ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកស្តាយ​ការ​បាត់បង់​អ្នក​ចម្រៀង​​មានឈ្មោះ​ល្បី​នា​ទស​វត្ស​៥០ និង​៦០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ «​រាត្រី​ដែល​បាន​ជួប​ភក្ត្រ​» ដែល​ជា​ស្នា​ព្រ​ហ​ស្ថ​ដ៏​ល្បីល្បាញ​របស់​សម្តេច​តា លោកស្រី កែវ សេដ្ឋា បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ «​រាត្រី​ដែល​បាន​ជួប​ភក្ត្រ​» ដែល​ជា​ស្នា​ព្រ​ហ​ស្ថ​ដ៏​ល្បីល្បាញ​របស់​សម្តេច​តា លោកស្រី កែវ សេដ្ឋា បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ ក្នុង​ជន្មាយុ​៨៤​ឆ្នាំ នៅ​គេហដ្ឋាន​លោកស្រី​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោកស្រី​បាន​ជំនះ​នូវ​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ទឹកនោមផ្អែម​, រលាក​ទងសួត​,​និង​លើសឈាម​ជាដើម​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ជូនដំណឹង​ពី​ក្រុមព្រះ​សុរិយា​បាន​ឲ្យ​ដឹង​ថា លោកស្រី កែវ សេដ្ឋា សិល្ប​ការិនី​រៀមច្បង​ដែល​មានឈ្មោះ​ល្បីល្បាញ​នា​ទស​វត្ស​៥០​និង​៦០ បាន​ទទួលមរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ ក្នុង​ជន្មាយុ​៨៤​ឆ្នាំ ដោយ​ជរាពាធ នៅ​គេហដ្ឋាន​កូនស្រី​លោកស្រី​នា​រាជធានី​ភ្នំពេញ​។

បើ​តាម​ក្រុមព្រះ​សុរិយា​បានឱ្យ​ដឹង​ថា ការ​បាត់បង់​លោកស្រី កែវ សេដ្ឋា នា​ពេល​នេះ​ប្រៀប​ដូច​បាត់បង់​នូវ​ធនធាន​ដ៏​កម្រ ដែល​លោកស្រី​បាន​កសាង​ស្នាដៃ និង​តស៊ូ​គ្រប់យ៉ាង ដើម្បី​សិល្បៈ​ជាតិ​យើង​តាំងពី​លោកស្រី​ដឹងក្តី រហូត​ដល់​ថ្ងៃ​លាចាក​លោក​នេះ​។

ចម្រៀង​ជា​ច្រើន​បទ​របស់​លោកស្រី​នៅ​តែ​មានជីវិត​ដល់​សព្វថ្ងៃ​ក្នុង​ក្រអៅបេះដូង​របស់​មហាជន​ខ្មែរ​ដូច​ជា​បទ រាត្រី​ដែល​បាន​ជួប​ភក្ត្រ , បទ ទ្រូង​អនាថា , បទ ទីវាល​សត្វ​យំ , បទ សង្ឃឹម​ជា​និច្ច , បទ សារិកា , បទ ទឹកភ្នែក​សូ​យ៉ា ជាដើម​។ ក្រៅពី​ជា​អ្នកចម្រៀង​ដ៏​ល្បី នៃ​ជំនាន់​ទី​១ នៃ​ការ​កកើត​វិស័យ​ចម្រៀង​ខ្មែរ លោកស្រី​ជា​សិល្ប​ការិនី​ល្ខោនបាសាក់ យីកេ និង​របាំ​ប្រពៃណី​ផង​ដែរ។

គួរ​រំលឹក​ថា លោកស្រី កែវ សេដ្ឋា កើត​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​១៩៣៦ នៅ​ទីក្រុង​ភ្នំពេញ​។ លោកស្រី គឺជា​អ្នកចម្រៀង​នារី​របស់​កម្ពុជា​មុនគេ​បង្អស់ តាំងពី​ទស្សវត្សរ៍​៥០​មក​ម្ល៉េះ ពោល​គឺ​មុន​អ្នកស្រី រស់ សេរី​សុទ្ធា​, ប៉ែន រ៉​ន​, ឈុ​នវ​ណ្ណា និង​អ្នកស្រី ម៉ៅ​សា​រ៉េ​ត ទៅ​ទៀត ។

គួរ​រំលឹក​ទៀត​ថា រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ គេ​មិន​បានលឺ​សំឡេង​របស់​លោកស្រី​ទាល់តែ​សោះ ដោយសារ​គ្រប់​គ្នា​យល់​ថា ប្រហែលជា​បាត់បង់​ជីវិត​ទៅ​ហើយ ក្នុង​របរ​ខ្មែរក្រហម​។ តែ​យ៉ាងណា លោកស្រី​មិន​ដូច​អ្វី​ដែល​គ្រប់​គ្នា​យល់​ឃើញ​នោះ​ឡើយ ពោល​គឺ​លោកស្រី​នៅ​មាន​ជីវិត និង​សម្ងំ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ដោយ​ភាព​ខ្វះខាត ខណៈ​វ័យ​កាន់តែ​ជរា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ