ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងទំនើង១ក្រុម ត្រូវបាននគរបាលខេត្ត ចាប់ឃាត់ខ្លួន បន្ទាប់ពីសាលាផ្អាកការរៀនសូត្រ ស្រាប់តែពួកគេមិនជួយធ្វើការងារឪពុកម្តាយ បែរជានាំគ្នាទៅជិះម៉ូតូបង្ហោះបង្កភាពអនាធិយ្យ និងគ្រោះថ្នាក់ដល់ខ្លួនឯង ព្រមទាំងអ្នកដទៃ ហើយក៏ត្រូវចាប់ឃាត់ខ្លួនយកទៅអប់រំតែម្តង កាលពីម៉ោង៤និង២៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ចំណែកការជិះម៉ូតូបង្ហោះនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា លុះពួកគេថតបង្ហោះហ្វេសប៊ុក ក៏ត្រូវនគរបាលស្រាវជ្រាវចាប់តែម្តង ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ គិត ធីរ៉ា ស្នងការរងនគរបាលខេត្ត ដឹកនាំកម្លាំងនគរបាលចេញល្បាត និងបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ ដែលបង្កអសន្តិសុខ និងអនាធិបតេយ្យដល់សង្គម ។
ប្រភពដដែលបន្តទៀតថា ការចុះបង្ក្រាបនេះ នគរបាលបានដកហូតបានម៉ូតូ២គ្រឿង ដោយឃាត់ខ្លួនក្រុមយុវជនចំនួន៥នាក់ ដូចជា ៖ ១. ឈ្មោះ ស៊ិន សុវណ្ណធា អាយុ១៥ឆ្នាំ ២. ឈ្មោះ ផៃ រក្សា អាយុ១៦ឆ្នាំ ៣. ឈ្មោះ ទី ប្រុស អាយុ១៦ឆ្នាំ ៤. ឈ្មោះ ទឹក ឌៀរ ភេទប្រុស អាយុ១៦ឆ្នាំ និង៥. ឈ្មោះ វ៉ន វិច្ឆិកា អាយុ១៦ឆ្នាំ ពួកគេជាសិស្សវិទ្យាល័យ ។
ប្រភពដដែលបន្តថា ករណីបង្ហោះម៉ូតូខាងលើនេះ ក្រោយពីការសួរនាំកម្លាំងផ្នែកព្រហ្ម ទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើកិច្ចសន្យាឱ្យរាងចាល ដោយអប់រំណែនាំ រួចឱ្យអាណាព្យាបាលធានាយកទៅផ្ទះវិញ ឈប់ប្រព្រឹត្តបែបនេះតទៀត ។
ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ពួកគេទាំងនោះជាក្មេងគេចសាលារៀន ទោះបីជាថ្ងៃរៀនសូត្រ ក៏មិនចូលរៀនដែរ គឺយកតែប្រាក់ម៉ែឪទៅចាយបំផ្លាញឥតប្រយោជន៍ ហើយកុហកថា យកទៅរៀនគួរជាដើម ។
ជួនកាល ពួកគេទាំងនោះ រំខានមិត្តភក្តិ និងអុកឡុកអ្នករៀនសូត្រ ហើយល្បួងនាំមិត្តភក្តិដទៃទៀតឱ្យគេចសាលាដូចខ្លួនឯងដែរ ។ ប្រជាពលរដ្ឋក៏សំនូមពរឱ្យឪពុកម្តាយទាំងអស់ ត្រូវតាមដានសកម្មភាព និងការសិក្សារបស់កូនៗខ្លួនជាប្រចាំ ដើម្បីកុំបណ្តែតបណ្តោយឱ្យហួសពេលផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ