យោងទៅតាម CDC អាមេរិកបានឲ្យដឹងថា ជំងឺបេះដូងគឺជាដើមហេតុនាំឲ្យមនុស្សបុរសស្រីស្លាប់ច្រើនជាងគេក្នុងសហរដ្ឋអាមេរិក ដោយមានមនុស្សម្នាក់បានបាត់បង់ជីវិតដោយសារតែបញ្ហាបេះដូងជារៀងរាល់ ៣៧វិនាទី។
តើនរណាខ្លះដែលប្រឈមនឹងជំងឺបេះដូងទៅ?

មានកត្តាច្រើនណាស់ដែលធ្វើឲ្យមនុស្សមួយចំនួនប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងដូចជា ៖
១-ភេទប្រុស
២- អាយុច្រើន
៣- គ្រួសារមានប្រវត្តិកើតជំងឺបេះដូង
៤- កំពុងតែរ៉ាំងរដូវ
៥- កំពុងតែជក់បារី
៦- លើសកូឡេស្តេរ៉ុលក្នុងឈាម
៧-លើសសម្ពាធឈាម
៨- មិនសូវ ឬគ្មានសកម្មភាពរាងកាយ
៩- ធាត់ជ្រុល
១០- លើសជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រងបាន
១១- ស្ត្រេស បាក់ទឹកចិត្ត ឬខឹង
១២- របបអាហារមិនល្អ
១៣- ញ៉ាំគ្រឿងស្រវឹងច្រើនពេក
តើអ្វីទៅដែលធ្វើឲ្យកើតជំងឺគាំងបេះដូងលើមនុស្សវ័យក្មេង?
បញ្ហាបេះដូង ជាពិសេសគាំងបេះដូងច្រើនតែជាប់ទាក់ទងនឹងមនុស្សវ័យចំណាស់។ យើងក៏ឃើញថា មនុស្សអាយុកាន់តែច្រើនគឺជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូង ដែលវាអាចនាំឲ្យកើតជំងឺគាំងបេះដូងបានទៀត។ យ៉ាងណាមិញ អត្រានៃការកើតជំងឺគាំងបេះដូងលើមនុស្សវ័យក្មេងក៏កើនឡើងដែរ។ យោងទៅតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សអាយុក្រោម ៤០ឆ្នាំ មានការប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូងជាងមុន។ ខាងក្រោមនេះគឺជាមូលហេតុដែលនាំឲ្យមានបញ្ហាសុខភាពមួយនេះ៖
១-ជំងឺទឹកនោមផ្អែមប្រភេទទី២ ៖ យោងទៅតាមអ្នកជំនាញខាងជំងឺបេះដូងបានឲ្យដឹងថា ការកើនឡើងចំនួនជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាកត្តាប្រឈមនឹងជំងឺគាំងបេះដូងដ៏ធំបំផុតលើមនុស្សវ័យក្មេង។ ជំងឺទឹកនោមផ្អែមប្រភេទទី២បង្កឡើងនៅពេលដែលកោសិកាក្នុងរាងកាយទៅជារ៉េស៊ីស្តង់នឹងអាំងស៊ុយលីន ហើយក៏មិនអាចបឺតស្រូប និងប្រើប្រាស់អាំងស៊ុយលីនដើម្បីចាប់ជាតិស្ករចេញពីសរសៃឈាមចូលទៅក្នុងកោសិកាបានដែរ។
២-ធាត់ជ្រុល ៖ ការកើនឡើងនៃភាពធាត់ជ្រុលប្រហែលជាកត្តាប្រឈមមុខមួយទៀតនៃជំងឺគាំងបេះដូងលើមនុស្សវ័យក្មេង។ ភាពធាត់ជ្រុលគឺជាកត្តាប្រឈមនឹងជំងឺតឹកនោមផ្អែមប្រភេទទី២។ វាក៏ជាសញ្ញាសម្គាល់មួយនៃការរស់នៅមិនផ្តល់សុខភាព មិនមានសកម្មភាពរាងកាយ និងរបបអាហារមិនផ្តល់សុខភាពផងដែរ។
៣-របបអាហារមិនផ្តល់សុខភាព ៖ របបអាហារមិនផ្តល់សុខភាពអាចជំរុញឲ្យប្រឈមនឹងជំងឺគាំងបេហដូងលើមនុស្សវ័យក្មេង។ របបអាហារមិនផ្តល់សុខភាពអាចនាំឲ្យធាត់ជ្រុលបាន។ វាក៏ធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមកើនឡើង និងបង្កជាការលើសសម្ពាធឈាមទៀត។ របបអាហារមិនផ្តល់សុខភាព ជាពិសេសអាហារកៃឆ្នៃច្រើនតែធ្វើឲ្យប្រឈមខ្ពស់នឹងការគាំងបេះដូង ដោយសារតែវាមានជាតិស្ករ ប្រៃ និងកាបូអ៊ីដ្រាតកៃឆ្នៃច្រើន។
៤-របៀបរស់នៅបែបស៊ីដេកៗ ៖ របៀបរស់នៅបែបស៊ីដេកៗ និងមិនមានសកម្មភាពរាងកាយ គឺជាកត្តាដ៏សំខាន់បំផុតនាំឲ្យប្រឈមខ្ពស់នឹងជំងឺរ៉ាំរ៉ៃជាច្រើន។ ការមិនមានសកម្មភាពរាងកាយគឺជាហេតុផលលេខមួយដែលនាំឲ្យធាត់។ នៅពេលអ្នកហាត់ប្រាន ចង្វាក់បេហដូងនឹងកើនឡើងជាបណ្តោះអាសន្ន ហើយក៏ចុះមកធម្មតាវិញ ដែលរឿងនេះនឹងជួយផ្តល់ភាពរឹងមាំដល់បេះដូង និងធ្វើឲ្យវាកាន់តែមានសុខភាពល្អជាងមុន (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ