រាជធានីភ្នំពេញ ៖ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានរៀល ជូនចំពោះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិ ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ សូមចូលរួមជាកម្លាំងផ្នែកមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ការ និងព្យាបាលជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព និងសុខភាពប្រជាជនកម្ពុជា ។
លោក សូនី បន្តថា «ក្រៅពីការរួមចំណែកជាថវិកាជាមួយរដ្ឋាភិបាល ប្រាសាក់ ក៏បានដាក់ចេញជាវិធានការជាបន្ទាន់ និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលិក និងអតិថិជន ដោយបានអនុវត្តវិធានផ្នែកអនាម័យល្អ និងសុវត្ថិភាព ដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់មុននឹងចូលក្នុងអគារ ប្រាសាក់ ការលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុលលាងដៃ ការពាក់ម៉ាស់ ការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទង និងការសម្អាតការិយាល័យជាប្រចាំ» ។
ប្រាសាក់ ក៏បានផ្សព្វផ្សាយពីវិធីបង្ការកូវីដ-១៩ តាមប័ណ្ណផ្សាយ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ផលិតវីដេអូខ្លីដែលផ្សាយតាម ទំព័រហ្វេសប៊ុកប្រាសាក់ និងផលិតឯកសារអប់រំក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ផ្សេងទៀតជូនដល់បុគ្គលិក និងអតិថិជនទាំងអស់ ដើម្បីបញ្ជ្រាបការយល់ដឹងនិងចូលរួមប្រយុទ្ធនឹងការចម្លងជំងឺដ៏កាចសាហាវនេះ ។
លើសពីនេះ ប្រាសាក់ ក៏បានលើកទឹកចិត្តឱ្យអតិថិជន និងសាធារណជនងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលវិញ ក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក-ភ្លើង ស្គេនទូទាត់តាម QR កូដ តាមរយៈកម្មវិធីសេវាធនាគារចល័ត ប្រាសាក់ និងសេវាទូទាត់ឆ្លងធនាគារតាមកម្មវិធីបាគងនៅលើទូរស័ព្ទដៃ ដើម្បីចៀសវាងការប្រើប្រាស់សាច់ប្រាក់ដែលមិនចាំបាច់ ដែលអាចមានជាប់បាក់តេរី និងវីរុស ជាយថាហេតុ ។
លោកបន្តថា «ក្នុងពេលវេលាដ៏លំបាកនេះ តាងនាមថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ប្រាសាក់ ខ្ញុំបាទសូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា ។
សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ និងក្រុមគ្រួសារ ។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ និងរក្សាបានសុវត្ថិភាពខ្ពស់ទាំងអស់គ្នា!» ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ