រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញក្តីសង្ឃឹមថាតុលាការ និងផ្តល់យុត្តិធម៌ចំពោះរូបលោកលើសំណុំរឿងក្តី ដែលកំពុងដំណើរការនេះ ។ មុនចូលសវនាការជំនុំជម្រះរឿងក្ដីក្នុងសប្តាហ៍ទី៤ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ លោក កឹម សុខា បានផ្តល់សម្ភាសនៅមុខផ្ទះ ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យលោកទៅតាមនីតិវិធីច្បាប់ ទោះបីមានអ្នកខ្លះរិះគន់តុលាការ នៅស្រុកខ្មែរ គ្មានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ។
ក្នុងកិច្ចសម្ភាសន៍រយៈពេលប៉ុន្មាននាទី ទោះបីលោក កឹម សុខា លើកឡើងមិនចំឈ្មោះបុគ្គលមួយណាថា តុលាការស្រុកខ្មែរគ្មានប្រសិទ្ធភាពក៏ពិតមែន តែក្នុងន័យនេះលោកសំដៅទៅលើលោក សម រង្ស៊ី ពីព្រោះ លោក សម រង្ស៊ី តែងតែរិះគន់តុលាការស្រុកខ្មែរថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ។ លោក កឹម សុខា បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានមុនទៅកាន់តុលាការថា ចំពោះរឿងក្ដីរបស់លោកជាមួយតុលាការនាពេលកន្លងមកនេះ មិនមានភស្ដុតាងមានត្រឹមតែពាក្យសម្ដី ហើយកាលពីថ្ងៃទី០៥ កុម្ភៈនេះ ក្នុងជំនុំជម្រះរឿងក្ដីព្រះរាជអាជ្ញាលើកឡើងថា «សំម្តីហ្នឹងហើយយកមកចាប់» ។ សំម្តីរបស់លោក ដែលមានការចោទប្រកាន់ពីទោសក្បត់ជាតិ ។ អតីតប្រធានគណបក្សប្រចាំងដែលអះអាងខ្លួនប្រកាន់យកអហិង្សាបានបញ្ជាក់ថា ៖ «ខ្ញុំជឿជាក់ថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យខ្ញុំទោះបីបច្ចុប្បន្ននេះ មានអ្នកខ្លះរិះគន់ខ្ញុំថា ម៉េចក៏ដោយ បើខ្ញុំទៅតុលាការធ្វើអី បើដឹងតុលាការចឹងហើយ ។ ខ្ញុំរស់នៅក្រោមដំបូលព្រះរាជាណាចក្រកម្ពុជា ខ្ញុំត្រូវទៅបង្ហាញការពិតនៅទីនោះ (នៅតុលាការ) អាហ្នឹងវាត្រូវតែទៅបើគេសម្រេចយ៉ាងម៉េច ? ជារឿងរបស់ពួកគេ» ។
លោកបន្ដថា នាពេលកន្លងមកលោកមិនបានធ្វើអ្វីខុសឡើយ ហើយធ្វើអ្វីទៅតាមច្បាប់កម្ពុជាទៀតដូចជា ៖ បោះឆ្នោត , ដើរតាមលទ្ធិប្រជាធិតេយ្យ , អត់មានការផ្លាស់ប្ដូរអហិង្សា មិនបង្ហូរឈាមជាដើម ។ លោកសង្ឃឹមទៀតថា តុលាការនឹងយកភស្ដុតាងទាំងនេះ ដើម្បីផ្ដល់យុត្តិធម៌ឲ្យលោក ។ ជាមួយគ្នានោះដែរលោកថា តុលាការនឹងមិនធ្វើអ្វីដូចគេចោទថា ធ្វើតាមបញ្ជារបស់គណបក្សមានឥទ្ធិពល និងអ្នកមានអំណាចឡើយ ។ ការលើកឡើងនេះ ក្រោយពីមានអ្នករិះគន់ថាលោក កឹម សុខា ត្រូវរ៉ូវជាមួយ គណបក្សកាន់អំណាច និងបែកបាក់ជាមួយលោក សម រង្ស៊ី ដើម្បីលើកលែងទោសនោះលោកកឹម សុខា បានឆ្លើយយ៉ាងខ្លីថា «អាហ្នឹងជាការយល់របស់មនុស្សម្នាក់ៗ ខ្ញុំមិនអាចហាមឃាត់គេទេ អ្នកណាគេយល់ម៉េចយល់ទៅ ? គេគិតម៉េចគេគិតទៅ? »។
លោកបញ្ជាក់ថា៖ ខ្លួនខ្ញុំនៅតែប្រកាន់គោលការណ៍អហិង្សា អត់យកខ្មែរណាជាសត្រូវ ធ្វើដំណើរទៅបោះឆ្នោត អត់ទៅធ្វើបដិវត្តន៍ពណ៌ អត់ទៅបង្ហូរឈាមខ្មែរ ហើយអ្នកណាទៅបង្ហូរឈាមខ្មែរ ធ្វើបដិវត្តន៍ពណ៌ អំពើហិង្សា ជារឿងរបស់ពួកគេ លោកមិនទៅជាមួយឡើយ ។
សូមជម្រាបថា តុលាការដំណើរការលើសំណុំរឿងលោកអស់រយៈពេល៤សប្តាហ៍មកហើយ ។ ករណីនេះត្រូវប្រធានតុលាការដំបូងធ្លាប់អះអាងដំណើរ ការរឿងក្តីនេះអាចអូសបន្លាយអស់រយៈពេល៣ខែ៕
ចែករំលែកព័តមាននេះ