មនុស្សជាច្រើនស្គាល់លោក ស្ទីវ ចបស៍ (Steve Jobs) ជាស្ថាបនិករបស់ក្រុមហ៊ុន Apple តែលោកក៏ជាស្ថាបនិករបស់ក្រុមហ៊ុន NeXT និងបានដឹកនាំឲ្យក្រុមហ៊ុន Pixar ក្លាយជាក្រុមហ៊ុនដ៏ជោគជ័យក្នុងវិស័យភាពយន្តដែរ ។

អ្នកប្រហែលជាគិតថា ដើម្បីសម្រេចបានការជោគជ័យទាំងនេះ លោក ចបស៍ ត្រូវតែធ្វើកិច្ចការខុសៗគ្នាជាច្រើនក្នុងពេលតែមួយ ប៉ុន្តែការពិតជាក់ស្តែង លោកមិនមែនជាមនុស្សដូច្នេះទេ ។ ផ្ទុយមកវិញ លោកជាមនុស្សដែលពូកែផ្តោតស្មារតី និងកម្លាំងលើកិច្ចការមួយៗទៅវិញ ។
ក្នុងសន្និសិទ Apple Worldwide Developers ក្នុងឆ្នាំ ១៩៩៧ លោកបានចែករំលែកទស្សនៈដ៏មានតម្លៃមួយថា «មនុស្សគិតថាការយកចិត្តទុកដាក់លើការងារមានន័យថាពួកគេត្រូវតែទទួលយកការងារដែលអ្នកត្រូវតែយកចិត្តទុកដាក់លើ ប៉ុន្តែវាមិនមានន័យដូច្នេះទេ ។ វាមានន័យថាអ្នកត្រូវបដិសេធនឹងគំនិតល្អៗជាច្រើន ។ អ្នកត្រូវតែជ្រើសរើសឲ្យបានប្រុងប្រយ័ត្ន ។ ខ្ញុំពិតជាមានមោទនភាពនឹងអ្វីដែលពួកយើងមិនបានជ្រើសរើសធ្វើណាស់» ។
ប្រាកដណាស់ វាមិនមានន័យថាអ្នកត្រូវតែបដិសេធនឹងការងារគ្រប់ពេលវេលាទេ តែអ្នកត្រូវដឹងថាការងារណាជាការងារដែលអ្នកមិនត្រូវធ្វើ ។ ខាងក្រោមគឺជាឧទាហរណ៍មួយចំនួននៃការងារដែលអ្នកមិនគួរធ្វើដោយខ្លួនឯង៖
១. ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង៖
ពាក្យថា ប្រសិនបើអ្នកចង់សម្រេចបានការងារល្អ អ្នកត្រូវតែធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងតែងតែធ្វើឲ្យមនុស្សជាច្រើនដើរផ្លូវខុស ។ មនុស្សគ្រប់គ្នាមានពេលតែ ២៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើអ្នកចង់សម្រេចបានការងារច្រើន អ្នកត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការបែងចែកការងារដោយមានប្រសិទ្ធិភាព ។សម្រាប់លោក ចបស៍ វាមានន័យថាលោកត្រូវតែរកមនុស្សដែលមានសមត្ថភាពខ្ពស់ឲ្យនៅជុំវិញខ្លួនលោក ហើយឈានជើងថយក្រោយដើម្បីឲ្យពួកគេបំពេញការងារតាមជំនាញរៀងៗខ្លួន ។
២. ភាពស្មុគស្មាញដែលមិនចាំបាច់៖
ភាពសាមញ្ញ គឺពិតជាសំខាន់ណាស់ ហើយវាជាផ្នែកមួយដ៏មានតម្លៃនៃការងាររបស់លោក ចបស៍ ។ លោកចបស៍គិតថា ភាពស្មុគស្មាញជាមុខសញ្ញាបង្ហាញថាមនុស្សម្នាក់មិនចំណាយពេលគ្រប់គ្រាន់ក្នុងការពិចារណាឲ្យបានដិតដល់ និងធ្វើឲ្យគំនិតដែលស្មុគស្មាញក្លាយជាគំនិតដែលងាយស្រួល និងល្អ ។
៣. ឱកាសដែលមិនស័ក្កិសមនឹងខ្លួនឯង៖
ឱកាសមានរូបរាងជាច្រើន និងប្រភេទជាច្រើន ហើយមនុស្សងាយនឹងធ្លាក់ក្នុងអន្ទាក់នៃការជ្រើសរើសផ្លូវដើរខុសពេលដែលមើលឃើញមានជម្រើសច្រើន ។ ការយល់ស្របនឹងឱកាសទាំងនេះនឹងធ្វើឲ្យអ្នករវល់គ្មានពេលដកដង្ហើម ប៉ុន្តែវាមិនធ្វើឲ្យអ្នកសប្បាយរីករាយ ឬក្លាយជាមនុស្សជោគជ័យឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ