ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធានការ​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​ដែល​បាន និង​កំពុង​អនុវត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដុល្លា​រូប​នី​យ​កម្ម​មាន​វត្ត​មាននៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ មក ដោយសារ​កត្តា​ចម្បង​ពីរ គឺ​ការ​បាត់បង់​ជំនឿ​ទុកចិត្ត​ទៅ​លើ​រូបិយ​វត្ថុ​ជាតិ និង​លំហូរ​ចូល​នៃ​រូបិយប័ណ្ណ​បរទេស​ក្នុង​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​នាំ​ចេញ វិនិយោគ​ផ្ទាល់​បរទេស…

រាជធានី​ភ្នំពេញ ៖ ដុល្លា​រូប​នី​យ​កម្ម​មាន​វត្ត​មាននៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ មក ដោយសារ​កត្តា​ចម្បង​ពីរ គឺ​ការ​បាត់បង់​ជំនឿ​ទុកចិត្ត​ទៅ​លើ​រូបិយ​វត្ថុ​ជាតិ និង​លំហូរ​ចូល​នៃ​រូបិយប័ណ្ណ​បរទេស​ក្នុង​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​នាំ​ចេញ វិនិយោគ​ផ្ទាល់​បរទេស ជំនួយ​បរទេស ទេសចរណ៍ និង​រូបិយប័ណ្ណ​ដែល​បង្វែរ​ដោយ​វិស័យ​ឯកជន​នានា ជា​ពិសេស​ចំណូល​ពី​កម្មករនិយោជិត​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​។ ការណ៍​នេះ បាន​ធ្វើ​ឱ្យ​កម្រិត​ដុល្លា​រូប​នី​យ​កម្ម​នៅ​កម្ពុជា កើន​ឡើងជា​លំដាប់​ពី​ប្រមាណ ៦០% នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ មក​ប្រមាណ ៨០% ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០ និង​បាន​រក្សា​ក្នុង​កម្រិត​នេះ​រហូត​ដល់​បច្ចុប្បន្ន​។

ទោះ​យ៉ាងណា ការ​ប្រើប្រាស់​ប្រាក់​រៀល​មិន​បាន​ថមថយ​ទេ​។ ជាក់ស្តែង រូបិយ​វត្ថុ​ក្នុង​ចរាចរណ៍​បាន​កើនឡើង​ពី ១៩០ ប៊ី​លាន​រៀល​នៅ​ចុងឆ្នាំ ១៩៩៣ ដល់ ៥០៩ ប៊ី​លាន​រៀល​នៅ​ចុងឆ្នាំ ១៩៩៨ (​ស្មើនឹង​កំណើន ២,៧​ដង​)​។ ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ​នេះ រូបិយ​វត្ថុ​ក្នុង​ចរាចរណ៍​បាន​កើនឡើង ២៥,៥ ដង ដល់ ១៣ ទ្រី​លាន​រៀល​នៅ​ចុងឆ្នាំ ២០១៩​។ ការ​កើនឡើង​នេះ​បណ្ដាល​មក​ពី​កត្ដា​មួយ​ចំនួន​ដូច​ជា សន្តិភាព ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​រូបិយ​វត្ថុ​ជាតិ និង​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​របស់​រាជរ​ដា្ឋ​ភិ​បាល​និង​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក​។

វិធានការ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ដើម្បី​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​រួម​មាន​៖

១- វិធានការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
-​ ​ការ​កំណត់​និង​ទូទាត់​ប្រាក់បៀវត្សរ៍​របស់​មន្ត្រីរាជការ​ជា​ប្រាក់​រៀល
-​ ​ចាប់តាំងពី​ឆ្នាំ ២០០០ មក ការ​បង់ថ្លៃ​ប្រើប្រាស់​ទឹក ភ្លើង និង​កាតព្វកិច្ច​ពន្ធដារ ត្រូវ​បាន​តម្រូវ​ឱ្យធ្វើ​ឡើងជា​ប្រាក់​រៀល
-​ ​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ការ​បើកប្រាក់​បៀវត្សរ៍​របស់​មន្ត្រីរាជការ​ជា​សាច់ប្រាក់ ត្រូវ​បាន​ជំនួស​ដោយ​ការ​ប្រើប្រាស់​គណនី​ធនាគារ​វិញ និង
-​ ​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​តម្រូវ​ឱ្យ​គណនី​មួយ​ភាគ​ធំ​របស់​រាជរដ្ឋាភិបាល​ប្រមូលផ្តុំ​នៅ​ក្នុង​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​មូលនិធិ​ខ្លះ​ត្រូវ​បាន​ប្តូរ​ជា​ប្រាក់​រៀល ស្រប​តាម​ច្បាប់​កំណត់​។

២- វិធានការ​របស់​ក្រសួងពាណិជ្ជកម្ម
-​ ​ចាប់ពី​ឆ្នាំ ២០១៣ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​ប្រកាស​ចំពោះ​ពាណិជ្ជករ និង​អាជីវករ​ទាំងអស់ ឱ្យ​កំណត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​របស់​ខ្លួន​ជា​ប្រាក់​រៀល​។

៣- វិធានការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា
-​ ​ការ​រក្សា​ស្ថិរភាព​ថ្លៃ​និង​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​សាធារណជន​មក​លើ​ប្រាក់​រៀល
-​ ​ការ​កំណត់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ក្នុង​កម្រិត​ខុស​គ្នា​រវាង​ប្រាក់​រៀល​និង​រូបិយប័ណ្ណ (​ប្រាក់​បញ្ញើ​ជា​រៀល ៨% ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​និង​កម្ចី​អ​និវាសជន ១២,៥%) ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​អាច​ផ្តល់​ឥណទាន​ជា​រៀល​បាន​ច្រើន
-​ ​ការ​ចេញផ្សាយ​មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCDs) និង​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា (LPCO) ដើម្បី​បង្កើត​ឧបករណ៍​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ជា​ប្រាក់​រៀល

-​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​អន​ឡាញ (online trading plateform) ដើម្បី​សម្រួល​ដល់​ការ​ទិញ​-​លក់ NCDs ក៏​ដូច​ជា​ការ​ចូលរួម​ក្នុង​ប្រតិបត្តិការ LPCO របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ
-​ ​ការ​កំណត់​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល​យ៉ាងតិច ១០% នៃ​សំពៀត​ឥណទាន​សរុប ឱ្យ​បាន​ពេញលេញ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​គោលបំណង​លើកកម្ពស់​ប្រតិបត្តិការ​ជា​រូបិយ​វត្ថុ​ជាតិ​ក្នុង​ប្រព័ន្ធ​ធនាគារ
-​ ​ការ​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​មានការ​បោះផ្សាយ​នូវ​សញ្ញាប័ណ្ណ​ចារឹក​ជា​ប្រាក់​រៀល​ដោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ
-​ ​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស ដែល​អាច​ធ្វើការ​ទូទាត់​និង​ទទួល​បាន​មូលនិធិ​ភ្លាម​ៗ​ជា​ប្រាក់​រៀល ក្នុង​គោលដៅ​ជំរុញ​សេវា​ទូទាត់​ជា​ប្រាក់​រៀល​កាន់តែ​ទូលំទូលាយ
-​ ​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ Cambodian Shared Switch ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​កាន់​ប័ណ្ណ ATM នៃ​គ្រឹះស្ថាន​ធនាគារ​ឬ​ហិរញ្ញវត្ថុ​មួយ អាច​ដក​ប្រាក់​នៅ​គ្រឹះស្ថាន​ដទៃ​ទៀត​បាន ដែល​ជា​ផ្នែក​មួយ​រួមចំណែក​បង្កើន​ភាព​អាច​ទទួល​បាន​នៃ​ប្រាក់​រៀល​នៅ​គ្រប់​ទីកន្លែង​។

-​ ​ការ​ផ្តួចផ្តើម​គម្រោង​បាគង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ទូទាត់​និង​បង្កើន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជា​ពិសេស​នៅ​តំបន់​ជនបទ ដែល​ប្រជាជន​ជា​ច្រើន​នៅ​ទីនោះ​ពុំ​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ហើយ​ជា​តំបន់​ដែល​មានការ​និយម​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន
-​ ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ធនាគារកណ្តាល​ថៃ​ដើម្បី​បង្កើត​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​ដោយ​ប្រើ QR កូដ​។ ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ទូទាត់​កាន់តែ​មាន​ភាព​ងាយស្រួល សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា​ក្នុង​ការ​ទិញ​ទំនិញ និង​បង់ថ្លៃ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​ប្រាក់​រៀល ដែល​ការណ៍​នេះ​នឹង​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​ជាង​មុន

-​ ​ការ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​បញ្ចូល​មុខ​វិជ្ជា​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ទូទៅ​សំដៅ​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បណ្តុះ​ក្តី​ស្រឡាញ់​ចំពោះ​រូបិយ​វត្ថុ​ជាតិ​ក្នុង​ចំណោម​សិស្សានុសិស្ស
-​ ​ការ​លើកកម្ពស់​ការ​យល់​ដឹង​សារៈសំខាន់​របស់​ប្រាក់​រៀល​នៅ​ក្នុង​សេដ្ឋកិច្ច​និង​សង្គម​តាម​រយៈ​បណ្តាញសារព័ត៌មាន​និង​បណ្តាញ​សង្គម​នានា
-​ ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ប្រាក់​រៀល និង​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​សាធារណជន​ឱ្យ​កាន់តែ​ស្រលាញ់​និង​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុងស្រុក
-​ ​ការ​ពង្រឹងគុណភាព​និង​សោភ័ណ​ភាព​ក្រដាសប្រាក់​រៀល តាម​រយៈ​ការ​ប្តូរ​ជំនួស​ក្រដាសប្រាក់​ចាស់ ទក់ និង​រហែក ដោយ​ក្រដាសប្រាក់​ថ្មី
-​ ​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​ដើម្បី​បង្ហាញ​សាធារណជន​ពី​ប្រវត្តិ​និង​តួនាទី​របស់​ប្រព័ន្ធ​ធនាគារ​និង​រូបិយ​វត្ថុ​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​។ អត្ថបទ​សហការ

សូម​ចុច Link ខាងក្រោម​នេះ​សម្រាប់​ការ​មើល​វី​ដេ​អូ ៖