ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆាបឆេះ​លើ​ខ្នងភ្នំ​បាក់​អស់​ជិត​៥​ម៉ោង មិនដឹង​មូលហេតុ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​ឆាបឆេះ​លើ​ខ្នងភ្នំ​បាក់​ក្បែរ​វត្ត​ភ្នំ​បាក់​ចាប់តាំងពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ហើយ​ភ្លើង​ឆេះ​អស់​រយៈពេល​ជិត​៥​ម៉ោង​ទើប​ពន្លត់​បាន ដោយ​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​ធុង​បាញ់ថ្នាំ​ដាក់​ទឹក…

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​ឆាបឆេះ​លើ​ខ្នងភ្នំ​បាក់​ក្បែរ​វត្ត​ភ្នំ​បាក់​ចាប់តាំងពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ហើយ​ភ្លើង​ឆេះ​អស់​រយៈពេល​ជិត​៥​ម៉ោង​ទើប​ពន្លត់​បាន ដោយ​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​ធុង​បាញ់ថ្នាំ​ដាក់​ទឹក ដើម្បី​បាញ់​ពន្លត់ភ្លើង ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​អគ្គី​ភ័យ​ឆាបឆេះ​លើ​ខ្នងភ្នំ ហើយ​ជាក់ស្តែង​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​លើ​ខ្នងភ្នំ​បាក់​នៅ​ក្បែរ​វត្ត​ភ្នំ​បាក់ ដោយ​មានការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​មន្ត្រីរាជការ​ប្រមាណ​ជាង​១០០​នាក់​បាន​ជួយ​ពន្លត់​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ពន្លត់ភ្លើង​លើ​ខ្នងភ្នំ​បាក់​ពិតជា​ជួប​ការ​លំបាក ដោយ​ចូល​ព្រៃ​មាន​បន្លា​ច្រើន​មិន​អាច​ចូល​បាន ទើប​យក​ធុង​បាញ់ថ្នាំ​ដាក់​ទឹក​ស្ពាយ​ឡើង​បាញ់​ពន្លត់​ទើប​ភ្លើង​បាន​រលត់​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ហើយ​លោក​សូម​កោត​ស​សើរ​ចំពោះ​កងកម្លាំង​ដែល​បាន​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេលវេលា ។ ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ មិន​ទាន់​ដឹង​នៅឡើយ​ទេ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​មានការ​ព្រួយបារម្ភ​ចំពោះ​គ្រោះ​អគ្គិភ័យ ព្រោះ​ក្រុង​សិរី​សោភ័ណ​មាន​ភ្នំ​ក្នុង​ទីប្រជុំ​គឺ​ទំហំ​ធំធេង​រួម​មាន​ភ្នំ​ស្វាយ​, ភ្នំ​ដូងព្រះ​, ភ្នំ​ខ្លា​កូន​, ភ្នំ​បាក់​, ភ្នំ​ជញ្ជាំង និង​ភ្នំ​កង​វ៉ា ។ កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ ត្រូវជា​ថ្ងៃ​បុណ្យមាឃបូជា ហើយ​នៅ​យប់​នោះ​អគ្គិភ័យ​បាន​ឆេះ​ភ្នំ​ចំនួន​២​កន្លែង​រួម​មាន​ភ្នំ​បាក់ និង​ភ្នំ​កង​វ៉ា គឺ​ឆេះ​ដោយសារ​​មូលហេតុ​ដុត​គម​ហោះ​ទើរ​ជាប់​ចុងឈើ​លើ​ខ្នងភ្នំ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ទាំង​កណ្តាល​យប់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​។

លោក​បាន​បញ្ជាក់​ថា នៅ​តែ​មានការ​ព្រួយបារម្ភ ខណៈ​រដូវប្រាំង​បាន​អូស​បន្លាយ​ក្លាយជា​អគ្គិភ័យ​ឆេះ​ភ្នំ​ទៀត ដោយ​រថយន្ត​ពន្លត់អគ្គីភ័យ​មិន​អាច​ឡើង​ភ្នំ​ពន្លត់​បានទេ​ គឺ​មាន​តែ​អាជ្ញាធរ​រក​ថវិកា​ទិញ​ធុង​ម៉ាស៊ីន​បាញ់ថ្នាំ​ជា​ច្រើន​ធុង​ទុកដាក់​ទឹក​សម្រាប់​ទុក​ការពារ​នៅ​ពេល​ដែល​មាន​ភ្លើង​ឆេះ​លើ​ខ្នងភ្នំ​ គឺ​ដាក់​ទឹក​ឡើង​បាញ់​ពន្លត់​ទើប​បាន​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ