ខេត្តបាត់ដំបង ៖ មន្ត្រីអង្គភាពស៊ីម៉ាក់បានរាវរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយទៀត កាលពីវេលាវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៤ មករា នេះ ស្ថិតនៅចំណុចច្រាំងមាត់ស្ទឹងសង្កែត្រើយខាងលិចក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលនឹងត្រៀមកម្ទេចចោលនៅរសៀលថ្ងៃដដែលនេះហើយ។ នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញ ។

មន្ត្រីជំនាញនៃអង្គភាពកំចាត់មីនទី២ (CMAC-DU2) បានឱ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមាន១-ក្បាលគ្រាប់ធន់៦០ម.ម ចំនួន០២គ្រាប់, ២-ក្បាលគ្រាប់, M-៦៧ ចំនួន០១គ្រាប់ និង៣-ក្បាលគ្រាប់ M-៧៩ចំនួន១គ្រាប់ ។

មន្ត្រីស៊ីម៉ាក់បានបញ្ជាក់ថា កាកសំណល់សង្គ្រាមទាំងនេះ ត្រូវបានមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់រាវរកឃើញនៅចំណុចខាងលើ ដែលក្បាលគ្រាប់ខ្លះអាចបង្កគ្រោះថ្នាក់បំផុត ប្រសិនប៉ះពាល់ ឬចល័តទីតាំង តែពេលមន្ត្រីជំនាញកំពុងរៀបចំរក្សាទុកនៅនឹងកន្លែងដដែល ដើម្បីសុំគោលការណ៍ពីអាជ្ញាធរកំទេចចោលនៅទីនោះតែម្ដង។

សូមបញ្ជាក់ថា ការប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាម សេសសល់ក្នុងដីនៅតាមមាត់ស្ទឹងសង្កែនៅចំកណ្ដាលក្រុងបាត់ដំបង ហើយត្រូវកម្លាំងស៊ីម៉ាក់កម្ទេចចោលជាបន្តបន្ទាប់នាប៉ុន្មានលើកកន្លងមកនេះ គឺនៅពេលដែលអាជ្ញាធរខេត្ត ប្រើប្រាសគ្រឿងចក្រកាយដីមាត់ស្ទឹងសង្កែ ដើម្បីកែលំអរឱ្យមានសោភណ្ធភាព និង ដើម្បីរៀបចំទីតាំង ប្រារព្វពីធីបុណ្យទន្លេនាពេលខាងមុខនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការរុករកឃើញក្បាលគ្រាប់ខាងលើនេះ បើតាមមន្ត្រីជំនាញ អង្គភាព
ស៊ីម៉ាក់បានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញ កំពុងសុំគោលការណ៍ថ្នាក់លើ ដើម្បីដុតកម្ទេចចោលនៅនឹងកន្លែង នៅរសៀលថ្ងៃដដែលនេះហើយ។ ដូច្នេះ នេះចាត់ទុកជាដំណឹងផងដែរ ដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងជ្រាបជាព័ត៌មាន ចៀសវាងកុំឧ្យមានការភ្ញាក់ផ្អើល ៕





ចែករំលែកព័តមាននេះ