រាជធានីភ្នំពេញ ៖ មុននេះបន្តិចផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះព័ត៌មានស្តីពីករណីអនុប្រធានការិយាល័យម្នាក់បម្រើការងារនៅក្រសួងទេសចរណ៍ បើកបរក្នុងស្ថានភាពស្រវឹងទៅបុកសមត្ថកិច្ច បណ្តាលឲ្យរងរបួស ដោយមិនលើកទេត្រូវបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមច្បាប់ជាធរមាន ។ គួររំលឹកថា មិនដឹងប្រញាប់ទៅណា បុកស្នងការរង២នាក់ រួចបុកមន្ត្រីសមត្ថកិច្ចម្នាក់ទៀត
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖
លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការឯកភាពយល់ព្រមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កដែលបេីកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងឈ្មោះ ឆាយ គឹមហួង ដែលបេីកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ស្ថិតក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលេីមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទាទោសចាប់ពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី២លាន ដល់១០លានរៀល ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅពេលដែលក្រុមការងារត្រួតពិនិត្យរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅក្នុងទឹកដីខណ្ឌដូនពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ដឹកនាំប្រជុំជួរដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ស្រាប់តែមានរថយន្តម៉ាក Highlander មួយគ្រឿង ស្លាកលេខ ភ្នំពេញ ២BD-៩៨៦៧ បានបេីកបរក្នុងស្ថានភាពស្រវឹងខ្លាំងដោយឈ្មោះ ឆាយ គឹមហួង បានបេីកបុកសមត្ថកិច្ចកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលអោយរងរបួសធ្ងន់១នាក់ និងរបួសស្រាល២នាក់ នៅលេីមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ខណ្ឌដូនពេញ ។
ទោះបីជាយ៉ាងណាក្តី រង់ចាំតាមដានបន្តទៅទៀត នៅដំណាក់ស្ថាប័នអយ្យការជនជាប់សង្ស័យត្រូវបានចោទប្រកាន់ពីបទអ្វី ដើម្បីដាក់ជូនទៅខាងចៅក្រមសើបសួរសម្រេច ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ