ប្រទេសថៃ ៖ មនុស្សយ៉ាងតិច២៧នាក់ ក្នុងនោះមានខ្មាន់កាំភ្លើងផងបានត្រូវបាត់បង់ជីវិត ក្នុងការបាញ់ប្រហារដ៏សែនទារុណ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៃទីក្រុងកូរ៉ាត ដោយខ្មាន់កាំភ្លើងត្រូវបានប៉ូលិសបាញ់សម្លាប់ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ ជាកន្លែងដែលគេលាក់ខ្លួន។ សម្រាប់នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចាថា នោះជាអំពើមួយដែលពុំធ្លាប់មានពីមុនមកក្នុងប្រទេសលោក។

នាយករដ្ឋមន្ត្រីថៃថ្លែងថា ការបាញ់ប្រហារមានរយៈពេលដល់ទៅជិត១៧ម៉ោង។ ទាហានថៃវ័យក្មេងនោះត្រូវបាញ់សម្លាប់នាថ្ងៃទី៩ ខែកុម្ភៈ ដោយប៉ូលិស ក្រោយពីរូបគេសម្លាប់មនុស្សជាច្រើននាក់។ តុល្យការផ្លូវការអ្នកស្លាប់មានដល់២៧នាក់។ នាយករដ្ឋមន្ត្រីថៃបន្តថា ជនសង្ស័យប្រព្រឹត្តបែបនេះ ព្រោះតែបញ្ហាផ្ទាល់ខ្លួនទាក់ទិននឹងរឿងលក់ផ្ទះមួយ។

យោងតាមអ្នកនាំពាក្យរបស់ប៉ូលិសថៃថា ជនសង្ស័យទីបំផុតបានត្រូវបាញ់សម្លាប់ ដោយកងកុំម៉ង់ដូពិសេស ក្នុងប្រតិបត្តិការមួយដែលមានការចូលរួម របស់សមាជិកកងកម្លាំងសន្តិសុខជាច្រើនរយនាក់។ ប៉ូលិសម្នាក់បានត្រូវស្លាប់ក្នុងប្រតិបត្តិការនោះដែលមានរយៈពេលច្រើនម៉ោង។
គួររំលឹកថា ៖ នាយប់កើតហេតុ ខ្មាន់កាំភ្លើងថៃបង្ហោះសម្តីប៉ុន្មានឃ្លាក្នុង FACEBOOK និងរូបថតនានា ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា) ប្រភពវីដេអូ ៖ Thairath_News & Thai PBS News





ចែករំលែកព័តមាននេះ