រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២០នេះ វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលរំពឹងថាការផ្ដល់ឥណទានទៅកាន់ប្រជាពលរដ្ឋនឹងមានការថមថយជាងឆ្នាំ ២០១៩ ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ក៏គ្រោងនឹងរឹតបន្តឹងបន្ថែមទៅលើការផ្ដល់ឥណទាននេះដែរ ដោយសារតែកម្ពុជា និងពិភពលោកទាំងមូលបានជួបនូវបញ្ហាដែលបង្កឡើងដោយវីរុសកូរ៉ូណា ។
យោងតាមប្រសាសន៍ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ បានអោយដឹងថាសម្រាប់ឆ្នាំ ២០២០នេះ ដូចដែលមហាជនបានដឹងហើយថាពិភពលោកកំពុងជួបនូវបញ្ហាធំគឺជំងឺបង្កដោយឡើងវីរុសកូរ៉ូណា ក្នុងនោះកម្ពុជាក៏រងផលប៉ះពាល់ដោយសារបញ្ហានេះដែរ ជាក់ស្ដែងដូចបានឃើញស្រាប់ ថ្វីត្បិតតែប្រទេសកម្ពុជាមិនមានករណី ជំងឺនេះក្ដី ក៏កម្ពុជាបានរងផលប៉ះពាល់ពីការបិទរោងចក្រមួយចំនួនធំនៅប្រទេសចិន ដោយសារតែការផ្ទុះនិងការរីករាលដាលនៃវីរុសកូរ៉ូណា ឬហៅថា COVID-19 ។ លោកបានថា « កម្ពុជាបានពឹងផ្អែកទៅលើវិស័យឧស្សាហកម្មកាត់ដែរ ហើយនៅពេលដែលខ្សែចង្វាក់ផលិតកម្មក្នុងវិស័យនេះមិនមានវត្ថុធាតុដើមដើម្បីផលិត ពីព្រោះតែវត្ថុធាតុដើមប្រមាណ៦០ភាគរយយកពីប្រទេសចិន ធ្វើអោយបណ្ដារោងចក្រមួយចំនួននៅកម្ពុជាក៏ប្រឈមនឹងការបិទឬក៏ផ្អាកដំណើរការមួយរយៈដែរ » ។
លោកបានបញ្ជាក់បន្ថែមថា «ក្នុងដំណាក់កាលនេះ មីក្រូហិរញ្ញវត្ថុក៏ត្រូវតែប្រយ័ត្នប្រយែងក្នុងការផ្ដល់ឥណទានទៅកាន់អតិថិជន ព្រោះមិនចង់ឲ្យអតិថិជនជាប់បំណុលវ័ណ្ឌកកាន់តែច្រើន ដោយសារតែមិនដឹងយកឥណទានទៅធ្វើអ្វី ។ កន្លងមកវិស័យមីក្រូហិរញ្ញវត្ថុ បានផ្ដោតទៅលើវិស័យសហគ្រាសខ្នាតតូច និងមធ្យម និងវិស័យកសិកម្ម តែសម្រាប់ការផ្ដល់កម្ចីទៅកាន់កម្មករ-កម្មការិនី មិនមានច្រើនទេ គឺមានតាមរយៈការផ្ដល់ឥណទានផ្ទាល់ខ្លួនដូចជាការទិញ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនជាដើម ។ តាមរយៈការរឹតបន្តឹងទៅលើកម្ចីបែបនេះ ការផ្ដល់ឥណទានទៅអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុរំពឹងថាមិនមានច្រើនដូចឆ្នាំ ២០១៩កន្លងទៅនោះទេ» ។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ បានបន្តថា « យ៉ាងណាក្ដីបើសិនជាវិស័យសេដ្ឋកិច្ចជាតិ មានការផ្លាស់ប្តូរ វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុក៏មានការផ្លាស់ប្តូរដែរ ក្នុងន័យនេះ បើសិនជាវិស័យសេដ្ឋកិច្ចដើរលឿន វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុក៏ដើរលឿនដូចគ្នាដែរ » ។លោកបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ ការទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចជាតិ មិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ ពោលប្រទេសក្នុងតំបន់អាស៊ាន ដូចជាប្រទេសសិង្ហបុរី និងប្រទេសផ្សេងទៀតក៏បានទំលាក់ការព្យាករណ៍នូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែរ ។
យោងតាមរបាយការណ៍កន្លងមករបស់ធនាគារជាតិនៃកម្ពុជាបានអោយដឹងថាវិស័យហិរញ្ញវត្ថុ បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មក៏មានតួនាទីសំខាន់ដែរ ។ គិតពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៩ ការផ្ដល់ឥណទានទៅប្រជាពលរដ្ឋក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាមានចំនួន ១២៨ទ្រីលានរៀល ទៅដល់ប្រជាពលរដ្ឋចំនួន ជិត៣លាននាក់ ខណៈអ្នកចំនួនប្រាក់បញ្ញើពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៩ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ១១៨ទ្រីលានរៀល ក្នុងនោះអ្នកដាក់ប្រាក់បញ្ញើមានចំនួនជាង៧លាននាក់ ។
គួរបញ្ជាក់ថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាលពីដើមឆ្នាំថា កម្ពុជាបានព្យាករន៍ថា កំណើនសេដ្ឋកិច្ចអាចនឹងសម្រេច៦,៥ភាគរយ តែរហូតមកដល់ពេលប្រហែលជាមិនអាចទៅរួចទេ ដូច្នេះវាអាចត្រឹមរង្វង់៦ភាគរយ ដោយសារតែឥទ្ធិពលរបស់វីរុសកូរ៉ូណា ក៏ដូចជាបញ្ហានៃការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ ហៅកាត់ថា EBA ។ យ៉ាងណាមិញការទំលាក់ការព្យាករណ៍នេះ មិនមែនតែកម្ពុជានោះទេ គឺស្ទើរតែគ្រប់ប្រទេសក្នុងតំបន់និងពិភពលោក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ