ខេត្តប៉ៃលិន ៖ បន្ទាប់ពីអាជីវករលក់ដូរនៅក្នុងផ្សារត្រី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើការតវ៉ាពីការឡើងតម្លៃតូបនិងតម្លៃផ្ទះជួលមក មកទល់វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៤ កុម្ភ: នេះ លោកស៊ុន យី អភិបាលក្រុងប៉ៃលិន ក៏បានដឹកនាំគណ:កម្មាធិការធ្វើការដោះស្រាយជូនពួកគេភ្លាមៗ នៅក្នុងសាលាក្រុងប៉ៃលិន ។
បើតាមលោកម៉ាន អាយុ៤៥ឆ្នាំ ជាអាជីវករជួលតូបលក់បន្លែ និងជួលផ្ទះក្នុងផ្សារស្នាក់នៅ បានរៀបរាប់ឱ្យដឹងថា លោកជួលផ្ទះស្នាក់នៅក្នុងផ្សារត្រីឯកជននេះតម្លៃ២០ម៉ឺនរៀល (ក្នុង១ខែ) ហើយត្រូវបង់ថ្លៃភ្លើង១គីឡូវ៉ាត់ម៉ោងតម្លៃ១៥០០រៀល, ថ្លៃទឹក១គូបអស់៣០០០រៀល ថ្លៃភាស៊ី១តូប៥០០រៀល និងថ្លៃឆត្រ១ដើម៧០០រៀល ។ លោកបន្តទៀតថា ក្រោយមកម្ចាស់ផ្សារចង់តម្លើងថ្លៃខ្ពស់ជាងនេះ ទើបពួកគាត់បាននាំគ្នាទៅតវ៉ា រហូតដល់ក្នុងបរិវេណសាលាក្រុង ដើម្បីឱ្យអាជ្ញាធរក្រុងជួយអន្តរាគមន៍ ព្រោះរាល់ថ្ងៃអាជីវករលក់ដូរនៅក្នុងផ្សារត្រី គឺលក់តែពេលព្រឹកប៉ុណ្ណោះ ដោយពេលថ្ងៃអត់មានម៉ូយ ឬអតិថិជនចូលទៅទិញនោះឡើយ ។
ដូច្នេះ បើម្ចាស់ផ្សារតម្លើងថ្លៃផ្ទះ ថ្លៃតូប ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃភាស៊ី ពួកគាត់ពិតជាមិនអាចរកប្រាក់ទៅ
បង់ជូនម្ចាស់ផ្សារនេះបានឡើយ ។ គាត់បញ្ជាក់ទៀតថា ក្នុងនាមតំណាងឱ្យអាជីវករលក់ដូរក្នុងផ្សារឯកជន (ផ្សារត្រី)ទាំងអស់ សូមអំពាវនាវឱ្យម្ចាស់ផ្សារយោគយល់ និងអធ្យាស្រ័យ ក៏សូមឱ្យអាជ្ញាធរក្រុងប៉ៃលិន ជួយដោះស្រាយជូនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
ដោយឡែក លោកអូន អាយុជាង៤០ឆ្នាំ ជាម្ចាស់ផ្សារត្រីខាងលើក៏បានឱ្យដឹងថា ខាងលោកយកថ្លៃភាស៊ីទៅតាមសៀវភៅបន្ទុក គឺតូបលក់ទំនិញគ្រប់ប្រភេទក្នុង១តូប រានលក់ទំនិញគ្រប់ប្រភេទ ត្រឹមតែ៥០០រៀល ផ្ញើកង់គ្រប់ប្រភេទ២០០រៀល ផ្ញើម៉ូតូគ្រប់ប្រភេទ៥០០រៀល ។ ចំណែកម្ចាស់ឆត្រ គេយកថ្លៃឆត្រ១តម្លៃ៣០០រៀល រថយន្តផ្ទេរទំនិញក្នុងផ្សារ១០០០រៀល ផ្ញើរថយន្តគ្រប់ប្រភេទក្នុងផ្សារ១០០០រៀល ហើយតូបឬរានដែលមានទំហំធំជាង៤ម៉ែត្រថែម១ម៉ែត្រ តម្លៃ១០០រៀល ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ក៏បានឱ្យដឹងដែរថា លោកបានដឹកនាំក្រុមគណ:កម្មាការចុះដោះស្រាយជូនហើយ គឺខាងអាជីវករសុំឱ្យម្ចាស់ផ្សារបញ្ចុះតម្លៃផ្ទះនៅសល់២២ម៉ឺនរៀល (ក្នុង១ខែ), ថ្លៃ
ភាស៊ីត្រឹម៣០០រៀល, ថ្លៃឆត្រត្រឹម៣០០រៀល ថ្លៃទឹក១គូបត្រឹម២៥០០រៀល ថ្លៃភ្លើង១គីឡូវ៉ាត់ ត្រឹម១២០០រៀល ។ លោកបន្តទៀតថា ចំណែកថ្លៃតូប គឺនៅដដែលមិនចុះថ្លៃជាងនេះ ក៏មិនតម្លើងថ្លៃដែរ គឺម្ចាស់ផ្សារត្រូវតែកំណត់ឱ្យអាជីវករបង់ដូចសព្វមួយដង ដើម្បីចៀសវាងមានបញ្ហាទៅថ្ងៃខាងមុខ ។
ចែករំលែកព័តមាននេះ