រាជធានីភ្នំពេញ ៖តារាចម្រៀងដែលល្បីល្បាញតាមរយៈបទ«មេម៉ាយសប្បាយចិត្ត» រ័ត្ន រចនា កំពុងតែកាក់កបខ្លាំងទៅនឹងអាជីពសិល្បៈរបស់នាង ហើយបានកែប្រែជីវភាពថ្មីកាន់តែហ៊ឺហាពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្រោយពីប្តូរមកជិះរថយន្ត តារាចម្រៀងរ័ត្ន រចនា ត្រៀមឡើងនៅផ្ទះថ្មី ឆាប់ៗនេះទៀត ដោយនាងបានទិញក្នុងតម្លៃជិត១០ម៉ឺនដុល្លារ។ រ័ត្ន រចនា បានអះអាងថា ផ្ទះថ្មីដែលនាងបានទិញនេះគឺជាប្រភេទផ្ទះល្វែងធម្មតាប៉ុណ្ណោះនៅម្តុំចោមចៅ ខណៈតម្លៃមិនសូវថ្លៃទេ ពោលគឺប្រមាណជាង៦ម៉ឺនដុល្លារប៉ុណ្ណោះ ។ ផ្ទះនេះគ្រោងនឹងសាងសង់រួចរាល់នៅអំឡុងខែមេសា ឆ្នាំ២០២០ ចំណែកការរៀបចំឡើងគេហដ្ឋានថ្មីនេះ ឬយ៉ាងណានោះគឺនាងមិនទាន់មានគម្រោងឡើយ ។
បើតាមនាង រ័ត្ន រចនា លុយដែលនាងយកទៅទិញផ្ទះនេះគឺបានមកពីការសន្សំរបស់នាងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីនាងមានទីផ្សារសិល្បៈច្រើន។ យ៉ាងណាផ្ទះថ្មីដែលនាងគ្រោងនឹងឡើងនៅក្នុងពេលខាងមុខនេះគឺជាអ្វីដែលនាងសម្រេចបាននៅក្នុងការមានផ្ទះមួយនៅសមរម្យជាមួយគ្រួសារប៉ុណ្ណោះ មិនមែនចង់បង្អួតភាពហ៊ឺហាអ្វីនោះឡើយ។
ជាការកត់សម្គាល់បន្ទាប់ពីចាប់ឈោងភាពល្បីល្បាញពីការបកស្រាយចម្រៀងមេម៉ាយសប្បាយចិត្តនោះ រ័ត្ន រចនា បានហក់ទីផ្សារយ៉ាងខ្លាំងស្ទើរដកខ្លួនមិនបាន ។ ជាមួយនឹងការចេញច្រៀងនៅតាមមង្គលការតូច-ធំនានាស្ទើរមិនដាច់រយៈ រ័ត្ន រចនា ក្នុងមួយខែនាងអាចរកចំណូលពីអាជីពបានរាប់ពាន់ដុល្លារ ។
រ័ត្ន រចនា ធ្លាប់បានអះអាងថា បច្ចុប្បន្ននាងមានការមមាញឹកយ៉ាងខ្លាំងនៅក្នុងអាជីពសិល្បៈនេះ ដោយនាងបានចេញច្រៀងតាមបណ្តារោងការនានាជាបន្តបន្ទាប់ ដោយសារខែនេះជាខែមង្គលការ ហេតុនេះនាងបានចេញច្រៀងស្ទើររៀងរាល់ថ្ងៃ ។ នាងបញ្ជាក់ថា ដោយសារតែម្ចាស់កម្មវិធីមានចិត្តអាណិតស្រឡាញ់រូបនាងនោះ ទើបពួកគាត់តែងតែហៅនាងឲ្យមកច្រៀង និងនាំការសប្បាយដល់ពិធីមង្គលការរបស់ពួកគាត់ ធ្វើឲ្យនាងអាចមានលទ្ធភាពរកចំណូលបានពីអាជីពច្រៀងនេះបានគួសម ។
បច្ចុប្បន្នក្រៅពីអាជីពច្រៀងនេះ នាងក៏មានរៀបចំវង់ភ្លេងសម័យសម្រាប់បម្រើជូនពិធីមង្គលការតូចធំផងដែរ ខណៈពេលដែលនាងនឹងមានបទចម្រៀង ថ្មីៗនៅក្នុងផលិតកម្មឡេងណាវ៉ាត្រា ដែលជាទ្រនំដែលនាងកំពុងតែជ្រកកោនផងដែរ ។
តារាចម្រៀងស្រីវ័យ៣២ឆ្នាំរូបនេះ សប្បាយចិត្តជាខ្លាំងនៅពេលទីផ្សាររបស់ខ្លួនផ្ទុះខ្លាំងបែបនេះ ដែលធ្វើឲ្យជីវិតរបស់នាងកាន់តែប្រសើរឡើងៗទៅ១ថ្ងៃទៅ១ថ្ងៃ ដោយកន្លងមក មិនដែលធ្លាប់គិតឡើយថា អាជីពសិល្បៈមួយនេះអាចឈានដល់ចំណុចនេះឡើយ ។
រ័ត្ន រចនា បន្តឲ្យដឹងថា ខ្លួនប្រឡូកលើវិស័យចម្រៀងតាមវង់ភ្លេងការ និងកម្មវិធីផ្សេងៗ ជាង២០ឆ្នាំហើយ ដោយនាងមិនមានឈាមជ័រជាអ្នកសិល្បៈឡើយ ។ បទចម្រៀងដែលនាងចូលចិត្តច្រៀង ភាគច្រើនជាបទ ពីដើមៗ ជាពិសេសបទរបស់អ្នកស្រីប៉ែន រ៉ន ព្រោះបទចម្រៀងរបស់អតីតតារាចម្រៀងជើងចាស់រូបនេះបែប សប្បាយៗ ដែលត្រូវនឹងអត្តចរិតនាង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ