ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​​បាន​ទេ! អតីត​តារា​កំប្លែង​នាង​ឃ្មឹប ជីវិតបច្ចុប្បន្ន​នេះ​យ៉ាងណា​ហើយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង​អ្នក​នាង​ឃ្មឹ​ប បាន​ទទួល​អំណោយ​ប្រចាំខែ​ពី​សមាគម​សិល្ប​ករ​ខ្មែរ​ទាំង​រូបរាង​ស្រអាប់​ពណ៌ និង​ថែម​ទាំង​របួស​ដៃ ។ ស្ថានភាព​ជីវិត​របស់​នាង​នា​ពេល​បច្ចុប្បន្ន​គេ​ហាក់​ពុំ​បានដឹង​ច្បាស់លាស់​ទេ ។ តាម​រយៈ​រូបភាព​ដែល​លោក​ហេង ឡុ​ង…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង​អ្នក​នាង​ឃ្មឹ​ប បាន​ទទួល​អំណោយ​ប្រចាំខែ​ពី​សមាគម​សិល្ប​ករ​ខ្មែរ​ទាំង​រូបរាង​ស្រអាប់​ពណ៌ និង​ថែម​ទាំង​របួស​ដៃ ។ ស្ថានភាព​ជីវិត​របស់​នាង​នា​ពេល​បច្ចុប្បន្ន​គេ​ហាក់​ពុំ​បានដឹង​ច្បាស់លាស់​ទេ ។

តាម​រយៈ​រូបភាព​ដែល​លោក​ហេង ឡុ​ង ប្រធាន​ក្រុមប្រឹក្សា​ពិ​បាល​សមាគម​សិល្បករ​ខ្មែរ​បាន​បង្ហោះ​ការ​ពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ បាន​បង្ហាញ​ថា អ្នក​នាង​ឃ្មឹ​ប បាន​ប្រែ​រូបរាង​ស្ទើរ​មើល​មិន​ស្គាល់ ជាមួយ​សម្បុរ​ខ្មៅ​ស្រអាប់ ស្លេកស្លាំង រួម​ទាំង​មាន​របួស​ដៃ​ខាងឆ្វេង ។ យ៉ាងណា​លោក​ហេង ឡុ​ង មិន​បាន​អធិប្បាយ​អ្វី​ច្រើន​ពី​នាង​ឡើយ គ្រាន់តែ​ផ្តល់​ដំណឹង​ពី​ការ​ទទួល​អំណោយ​ប្រចាំខែ​ដែល​ត្រូវ​ឧបត្ថម្ភ​ដល់​អ្នកសិល្បៈ​ដែល​កំពុង​ជួប​ការ​ខ្វះខាត និង​មាន​ជំងឺ ដែល​សកម្មភាព​នេះ​សមាគម​សិល្បករ​ខ្មែរ​តែងតែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​។

យ៉ាងណា​ក៏​ដោយ​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​ស្ថានភាព​នៃ​ជីវភាព​រស់នៅ​របស់​អ្នក​នាង​ឃ្មឹ​ប នា​ពេល​នេះ​មាន​សភាព​បែប​ណា​ឡើយ ខណៈ​ពេល​ដែល​កោះសន្តិភាព​មិន​ទាន់​សុំ​ការ​ទាក់ទង​សួរ​ព័ត៌មាន​ពី​លោក​ហេង ឡុ​ង បាន​ឡើយ ។ ចំណែក​អតីត​ស្វាមី​របស់​នាង​ឃ្មឹ​ប គឺ​លោក ហុងដា បាន​ឆ្លើយ​តប​ថា​ក៏​មិនដឹង​រឿង​នាង​ដែរ ។

ក្រោយ​បាត់​មុខ​ពី​ឆាក​សម្ដែង​មួយ​រយៈ​វែង​ក្រោយ​បែកបាក់​ពី​នាយ​ហុងដា មក អ្នក​នាង​ឃ្មឹ​ប ត្រូវ​នាយ​កុយ ហៅ​ចូល​លេង​កំប្លែង​ជា​ថ្មី​ឡើង​វិញ ប៉ុន្តែ​បាន​តែ​មួយ​រយៈ​ខ្លី​នាង​ក៏​បាត់​មុខជា​ថ្មី ក្រោយ​នាទី​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍​ត្រូវ​គេ​កាត់​បន្ថយ និង​បិទ​ចោល​មួយ​រយៈ ។ ចាប់ពី​ពេល​នោះ​មក នាង​ឃ្មឹ​ប ក៏​មិន​បាន​ចេញ​មុខ និង​បាត់​ដំណឹង​សូន្យ​តែ​ម្តង ដោយ​ពុំ​មាន​អ្នកសិល្បៈ​ច្រើន​បានដឹង​ពី​ស្ថានភាព​រស់នៅ​របស់​នាង​ឡើយ បើ​ទោះបីជា​ការ​សម្តែង​កំប្លែង​របស់​ក្រុម​នាយ កុយ បាន​ចាប់ផ្តើម​វិញ​ក្នុង​កម្មវិធី សោភ័ណ​តន្ត្រី ដែល​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយទូរទស្សន៍​CTN នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ អ្នក​នាង​ឃ្មឹ​ប ធ្លាប់​បាន​ចេញ​បកស្រាយ​ពី​រឿង​គ្រប់​យ៉ាង​ដែល​មហាជន មានការ​យល់​ច្រឡំ និង​ចោទ​នាង​ជា​ស្រី​រត់​ចោល​ស្វាមី ទៅ​យក​អ្នកមាន រស់នៅ​សោយសុខ នៅ​ទឹកដី​អា​មេ​រិ​ក ហើយ​ថែម​ទាំង​ថា​ឲ្យ​នាង មិន​ចេះ​ប្រដៅ​កូន ឲ្យ​ជក់​ថ្នាំ​ញៀន និង​សម្លាប់​ម្តាយចុង ។ អ្នក​នាង​ឃ្មឹ​ប បាន​បកស្រាយ​ថា តាម​ពិត​ក្រោយ​លែងលះ​គ្នា​ជាមួយ​នាយ​ហុង ដា នាង​បាន​ទៅ​រស់នៅ ខេត្តបន្ទាយមានជ័យ ដោយ​ធ្វើការ​ស៊ី​ឈ្មួ​ល​គេ ហើយ​ការ​លែងលះ​គ្នា​នេះ គឺ​មាន​ហេតុផល មិនមែន​នាង​ផិត​ប្តី ដូច​គេ​ចោទប្រកាន់​នោះ​ទេ ។ នាង​អះអាង​ថា ពេល​រស់នៅ​ជាមួយនឹង​លោក​ហុង ដា គឺ​ជីវិត​មិន​ចុះសម្រុង​គ្នា លេងល្បែង និង​មាន​ស្រី ទើប​ធ្វើ​ឲ្យ​នាង​អស់ចិត្ត ។

អ្នក​នាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប ដើម​ឡើយ​គឺជា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ និង​ជាតា​រា​កំប្លែង​ល្បីឈ្មោះ​មួយ​រូប​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ ប៉ុន្តែ​ក្រោយ​បែក​គ្នា​ជាមួយ​នាង​ហុងដា អំឡុង​ឆ្នាំ​២០១០ ដោយ​សារ​នាង​មាន​អ្នក​ថ្មី​នោះ ឆាកជីវិត​នាង​ផ្លាស់​ប្ដូរ​ទាំងស្រុង បន្ទាប់​ពី​គូស្នេហ៍​ថ្មី​បាន​បោះបង់​នាង​ចោល ។ ក្រោយ​អស់​បង្គោល​ជីវភាព​នាង​ឃ្មឹ​ប បាន​ចាប់ផ្ដើម​ដុនដាប និង​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​ញៀន​ថ្នាំ​ថែម​ទៀត​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ