ខេត្តមណ្ឌលគិរី ៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្ត និងលោកលឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យចំណីអាហារនៅស្តង់តាំងពិរព័ណ៌ នៅក្រុងសែនមនោរម្យ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ជាពិសេស ចំណីអាហារ និងទំនិញហួលការបរិច្ឆទប្រើប្រាស់ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់ ។ លោកបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ មន្ត្រីជំនាញបានធ្វើតេស្តលើប្រហិត និងបន្លែជាច្រើនមុខ ដែលអាជីវករដាក់តាំងលក់លើស្តង់តាំងពិរព័ណ៌ ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់នោះទេ។
ក្រៅពីនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទៅលើទំនិញវិចខ្ចប់ស្រាប់នៅទីតាំងម៉ាត ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាលទ្ធផល ពុំមានទំនិញខូចគុណភាព និងហួសកាលបរិច្ចេទនោះឡើយ។ បន្ទាប់មក មន្ត្រីជំនាញ បានចុះត្រួតពិនិត្យតម្លៃប្រេងនៅតាមស្ថានីយ៍០២ទីតាំង នៅក្រុងសែនមនោរម្យ ដោយពិនិត្យឃើញថា ស្ថានីយបានលក់រាយត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងនឹងលក់តម្លៃទាបជាងផងដែរ។
បន្ទាប់មក មន្ត្រីជំនាញបានបន្តចុះអប់រំផ្សព្វផ្សាយ ស្តីអំពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាចំនួន២ មានដូចជាវិទ្យាល័យហ៊ុន សែន កែវសីមា និងសាលាបឋមសិក្សាអូរអាម ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញមួយចំនួនក្នុងបរិវេណសាលា ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់នោះឡើយ។
នាឱកាសនោះ មន្ត្រីកាំកុងត្រូលបានណែនាំដល់អាជីករ ដែលដាក់តាំងលក់ចំណីអាហារតាមសាលា ត្រូវរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ត្រូវចេះសំអាតអនាម័យជាប្រចាំ និងត្រូវចេះមើលអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា៖ របៀបពិនិត្យលើស្លាកសញ្ញាថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេលប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល អនាម័យនៃការប៉ះកាន់ម្ហូបអាហារ ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម និងបានចែក ខិត្តប័ណ្ណអប់រំស្តីពី«សុវត្ថិភាពចំណីអាហារ ដល់សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាផងដែរ» ៕
ចែករំលែកព័តមាននេះ