១.ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីត្រូវបានកើតឡើងក្នុងប្រទេសចិន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងលើពិភពលោក សូមលោកជួយបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃជំងឺមួយនេះ និងការចាត់វិធានការការពារ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសចិន។
ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីត្រូវបានកើតឡើងមក បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាមួយនេះ។ លោកប្រធានាធិបតីចិន Xi Jinping បានចាត់ទុកអាយុជីវិត និងសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋជាកិច្ចការចម្បង ហើយបានធ្វើការបង្ហាញពីចំណុចសំខាន់ៗ និងការបែងចែកការងារយ៉ាងគ្រប់ជ្រុងជ្រោយជាច្រើនដងច្រើនសារ។
ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២០ លោកប្រធានាធិបតីចិន Xi Jinping បានដឹកនាំកិច្ចប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមស្តាប់ពីសេចក្តីរាយការណ៍ស្តីពីការការពារ និងការគ្រប់គ្រងនៃជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីមួយនេះ ហើយបានធ្វើការសម្រេចបង្កើតក្រុមដឹកនាំការងារនៃមជ្ឈិមបក្សក្នុងការឆ្លើយតបជាមួយស្ថានភាពជំងឺវីរុស ដើម្បីពង្រឹងកិច្ចការពារ និងគ្រប់គ្រងកាន់តែគ្រប់ជ្រុងជ្រោយ។ នាថ្ងៃទី២៧ ខែមករា លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំពីកិច្ចការពារ និងគ្រប់គ្រងស្ថានភាពជំងឺវីរុសផ្លូវដង្ហើមក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន ហើយលោកក៏បានចុះសួរសុខទុក្ខ ជាមួយអ្នកដែលបានផ្ទុកមេរោគមួយនេះ និងបុគ្គលិកសកម្មផ្នែកព្យាបាលជួរមុខ។
បច្ចុប្បន្ននេះ ប្រទេសចិន បានរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ ដោយបានចាត់វិធានការយ៉ាងឆាប់រហ័សយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្ត្រក្នុងការការពារ និងគ្រប់គ្រង។ យន្តការបន្ទាន់ថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការការពាររួមគ្នា និងការគ្រប់គ្រងរួមគ្នាលើស្ថានភាពជំងឺវីរុសនេះដំណើរការប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ហើយបុគ្គលិកផ្នែកកិច្ចការវេជ្ជសាស្ត្រ និងសម្ភារវេជ្ជសាស្ត្រក្នុងប្រទេសបានបញ្ជូនទៅដល់ទីកន្លែងផ្ទាល់ និងព្រមទាំងបានចូលរួមជួយសង្គ្រោះជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន គ្រប់ផ្នែកនៃការងារត្រូវបានបង្ហាញ និងតម្លាភាព និងព្រមទាំងជំរុញយ៉ាងឆាប់រហ័សប្រកបដោយវិទ្យាសាស្ត្រ និងមានរបៀបរៀបរយ។
លោកDr Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា សកម្មភាពដែលត្រូវបានចាត់ចែងដោយចិនជាសកម្មភាពដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ជាវិធានការការពារ និងគ្រប់គ្រងយ៉ាងគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយវិធានការជាច្រើនលើសពីការទាមទារក្នុងបទបញ្ញត្តិសុខភាពអន្តរជាតិ ចិនបានប្រើសកម្មភាព ដើម្បីបង្ហាញពីសម្ទុះ កម្លាំង និងប្រសិទ្ធភាពនៃប្រទេសចិន។
បច្ចុប្បន្ននេះ កិច្ចការការពារ និងគ្រប់គ្រងស្ថានភាពជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីក្នុងប្រទេសចិន កំពុងតែជំរុញយ៉ាងគ្រប់ជ្រុងជ្រោយ ហើយកម្លាំងការពារ និងគ្រប់គ្រងត្រូវបានពង្រឹងជាបន្តបន្ទាប់ ប៉ុន្តែទម្រង់នៃស្ថានភាពជំងឺវីរុសនៅតែមានភាពស្មុគស្មាញ និងមានសភាពធ្ងន់ធ្ងរដដែល។ តាមសម្តីរបស់លោកសាស្ត្រាចារ្យ Zhong Nanshan ប្រធានក្រុមជំនាញការពារ និងគ្រប់គ្រងកម្រិតខ្ពស់ក្នុងប្រទេសចិនបានឲ្យដឹងថា ការប៉ាន់ស្មាននៃស្ថានភាពជំងឺវីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងអាចឈានដល់ចំណុចកំពូលមួយ ហើយនិងអាចទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល៧-១០ថ្ងៃ។ យើងជឿជាក់ថា ស្ថិតនៅក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្ស ដែលមានលោកប្រធានាធិបតីចិន Xi Jinping ជាស្នូល ការសាមគ្គីរួមគ្នាទាំងចិត្ត និងកម្លាំង ប្រាកដជាអាចប្រយុទ្ធប្រឆាំង ការពារ និងគ្រប់គ្រងជាមួយនឹងជំងឺវីរុសមួយនេះយ៉ាងឆាប់រហ័សប្រកបដោយភាពជោគជ័យ។
២. នាថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានពិនិត្យឃើញមានការផ្ទុកជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីមានចំនួនតែ១ករណី រហូតមកដល់នាបច្ចុប្បន្ននេះ សូមលោកជួយបង្ហាញពីការងារនៃស្ថានទូតចិនប្រចាំកម្ពុជា ដែលបានអនុវត្តក្នុងការទប់ស្កាត់ និងគ្រប់គ្រងលើស្ថានភាពនៃជំងឺវីរុសមួយនេះ។
ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះបានកើតមានឡើង ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានេះ បានធ្វើការ Post នៅក្នុង Website និងគណនីសាធារណៈ WeChat របស់ស្ថានទូតផ្ទាល់ជាច្រើនដងច្រើនសារស្តីពីការដាស់តឿនក្នុងការទប់ស្កាត់ស្ថានភាពជំងឺវីរុស និងរបៀបនៃការសុំជំនួយ ហើយក៏បានយកចិត្តទុកដាក់ជាខ្លាំងលើស្ថានភាពប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជា និងបានរក្សាការទំនាក់ទំនងជាមួយនឹងក្រសួងសុខាភិបាលកម្ពុជាយ៉ាងស្អិតរមួតផងដែរ។
នាថ្ងៃទី២៧ ខែមករា ក្រោយពីស្ថានទូតចិនបានដឹងថា មានប្រជាពលរដ្ឋចិនម្នាក់ដែលកំពុងតែកម្សាន្តទេសចរណ៍ក្នុងខេត្តព្រះសីហនុ ត្រូវបានសង្ស័យថា មានផ្ទុកនូវជំងឺវីរុសមួយនេះ ក៏បានធ្វើការរាយការណ៍ទៅកាន់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាយ៉ាងទាន់ពេលវេលា ក្រោយពីបានពិនិត្យឃើញថា គាត់មានផ្ទុកនូវជំងឺវីរុសកូរ៉ូណា ខ្ញុំក៏បានទំនាក់ទំនងជាមួយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជាតាមរយៈទូរស័ព្ទ ដោយសង្ឃឹមថា ភាគីកម្ពុជាជួយរៀបចំការសង្គ្រោះឲ្យអស់ពីកម្លាំងកាយ និងព្រមទាំងអនុវត្តកិច្ចការងារក្នុងការទប់ស្កាត់នូវជំងឺវីរុសប្រភេទនេះឲ្យបានល្អប្រសើរ។
ទន្ទឹមនឹងនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូរ៉ូណា ស្ថានទូតចិនយើងខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកភ្ញៀវទេសចរផ្សេងទៀតដែលរួមដំណើរក្នុងជើងហោះហើរតែមួយជាមួយនឹងអ្នកផ្ទុកជំងឺវីរុសមួយនេះ ហើយបានធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ ដោយបានជញ្ជូនប្រជាពលរដ្ឋចិនចំនួន៣៤នាក់ ដែលបានរួមដំណើរជាមួយអ្នកផ្ទុកជំងឺមួយនេះត្រឡប់ទៅកាន់ទីក្រុងសិនជិន ប្រទេសចិនវិញ នាថ្ងៃទី២៩ ខែមករា។ ស្ថានទូតចិនយើងខ្ញុំបានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មខេត្តហ៊ូប៉ៃប្រចាំកម្ពុជា ក្នុងការបំបែកស្នាក់អាស្រ័យនៃសមាជិកទាំង៣រូបរបស់អ្នកជំងឺ និងកិច្ចការធានាផ្សេងៗទៀត។
មន្ត្រីខាងកុងស៊ុលនៃស្ថានទូតចិនយើងខ្ញុំ តែងរក្សាការទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់អ្នកផ្ទុកជំងឺរូបនេះ ហើយបានធ្វើការរាយការណ៍ពីការស្នើសុំរបស់សាច់ញាតិនៃអ្នកជំងឺជូនទៅកាន់ភាគីកម្ពុជា។ ឆ្លងកាត់ការព្យាបាលដ៏មានប្រសិទ្ធភាពយ៉ាងទាន់ពេលវេលា បច្ចុប្បន្ននេះអ្នកជំងឺរូបនេះបានធូរស្បើយល្អប្រសើរហើយ គាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងបុគ្គលិកផ្នែកវេជ្ជសាស្ត្រដោយតាមរយៈ Video Call នៃទូរស័ព្ទដៃ ហើយសាច់ញាតិនៃអ្នកជំងឺបានថ្លែងអំណរគុណដល់កិច្ចសម្របសម្រួលរបស់ស្ថានទូតចិនដោយតាមរយៈ We Chat ជាច្រើនដងច្រើនសារ។ ខ្ញុំគិតថា សូមបញ្ជាក់ម្តងទៀតពីជំងឺមួយប្រភេទនេះ គឺអាចទប់ស្កាត់បាន អាចគ្រប់គ្រងបាន អាចព្យាបាលបាន។
ដំណាក់កាលបន្ទាប់ ស្ថានទូតចិននឹងប្រកាន់ភ្ជាប់នូវឥរិយាបថក្នុងការបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ដើម្បីបន្តរក្សាកិច្ចទំនាក់ទំនងជាមួយភាគីកម្ពុជា រាយការណ៍ពីវឌ្ឍនភាពនៃជំងឺវីរុស និងស្ថានភាពប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់អាស្រ័យនៅក្នុងប្រទេសចិន ហើយក៏ចូលរួមផ្តល់កិច្ចសម្របសម្រួលរាល់ការចាំបាច់ផងដែរ។
៣.ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតមានឡើង អណិកជនចិន ប្រជាពលរដ្ឋជាប់សែស្រឡាយចិន ស្ថាប័នក្រុមហ៊ុនចិនដែលនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំសកម្មភាពជាបន្តបន្ទាប់ បានយកសកម្មភាពជាក់ស្តែងមកគាំទ្រជួយដល់ការងារទប់ស្កាត់ជំងឺវីរុសនេះ សូមលោកជួយបង្ហាញកិច្ចការរបស់ពួកគាត់ដែលបានអនុវត្តកន្លងមក។
ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតមានឡើង អណិកជនចិន ប្រជាពលរដ្ឋជាប់សែស្រឡាយចិន និងស្ថានប័នក្រុមហ៊ុនចិនដែលនៅក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់ពីស្ថានភាពជំងឺវីរុសកូរ៉ូណាក្នុងប្រទេសចិន បានព្រួយបារម្ភពីស្ថានភាពជំងឺវីរុសនេះ និងយល់ពីអារម្មណ៍នៃការរងទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសចិន ហើយក៏បានយកសកម្មភាពជាក់ស្តែងមកគាំទ្រជួយដល់ការងារទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពជំងឺវីរុសនៅក្នុងប្រទេសចិន។
សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានជំរុញសកម្មភាពវិភាគទានសប្បុរសធម៌ក្នុងការគាំទ្រជួយស្ថានភាពនៃការប្រយុទ្ធប្រឆាំងជំងឺវីរុសមួយនេះនៅក្នុងប្រទេសចិនយ៉ាងសកម្ម បច្ចុប្បន្ននេះ ថវិកាសប្បុរសធម៌មានចំនួនសរុបជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សភាពាណិជ្ជកម្ម សហគ្រាស និងសភាពាណិជ្ជកម្មតាមតំបន់នៃចិនក្នុងប្រទេសកម្ពុជាបានជំរុញសកម្មភាពវិភាគទានសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីគាំទ្រជួយដល់កិច្ចការទប់ស្កាត់ស្ថានភាពជំងឺវីរុសនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Cambodia Airways បានចូលរួមផ្តល់ម៉ាសនៃវេជ្ជសាស្ត្រចំនួន១២០០០ជូនដល់អាកាសយានដ្ឋានអន្តរជាតិប៉ៅអាន នៃទីក្រុងសិនជិន ប្រទេសចិន ហើយបានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មខេត្តជឹជាំង ប្រចាំកម្ពុជា ដើម្បីបញ្ជូនម៉ាសប្រភេទ N95 និងម៉ាសវេជ្ជសាស្ត្រសរុបចំនួន៣៩៦គីឡូក្រាម និងសម្ភារៈការពារជំងឺវីរុសផ្សេងទៀតជូនដល់សាលាក្រុងលីសួយ នៃខេត្តជឹជាំង ប្រទេសចិន។ ក្រុមហ៊ុនឡាញម៉ីអ៊ែរឡាញ បានសន្យាផ្តល់ការដឹកជញ្ជូនសម្ភារៈការពារស្ថានភាពជំងឺវីរុសនេះដោយឥតគិតថ្លៃរាល់ជើងហោះហើរនៃក្រុមហ៊ុនទៅកាន់ប្រទេសចិន។ សភាពាណិជ្ជកម្មខេត្តហ៊ូប៉ៃ បានផ្តល់ម៉ាសប្រភេទ N95 ចំនួនជាង២០៥០០ម៉ាសដល់តំបន់ទីក្រុងអ៊ូហាន់។ ក្រុមហ៊ុន HUAWEI សាខាកម្ពុជា បានផ្តល់សេវាកម្មប្រព័ន្ធសហគ្រាស WeLink និងសេវាកម្មផ្សេងទៀតដោយឥតគិតថ្លៃ ជូនដល់សហគ្រាស និងតម្រូវការផ្ទាល់ខ្លួន ក្នុងរយៈពេលនៃស្ថានភាពជំងឺវីរុសកូរ៉ូណាដែលបានកើតឡើង។
ទាំងនេះបានបង្ហាញពី «រាល់មានការលំបាកនៅទីណាមួយ មានការគាំទ្រជួយនៅគ្រប់ទិសទី» ដែលជាក្រមសីលធម៌ប្រពៃណីនៃប្រជាជនចិន ហើយសូមថ្លែងអំណរគុណដល់ការគាំទ្រជួយអស់ពីកម្លាំងកាយរបស់អ្នកទាំងអស់គ្នា យើងរឹតតែមានជំនឿចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពនៃជំងឺវីរុសមួយនេះ។
៤. នាព្រឹក ថ្ងៃទី៣០ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងមតិពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីតាមរយៈទូរទស្សន៍ទូទាំងប្រទេសកម្ពុជា តើលោកយល់ឃើញយ៉ាងដូចម្តេចដែរ?
ភាគីចិនសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រសាសន៍របស់សម្តេចតេជោ នាថ្ងៃទី៣០ ខែមករា តាមរយៈទូរទស្សន៍ទូទាំងប្រទេសកម្ពុជា ដែលខ្លឹមសារទាក់ទងនឹងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងដ៏មានប្រសិទ្ធភាពយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចិន ចំពោះការផ្ទុះឡើងនៃជម្ងឺនេះ។
សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងតស៊ូឈរជាមួយរដ្ឋាភិបាល និងប្រជាជនចិន ចាប់ដៃរួមគ្នាដើម្បីប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះ ឆ្លងកាត់នូវការលំបាកទាំងនេះជាមួយគ្នា។ កម្ពុជាក៏មិនស្នើឲ្យបញ្ឈប់រាល់ជើងហោះហើរដែលមកពីប្រទេសចិនដែរ ហើយវិស័យទេសចរណ៍ ដឹកជញ្ជូន និងសេវាកម្មក្នុងប្រទេសមិនត្រូវមានការរើសអើងចំពោះភ្ញៀវទេសចរ និងប្រជាពលរដ្ឋចិនដែរ។
ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការងារ សិក្សា និងស្នាក់អាស្រ័យក្នុងខេត្តហ៊ូប៉ៃត្រូវតែបន្តការងាររបស់ខ្លួន នេះបានបង្ហាញពីការជឿទុកចិត្តគ្នាកម្រិតខ្ពស់របស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលចិន។ ភាគីចិននឹងបន្តធានាពីសុវត្ថិភាព និងសុខភាពបងប្អូនកម្ពុជាទាំងអស់គ្នាដែលកំពុងតែរស់នៅក្នុងប្រទេសចិន ផ្តល់ការជួយជូនដល់ពួកគាត់ទាំងអស់គ្នារាល់មានតម្រូវការចាំបាច់។
ក្រៅពីនេះ សម្តេចតេជោ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើសារសួរសុខទុក្ខជូនដល់ ឯកឧត្តម នាយករដ្ឋមន្ត្រីចិន Li Keqiang និងឯកឧត្តម សមាជិកក្រុមប្រឹក្សារដ្ឋចិន Wang Yi នេះបានបង្ហាញពីក្តីសង្ឃឹមនៃការតតាំងជាមួយនឹងស្ថានភាពជំងឺវីរុសកូរ៉ូណាដែលចូលរួមកៀកស្មាគ្នារវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរប្រទេស។
មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានតស៊ូឈរជាមួយប្រជាជនចិន ចាប់ដៃគ្នាប្រឆាំងនឹងជំងឺវីរុសមួយនេះក្នុងខណៈពេលដែលប្រទេសចិនកំពុងតែជួបនឹងបញ្ហាជំងឺវីរ៉ុសកូរ៉ូណា យើងខ្ញុំពិតជារំភើបជាខ្លាំង ត្រូវតែចងចាំក្នុងក្រអៅបេះដូងជានិច្ច។ ទាំងនេះបានបង្ហាញឲ្យឃើញពីប្រទេសកម្ពុជា ជា «មិត្តដែកថែប» នៃប្រទេសចិនពិតប្រាកដមែន ហើយចិន និងកម្ពុជា ពិតជាសហគមន៍ជោគវាសនារួមដែល «ដកដង្ហើមរួមគ្នា និងរួមលំបាកជាមួយគ្នា» យ៉ាងពិតប្រាកដ។
៥. ក្នុងពេលថ្មីៗនេះ លោកអគ្គនាយកនៃអង្គការសុខភាពពិភពលោក បានប្រកាសអាសន្នពីការព្រួយបារម្ភលើផ្នែកសុខភាពសាធារណៈអន្តរជាតិ (PHEIC) ស្តីពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី តើលោកយល់ឃើញយ៉ាងដូចម្តេចដែរ?
ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតឡើង រដ្ឋាភិបាលចិនមានទំនួលខុសត្រូវខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋចិន បានចាត់វិធានការទប់ស្កាត់យ៉ាងគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយវិធានការជាច្រើនបានលើសពីការកំណត់នៃបទបញ្ញត្តិសុខភាពអន្តរជាតិ យើងមានជំនឿចិត្ត និងសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺនេះយ៉ាងជោគជ័យ។ ទន្ទឹមនឹងនេះ ភាគីចិននឹងប្រកាន់ភ្ជាប់នូវឥរិយាបថនៃការបើកចំហ តម្លាភាព និងទំនួលខុសត្រូវក្នុងការរាយការណ៍ពីដំណឹងស្ថានភាពនៃជំងឺនេះយ៉ាងទាន់ពេលវេលា និងការចែករំលែកពីលំដាប់លំដោយនៃសែនរបស់វីរុសមួយនេះជូនដល់គ្រប់ស្ថាប័នដែលពាក់ព័ន្ធ។ អង្គការសុខភាពពិភពលោក និងបណ្តាប្រទេសជាច្រើនបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការមួយនេះ។
ប្រទេសចិនតែងរក្សាទំនាក់ទំនងយ៉ាងស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយនឹងអង្គការសុខភាពពិភពលោក ហើយអ្នកជំនាញនៃអង្គការបានចុះពិនិត្យទីតាំងផ្ទាល់នៃទីក្រុងអ៊ូហាន់ផងដែរ លោកអគ្គនាយកTedros Adhanom Ghebreyesus ក្នុងរយៈពេលថ្មីៗនេះបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន លោកបានផ្លាស់ប្តូរយោបល់ស្តីពីកិច្ចការទប់ស្កាត់ជំងឺវីរុសកូរ៉ូណាជាមួយនឹងភាគីចិន បានទទួលស្គាល់ពីកិច្ចការពារ និងកិច្ចគ្រប់គ្រងនៃភាគីចិនផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះការលះបង់ដ៏ធំធេងជូនដល់ពិភពលោកក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសចិន។ ភាគីចិននឹងបន្តរក្សាសុវត្ថិភាពសុខភាពពិភពលោក និងតំបន់ ជាមួយនឹងអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសផ្សេងទៀត។
អ្នកទាំងអស់គ្នាបានដឹងហើយថា ក្នុងអំឡុងពេលរងការយាយីពីជំងឺកូរ៉ូណា អ្វីដែលគួរឲ្យខ្លាចបំផុតនោះ គឺពាក្យសម្តីចចាមអារ៉ាម និងភាពភ័យខ្លាច។ អង្គការសុខភាពពិភពលោក បានប្រកាសជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីជា «អាសន្ននៃការព្រួយបារម្ភលើផ្នែកសុខភាពសាធារណៈអន្តរជាតិ (PHEIC)» គឺមានប្រភពពីការពិចារណាថែរក្សាប្រទសមួយចំនួនដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រអន់ថយ ត្រូវរំឭកពួកគេក្នុងការពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រង ហើយអំពាវនាវដល់បណ្តាប្រទេសលើពិភពលោកកុំរើសអើងឲ្យសោះ ក៏កុំបង្កឲ្យមានការរំខានដែលមិនចាំបាច់ ដល់វិស័យទេសចរណ៍ និងជំនួញពាណិជ្ជកម្មអន្តរជាតិ ត្រូវសង្កត់ធ្ងន់លើបញ្ហាជំងឺវីរុសលើកនេះជាការប្រឈមរួមគ្នានៃមនុស្សជាតិទាំងឡាយ។
ប្រទេសចិនមានពាក្យចាស់មួយតែងពោលថា «ប្រទេសដែលជួបបញ្ហាច្រើន នឹងមានវិបុលភាពនាពេលអនាគត» យើងមិនអាចភ្លេចបាននូវបញ្ហាដែលយាយីដោយវីរុស SARS កាលពីឆ្នាំ២០០៣ តែយើងនៅតែអាចឈរជាបន្ត ហើយថែមទាំងបានសម្រេចនូវការអភិវឌ្ឍប្រទេសជាតិដ៏ធំធេងផងដែរ។
ជឿជាក់លើកនេះថា យើងនឹងអាចឆ្លងផុតនូវគ្រាដ៏លំបាកមួយនេះ ព្រោះតែយើងមានការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកប្រធានាធិបតីចិន Xi Jinpingជាស្នូល មានលក្ខណៈល្អពិសេសនៃការអភិវឌ្ឍដ៏មហិមាដែលត្រូវបានសន្សំទុកអស់ជាង៧០ឆ្នាំកន្លងមកនេះ មានបទពិសោធន៍ក្នុងការទប់ស្កាត់ និងគ្រប់គ្រងសុខភាពសាធារណៈដ៏សម្បូរបែបដែលត្រូវបានសន្សំទុកចាប់តាំងពីជំងឺវីរុស SARS ដែលបានកើតឡើងកាលពីឆ្នាំ២០០៣ និងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអេប៊ុយឡាក្នុងឆ្នាំ២០១៤ ក៏រឹតតែមានលក្ខណៈពិសេសនៃប្រព័ន្ធសង្គមនិយមដែលអាចប្រមូលកម្លាំងទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសកូរ៉ូណាមួយនេះ ហើយនិងមានកម្លាំងគាំទ្រពេញទំហឹងពីសហគមន៍អន្តរជាតិផងដែរ យើងមានជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសមួយនេះប្រកបដោយភាពជោគជ័យ ដែលធ្វើឲ្យប្រជាពលរដ្ឋចិន និងពិភពលោកមានទំនុកចិត្ត! (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ