រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ឌុច លីដា បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បន្ទាប់ពីនាងត្រូវបានគេសង្ស័យថា បានសម្ងំសម្រាលកូនម្នាក់ ក្រោយពេលនេះតារារូបនេះបានបាត់មុខពីសិល្បៈមួយរយៈ។
ភាពភ្ញាក់ផ្អើល និងការសង្ស័យនេះបានកើតមានឡើង បន្ទាប់ពីគណនេយ្យហ្វេសប៊ុករបស់នាងបានបង្ហោះរូបភាពកូនក្មេង ដែលទើបសម្រាលថ្មីៗជាបន្តបន្ទាប់ ជាមួយនឹងសារភ្ជាប់ពីជម្រៅចិត្តម្តាយចំពោះកូន។

បើទោះបីជាមិនបានបញ្ជាក់ឲ្យបានច្បាស់ពី ឌុច លីដា ថា រូបភាពនេះ ជាកូនរបស់នាងពិតប្រាកដឬយ៉ាងណាក៏ដោយ? ប៉ុន្តែតាមរយៈការខំមិនពីមិត្តភក្តិ និងមហាជននៅពីក្រោមរូបភាពដែលនាងបានបង្ហោះនោះ គឺបញ្ជាក់ថា នោះគឺជាកូនរបស់នាងយ៉ាងពិតប្រាកដ។
យ៉ាងណាពួកគេបានសម្តែងការសាទរពេលបានទទួលដំណឹងថា តារារូបនេះបានសម្រាលកូនម្នាក់ ប្រកបដោយភាពស្រស់ស្អាត និងមានមុខមាត់ស្រដៀងនឹងនាង បើទោះបីជានាងមិនទាន់មានដំណឹងចូលរោងការជាមួយម្នាក់ក៏ដោយ។

ដោយឡែកជុំវិញបញ្ហានេះ តារាសម្តែងនាង ឌុច លីដា មិនបានធ្វើការឆ្លើយតបណាមួយនៅពេលដែលកោះសន្តិភាពបានសាកសួរពីបញ្ហាខាងលើនេះតាមសារអេឡិចត្រូចកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះឡើយ។
ជាការកត់សម្គាល់ កន្លងមក ឌុច លីដា ត្រូវបានគេដាក់ការសង្ស័យថា នាងបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែងលោក ណាខន បន្ទាប់ពីអ្នកទាំងពីរតែងតែបណ្តើរគ្នាជាញឹកញាប់ពេលចូលរួមកម្មវិធីផ្សេងៗ។ យ៉ាងណាកន្លងមក ទាំងលោក ណាខន និង ឌុច លីដា ធ្លាប់បានលើកឡើងថា ពួកគេទាំងពីរពិតជាមានចំណងទាក់ទងគ្នាពិសេសមែន តែមិនក្នុងន័យស្នេហាទេ គឺក្នុងនាមជាបងប្អូន មិត្តភក្ដិសិល្បៈ ប៉ុណ្ណោះ ។

ចំពោះការដើរតាមគ្នាស្អិតនោះ ដោយសារតែមានការស្រឡាញ់ចូលចិត្តពី ហ្វេនៗ ដែលចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតៗ។ ទោះជាយ៉ាងណាក៏ដោយឌុច លីដា មិនបានច្រានចោលការលើកឡើងនោះឡើយ គ្រាន់តែយល់ថា ស្នេហាកើតឡើងដោយសារតែការយល់ចិត្តគ្នា ។
នាងបន្តថា «បើមើលទៅលើគុណសម្បត្តិរបស់លោកណា ខុន គឺល្អច្រើន សង្ហារ ហើយកំពុងក្លាយជាតារាលេចធ្លោក្នុងពិភពសម្តែង ។ នាងមិនបដិសេធនោះទេ តែសុំមិនទាន់គិតអ្វីច្រើនជាងមិត្តរួមការងារ។

ដោយឡែក ឌុច លីដា ក៏ធ្លាប់បានពើបប្រទះនូវព័ត៌មានពីចំណងស្នេហ៍ជាមួយកូនថៅកែហាងពេជ្រមួយរូបផង ដែលបុរសរូបនោះតែងតាមនាងស្អិត រហូតមានការប្រចណ្ឌមិនឲ្យនាងសម្តែងក្នុងឈុតអោបថើបនោះផងដែរ។ ប៉ុន្តែបញ្ហានេះ ឌុច លីដា ក៏បានចេញមកបដិសេធដូចគ្នា ខណៈពេលដែលនាងនៅតែប្រកាន់ជំហរថា គ្មាននរណាម្នាក់អាចហាមឃាត់រូបនាងមិនឲ្យប្រឡូកក្នុងសិល្បៈក្នុងអំឡុងពេលនេះឡើយ។
ប្រសិនបើករណី ឌុច លីដា ពិតជាសម្រាលបានកូនម្នាក់ជារឿងពិតមែននោះ នាងគឺជាតារាមួយដួងទៀត ក្នុងចំណោមតារាមួយចំនួនទៀត ដែលបានលួចសម្ងំសម្រាលកូនទាំងមិនទាន់មានដំណឹងរៀបការ៕







ចែករំលែកព័តមាននេះ