ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​រឹបអូស​គ្រឿងចក្រ​៣​កំពុង​​ឈូស​ឆាយ យក​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​មន្ត្រី នៃ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹ​ត្ត​សភា និង អធិការកិច្ច​ខេត្ត បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ឈូស​ឆាយ​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​មន្ត្រី នៃ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹ​ត្ត​សភា និង អធិការកិច្ច​ខេត្ត បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ឈូស​ឆាយ​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់ នៅ​ចំណុច «​ទំនាប​ចាន​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​តា​ប៉ុន ស្រុក​សង្កែ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​ថែម​ទាំង​រឹបអូស​គ្រឿងចក្រ​ចំនួន​៣​គ្រឿង​ផង ក្នុង​នោះ​ចំនួន​២​គ្រឿង ត្រូវ​គេ​អះអាង​ថា ជា​របស់​កូនប្រុស​លោកស្រី​មេឃុំ​តា​ប៉ុន នេះ​តែ​ម្ដង​។

យោង​តាម​របាយការណ៍​របស់​កម្លាំង​ចម្រុះ​នេះ​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​រុករាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់ហាមឃាត់​(​តំបន់​៣)​ខាងលើ​នេះ កម្លាំង​ជម្រុះ​បាន​រឹបអូស​យក​គ្រឿងចក្រ​៣​គ្រឿង ដែល​ជនល្មើស​កំពុង​ឈូស​ឆាយ​ព្រៃ​លិច​ទឹក កាយ​ប្រឡាយ​ធ្វើ​ព្រំ​វាទ​យក​ដី​នៅ​តំបន់​នោះ ជា​តំបន់ហាមឃាត់​ដោយ​ព្រះរាជ​ក្រិ​ត្យ​។ គ្រឿងចក្រ​ទាំងនោះ មាន​គ្រឿងចក្រ​អេ​ស្កា​ទ័​រ​ចំនួន​២​គ្រឿង ដែល​មាន​ម្ចាស់​ឈ្មោះ ប៉ង់ វណ្ណៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង ត្រូវជា​កូន​របស់​លោកស្រី សឿ​ម យា​ប់ មេឃុំ​តា​ប៉ុន នេះ​តែ​ម្ដង និង​ត្រាក់ទ័រ​១​គ្រឿង​ទៀត​ជា​របស់​ឈ្មោះ មេ សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

មន្ត្រី​ជំនាញ​បាន​និយាយ​ថា ជន​ទាំង​២​នាក់​បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ខាងលើ​នេះ រាប់​សិប​ហិច​តា ដើម្បី​វាទ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ថែម​ទាំង​បាន​ស៊ី​ឈ្នូ​ល​ឈូស​ឆាយដី​ព្រៃ​តំបន់​នោះ​ឲ្យ​ជន​ដទៃ​ទៀត​ផង​ដែរ​។ បើ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា គ្រឿងចក្រ​ទាំងនោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មេឃុំ​តា​ប៉ុន នេះ​ផ្ទាល់​តែ​ម្ដង​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កោះសន្តិភាព មិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​គ្រឿងចក្រ​ទាំងនេះ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ព្រោះ​ពួក​គេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សួរនាំ​នៅ​កន្លែង​សមត្ថកិច្ច​។ ដោយឡែក​លោកស្រី សឿ​ម យា​ប់ មេឃុំ​តា​ប៉ុន បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ដោយ​បដិសេធ​យ៉ាង​ដូច្នេះ​ថា «​គ្រឿងចក្រ​អេ​ស្ក​ទ័​រ​នោះ មិនមែន​ជា​របស់ខ្ញុំ​ទេ តែ​ជា​របស់​កូនប្រុស​ខ្ញុំ​។ ខ្ញុំ​មាន​ឯកសារ​ត្រឹមត្រូវ​.! រីឯ​ត្រាក់ទ័រ​វិញ គឺជា​របស់​មណ្ឌល​កុមារ​កំព្រា ដែល​គេ​ជួល​ទៅ​កាយ​ប្រឡាយ​ទឹក​សម្រាប់​ស្រោច​ស្រប​ស្រូវប្រាំង​នៅ​តំបន់​នោះ​»​។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ