ក្រៅពីមានសមាសភាពជាវិនិយោគិនដ៏ជោគជ័យ និងមហាសេដ្ឋីមួយរូបហើយ លោក វ៉ារេន បាហ្វេត (Warren Buffett) ជាអ្នកមានចំណេះដឹង និងបទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងផ្នែកអាជីវកម្មផងដែរដែលជាហេតុធ្វើឲ្យលោកក្លាយជាប្រភពមួយដ៏ល្អសម្រាប់ដំបូន្មានទូទៅ ។
បន្ទាប់ពីធ្វើការសម្រេចចិត្តខុសអស់ជាច្រើនដងទាំងក្នុងជីវិត និងក្នុងក្រុមហ៊ុនរបស់លោក លោកបាហ្វេត បានចែករំលែកមកថាលោកបានប្រទះឃើញរឿងសំខាន់មួយ គឺភាពខុសគ្នារវាងអាជីវករដែលជោគជ័យ និងអាជីវករដែលតែងតែខិតខំអស់ពីសមត្ថភាព តែមិនជោគជ័យដូចអ្នកដទៃ ។
លោក បាហ្វេត បានទិញភាគហ៊ុនមួយចំនួនក្នុងក្រុមហ៊ុន Berkshire ដែលជាក្រុមហ៊ុនវាយនភ័ណ្ឌ មុនពេលវាដួលរលំ ប៉ុន្តែក៏សម្រេចចិត្តចង់លក់វាចេញ ។ ប៉ុន្តែពេលនោះ លោកបានធ្លាក់ក្នុងជម្លោះមួយជាមួយនឹងអគ្គនាយកក្រុមហ៊ុនដែលបានបង្ខំឲ្យលោកទិញក្រុមហ៊ុនទាំងមូលដើម្បីដេញអគ្គនាយកនោះពីក្រុមហ៊ុន ។
ជាលទ្ធផល លោកបានធ្លាក់ខ្លួនក្នុងអាជីវកម្មមួយដែលលោកមិនមានបទពិសោធន៍ច្រើន ។ យ៉ាងណាក្តីលោកមិនបានបោះបង់ចោលក្រុមហ៊ុននេះទេ និងបានព្យាយាមដឹកនាំវាអស់ប្រមាណ ២០ឆ្នាំ ។ ពេលនោះលោកបានឲ្យលោក ខេន ឆាស (Ken Chace) ធ្វើជាប្រធានក្រុមហ៊ុន ។ ប៉ុន្តែនៅចុងឆ្នាំ ១៩៨៥ លោក បាហ្វេត បានប្តូរវិស័យរបស់ក្រុមហ៊ុនទាំងស្រុងឲ្យចេញពីវាយនភ័ណ្ឌវិញ ។
ជាច្រើនឆ្នាំកន្លងមក លោក បាហ្វេត នៅតែកោតសរសើរលោក ឆាស ថាជាអ្នកដឹកនាំដ៏ល្អមួយរូប និងជាមនុស្សដែលខិតខំប្រឹងប្រែងក្នុងការងារថែមទៀតផង ។ ប៉ុន្តែលោកបានបន្តថា ប្រសិនបើអ្នកចង់ជោគ ជ័យ អ្នកត្រូវតែនៅក្នុងវិស័យមួយដែលកត្តាផ្សេងៗដូចជាក្តតាទីផ្សារ និន្នាការ និងសេដ្ឋកិច្ចកំពុងតែជំរុញឲ្យវាបន្តលូតលាស់ទៅមុខ មិនមែនឲ្យវាដួលរលំដូចវាយនភ័ណ្ឌក្នុងសហរដ្ឋអាមេរិកទេ ។
មានអាជីវករជាច្រើនជួបប្រទះនឹងបញ្ហានេះ ។ ពួកគេចង់ជោគជ័យ ប៉ុន្តែពួកគេជ្រើសយកវិស័យខុស ។ លោកបាននិយាយក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១០ ថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍ពីផ្នែកអាជីវកម្ម គឺវាមិនដូចការប្រកួតកីឡាអូឡាំពិចទេ ។ អ្នកមិនទទួលបានពិន្ធុបន្ថែមព្រោះតែអ្វីដែលអ្នកធ្វើមានភាពពិបាកទេ» ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ