ក្នុងកំឡុងពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ មហាសេដ្ឋីជុំវិញពិភពលោកបានបង្កើនចំនួនថវិកាដែលពួកគេបរិច្ចាគឲ្យសប្បុរសធម៌ ខណៈដែលមនុស្សមួយចំនួនទៀតបានតែដាក់លុយចូលក្នុងមូលនិធិផ្ទាល់ខ្លួនដែលជារៀងរាល់ឆ្នាំចំណាយប្រមាណតែ៥% នៃទ្រព្យសម្បត្តិសរុបប៉ុណ្ណោះសម្រាប់សប្បុរសធម៌ ។ ងទៅតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ដើម្បីដឹងពីមហាសេដ្ឋីដែលជាសប្បុរសជនពិតប្រាកដ យើងត្រូវតែតាមដានថា លុយរបស់ពួកគេបានដល់ដៃប្រជាជនដែលត្រូវការ ឬនៅ ។ ហើយខាងក្រោមនេះ គឺជាមហាសេដ្ឋីដែលចូលរួមច្រើនជាងគេ ៖

១. លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett)៖
លោកមហាសេដ្ឋីរូបនេះបានបរិច្ចាគភាគហ៊ុនរបស់ Berkshire Hathaway របស់លោកដែលគិតជាលុយស្មើ ៣៤ប៊ីលានដុល្លារតាំងពីឆ្នាំ២០០៦មក ហើយភាគច្រើន គឺត្រូវបានជូនឲ្យទៅមូលនិធិ Bill & Melinda Gates Foundation ដែលជាមូលនិធិរបស់លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) និងមិត្តជិតស្និទ្ធិរបស់លោក បាហ្វេត ។ លោក បាហ្វេត ក៏បានបរិច្ចាគដើម្បីជួយដល់វិស័យអប់រំ យុត្តិធម៌ក្នុងសង្គម និងលើកស្ទួយសិទ្ធិនារីផងដែរតាមរយៈមូលនិធិរបស់កូនៗលោក ។ ក្នុងរយៈពេល៥ឆ្នាំរវាងឆ្នាំ ២០១៤ ដល់ ២០១៨ លោកបានបរិច្ចាគ ១៤.៧ប៊ីលានដុល្លារឯណោះ ។

២. លោក ប៊ីល និងលោកស្រី មេលីនដា ហ្គេតស៍ (Bill and Melinda Gates)៖
គូស្វាមីភិរយាមួយគូនេះគ្រប់គ្រងមូលនិធិសប្បុរសធម៌ឯកជនធំជាងគេលើលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៦.៨ប៊ីលានដុល្លារ ។ ពួកគេផ្តោតកម្លាំងនិងធនធានលើការដោះស្រាយភាពក្រីក្រជុំវិញពិភពលោក ការអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យសុខាភិបាល និងការអប់រំ ។ ក្នុងកំឡុងពេលពី ២០១៤ ដល់ ២០១៨ អ្នកទាំងពីរបានបរិច្ចាគ ៩.៩ប៊ីលានដុល្លារដែលស្មើ ៩% នៃទ្រព្យសម្បត្តិរួមរបស់អ្នកទាំងពីរ ។

៣. លោក ចច សូរ៉ូស (George Soros)៖
លោកមហាសេដ្ឋីរូបនេះគ្រប់គ្រងមូលនិធិ Open Society Foundations ដែលជាបណ្តាញមូលនិធិក្នុងតំបន់ និងក្នុងស្រុកច្រើនជាង ២០ មូលនិធិទៅទៀតក្នុងតំបន់អ៊ឺរ៉ុបខាតកើត និងតំបន់ដទៃទៀត ។ ពួកលោកផ្តល់ជំនួយក្នុងផ្នែកពង្រឹងសិទ្ធិបោះឆ្នោតរបស់ប្រជាជន ការធ្វើកំណែទម្រង់ភាពយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ សេរីភាពក្នុងការផ្សព្វផ្សាយ និងការផ្តួចផ្តើមក្នុងផ្នែកសិទ្ធិមនុស្សដទៃទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ