី គីម ខាដាសសៀន (Kim Kardashian) ដែលជាតារាដ៏ល្បីនៅសហរដ្ឋអាមេររិកលើ Twitter កាលពីថ្ងៃទី១២ ខែមីនាកន្លងមកនេះ មនុស្សជាច្រើនបានងាកមកចាប់អារម្មណ៍សៀវភៅមួយក្បាលក្រោមចំណងជើងថា «ទីបញ្ចប់នៃពិភពលោក» ការទស្សន៍ទាយ និងទំនាយពីទីបញ្ចប់នៃពិភពលោក ដែលត្រូវបាននិពន្ធដោយគ្រូទាយមួយរូបឈ្មោះថា ស៊ីលវៀ ប្រោន (Sylvia Browne) និងត្រូវបានបោះពុម្ភផ្សាយកាលពីឆ្នាំ ២០០៨ ។
យោងទៅតាមសៀវភៅខាងលើបានបង្ហាញឲ្យឃើញថា ក្នុងកំឡុងឆ្នាំ ២០២០ នឹងមានជំងឺសួតធ្ងន់ធ្ងរមួយដែលនឹងត្រូវបានរាតត្បាតជុំវិញពិភពលោក វាយប្រហារសួត និងទងសួត ព្រមទាំងអាចទ្រាំទ្រនឹងរាល់ការព្យាបាលដែលមានស្រាប់ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងជំងឺនេះទៅទៀត គឺវានៅសុខៗបាត់ទៅវិញលឿនដូចពេលវាមកដល់ដែរ បន្ទាប់មកវានឹងកើតឡើងម្តងទៀតក្នុងរយៈពេល១០ឆ្នាំក្រោយមកមុននឹងត្រូវបានកម្ចាត់ទាំងស្រុង ។
យោងទៅតាមសារព័ត៌មាន Vice News បានឲ្យដឹងថា អ្នកស្រី ប្រោន សរសេរថា លើពិភពលោកមានជំងឺជាច្រើនដូចជាអ្នកនយោបាយដែលមិនល្អ និងព័ត៌មានថ្មីៗដែលមានជារៀងររាល់ថ្ងៃមិនឈប់ឈរ ។
អ្នកស្រី ប្រោន បានទទួលមរណភាពនៅឆ្នាំ ២០១៣ ដោយមានទ្រព្យសម្បត្តិរាប់លានដុល្លារនៅ រដ្ឋ California ។ អ្នកស្រីបានសរសេរសៀវភៅបានច្រើនជាង៤០ក្បាលទៅទៀត និងឧស្សាហ៍ឡើងទូរទស្សន៍ និងវិទ្យុដើម្បីចែករំលែកពីថាមពលរបស់អ្នកស្រី ។ ពេលដែលអ្នកស្រីបោះពុម្ភសៀវភៅខាងលើ ពេលនេះអ្នកស្រីយកថ្លៃប្រមាណ ៧៥០ដុល្លារសម្រាប់ការទស្សន៍ទាយប្រមាណពី ២០ទៅ ៣០នាទីឯណោះ ។
ទោះជាទំនាយរបស់អ្នកស្រីពីជម្ងឺសួតដែលមានលក្ខណៈដូចជាកូវីដ១៩ កើតមានឡើងពិតមែនក្តី ទំនាយផ្សេងៗរបស់អ្នកស្រីមានភាពស្រពេចស្រពិលណាស់ ហើយវាមានតែគួរឲ្យភ្ញាក់ផ្អើលទៅវិញទេប្រសិនបើវាកើតមានឡើងពិតមែន ។
ទំនាយដទៃរបស់អ្នកស្រីរួមមានដូចជា ជំងឺផ្តាសាយតូចនឹងត្រូវបានកម្ចាត់ទាំងស្រុងនៅឆ្នាំ ២០១០ ហើយការពិការភ្នែក និងត្រចៀកក៏នឹងមិនមានទៀតដែរនៅឆ្នាំ ២០២០ ។ លើសពីនេះទៅទៀត អ្នកស្រីទស្សន៍ទាយថាអ្នកវិទ្យាសាស្ត្រនឹងរកឃើញថ្នាំព្យាបាលសម្រាប់ជម្ងឺមហារីកផងដែររ ៕ (យោងតាមប្រភពពី vice )
ចែករំលែកព័តមាននេះ