សហជីព​ស្នើ​ឱ្យ​ផ្អាក​ដំណើរការ​ផលិត​តាម​រោងចក្រ ដើម្បី​សុវត្ថិភាព​កម្មករ


រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​វីរុស​កូ​វី​ដ​-១៩ កាន់តែ​រាលដាល​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​ចំនួន ៤៧​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២០​ខែមីនា ឆ្នាំ ២០២០ បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​បាន​អនុញ្ញាត​ឱ្យ​បុគ្គល​មន្ត្រីរាជការ​បម្រើ ការងារ​ពី​ផ្ទះ​មក​វិញ ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​បន្ត​ទៀត ។ ដោយឡែក​សម្រាប់​កម្មករ កម្មការិនី នៅ​តាម​រោងចក្រ​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​ផ្អាក​ការងារ​មួយ​រយៈ​ផង​ដែរ ក្នុង​កាលៈទេសៈ នេះ ។

បើ​តាម​លោក អាត់ ធន់ ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​ដំ ណា​ក់​កាល​នេះ វា​ពិតជា​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ណាស់ ព្រោះ​ថាបើ​បិទ ឬ​ផ្អាក​ការងារ កម្មករ​នឹង​បាត់បង់​ចំណូល ក៏​ប៉ុន្តែ​បើសិនជា​បន្តការងារ​ក្នុង​ពេល​ជំងឺ​កូ​វី​ដ កំពុង​រាលដាល បែប​នេះ វា​រឹតតែ​គ្រោះថ្នាក់​ដល់​កម្មករ ក្នុង​ករណី មានការ​ចម្លង​ទៅ​កាន់​សហគមន៍​កម្ពុជា បន្ត​ទៀត ។ លោក​បន្ត​ថា​៖ «​ពេល​នេះ​គួរតែ​ផ្អាក​ការងារ​មួយ​រយៈ​សិន បើសិនជា​កម្ពុជា មិន​អាច​ទប់ ស្កាត់​ការ​ឆ្លង​រាលដាល​នេះ​ទៅ​កាន់​សហគមន៍​បាន​នោះ​ទេ ពីព្រោះ ពេល​នេះ​បណ្ដា សាលារៀន​នានា ក៏​បាន​បិទ​ទូ​ទាំង​ប្រទេស ហើយ​កម្មករ កម្មការិនី ក៏​ប្រឈម​ធ្ងន់ធ្ងរ​ពី ហានិភ័យ​នៃ​ការ​ឆ្លង​» ។

លោក​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​ក៏​បាន​បើក​កិច្ចប្រជុំ​មួយ​រវាង​តំណាង សហជីព​តាម​បណ្ដា​រោងចក្រ ហើយ​ពួក​គេ​ក៏​យល់ព្រម​ឱ្យ​មានការ​ផ្អាក​មួយ​រយៈ ដើម្បី​ការ ពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នេះ ដោយឡែក​បើ​តាម​ការ​ស្ទាបស្ទង់​ពី​ទឹកចិត្ត​ភាគី​ថៅកែ​រោង ចក្រ​ក៏​ដូច​គ្នា​ដែរ ពួក​គេ​ពិតជា​ចង់ឱ្យ​ផ្អាក​សិន តែ​ត្រូវ​រង់ចាំ​មើល​ចំណាត់ ការ​របស់រ​ដ្ឋា ភិ​បាល​ជា​មុន​សិន ។

លោក ប៉ាវ ស៊ី​ណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលៈទេសៈ​ដែល​ជំងឺ​នេះ​កាន់តែ​រាលដាល គួរតែ​ផ្អាក​ការងារ​របស់​កម្មករ​មួយ​រយៈ​សិន និង​ក្នុង​ពេល​ដែល​អ្នកបញ្ជា​ទិញ​នៅ​ក្រៅប្រទេស​ក៏​បាន​ស្នើ​ឱ្យ​ផ្អាក​ការ​ដឹក​ជញ្ជូន​ជា​បណ្ដោះអាសន្ន​ដែរ ដូច្នេះ​បើ​ផលិត​បាន​ច្រើន​ក៏​មិន​មាន​អ្នកទិញ​ដែរ​ក្នុង​កាលៈទេសៈ​នេះ ព្រោះ ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក កំពុង​ជួប​បញ្ហា​ពី​ជំងឺ​កូ​វី​ដ​-១៩ នេះ​ដែរ ។ លោក​បន្ត​ទៀត​ថា បើសិនជា​មានការ​ផ្អាក​ការងារ​នោះ ភាគី​ថៅកែ​គ៏​គួរតែ​ផ្ដល់​ប្រាក់​កម្រៃ ដល់​ពួក​គាត់​មួយ​ចំនួន ដើម្បី​ទុក​ដោះស្រាយ​ជីវភាព​ក្នុង​ពេល​ព្យួរការងារ​នេះ​ដែរ ព្រោះ រឿង​នេះ​គ្មាន​នរណា​ចង់ឱ្យ​វា​កើត​ទេ តែ​វា​បាន​កើតឡើង​ទៅ​ហើយ ដូច្នេះ​ត្រូវ​រួម​គ្នា​ដោះ ស្រាយ ។ ដោយឡែក​ភាគី ធនាគារ​ក៏​ដូច​ជា​មីក្រូហិរញ្ញវត្ថុ​ក៏​គួរតែ​មានការ​យោគយល់​ផង​ដែរ​ចំពោះ​កម្មករ កម្មការិនី ដែល​ពួក​គេ​ជំពាក់ ដោយ​ពន្យារពេល​សង​ត្រឡប់ ឬ​បន្ធូរបន្ថយ​នូវ​ការ​បង់ប្រាក់​ទៅ​វិញ​ក្នុង កម្រិត​ណាមួយ​ផង​ដែរ ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសា សន៍ថា មានតែអ្នកបញ្ជាទិញមួយចំនួនទេ ស្នើឱ្យផ្អាកការផ្គត់ផ្គង់ តែមិនមែនទាំងស្រុង ឡើង ហើយក៏អាស្រ័យទៅតាមប្រទេស ឬតំបន់ដែរ ។ ប្រទេសផ្សេងទៀតនៅតែមានតម្រូវ ការទំនិញដដែល ដូច្នេះហើយរោងចក្រត្រូវតែបន្តសកម្មភាពផលិត រហូតដល់មានបទ បញ្ជាណាមួយដែលចេញពីរាជរដ្ឋាភិបាល ។ លោកបន្តថា៖‍ «ក្នុងពេលកម្មករ កម្មការិនី បំពេញការងារ យើងក៏បានចាត់វិធានការការពារបន្ថែមផងដែរ ដើម្បីទប់ទប់នឹងការឆ្លង ទៅកាន់កម្មករ កម្មការិនី ដែលបំពេញការងារក្នុងរោងចក្រ» ។

ដោយឡែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន មានប្រសាសន៍ថា បើនិយាយពីនៅប្រទេសវៀតណាម ប្រទេសកូរ៉េ ក្នុងពេលមានវិបត្តិជំងឺ នេះ អ្នកធ្វើការរោងចក្រត្រូវបានចាត់ទុកថា ជាអ្នកមានសុវត្ថភាពបំផុត ព្រោះគាត់ធ្វើការតែ ជាមួយមិត្តភក្ដិ សហការីរបស់គាត់ ដោយគាត់មិនបានជួបជាមួយអ្នកប្លែកឡើយ ។ ដូច្នេះ ហានិភ័យនៃការឆ្លងទៅកាន់អ្នកទាំងអស់នោះ គឺមានតិចខ្លាំងណាស់ ។

លោក​បន្ត​ថា ប្រទេស​ដែល​មាន​វិបត្តិ​លើ​ជំងឺ​នេះ​គេ​បិទ​កន្លែង កម្សាន្ត សាលារៀន បិទ​រោង កុន និង​ភោជនីយដ្ឋាន តែ​មិន​បិទ​រោងចក្រ​ឡើយ ព្រោះ​រោងចក្រ​មិន​បាន​បម្រើ​សេវាកម្ម ទៅ​សាធារណជន​នោះ​ឡើយ ដូច្នេះ​ហើយ​វា​អត់​មាន​អ្នក​ក្រៅ​ណា​មក​ចម្លងជំងឺ​ដល់​ពួ​កាំ គាត់​នោះ​ទេ ។ ហើយ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា​ក្រុម​វេជ្ជសាស្ត្រ​ក៏ បាន​វាយតម្លៃ​ថា តំបន់​ដែល​មាន​សុវត្ថិ នៅ​រក្សា​សកម្មភាព​ដដែល ហើយ​តំបន់​ណា​ដែល មិន​មាន​សុវត្ថិភាព ដូច​ជា​កន្លែង​ណា​ដែល​ត្រូវ​ជួប​ជាមួយ​មនុស្ស​ប្លែក​ៗ គឺ​ត្រូវ​បិទ ចំពោះ រោងចក្រ​សូម​បញ្ជាក់​ថា ពួក​គាត់​ធ្វើ​ជាមួយ​តែ​មនុស្ស​ដដែល​ៗ​នោះ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ