រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងដាក់វិធានការបង្ការការចម្លងជំងឺកូរ៉ូណាប្រភេទថ្មីមកកម្ពុជា ។ ក្រសួងបានចេញវិធានការ និងបង្ការការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មីយ៉ាងដូច្នេះថា ពេលធ្វើដំណើរទៅណាត្រូវ ៖
១. ជៀសវាងធ្វើដំណើរឬផ្លាក ប្រសិនមានគ្រុនក្តៅ និងក្អក ។ ២.ប្រសិនមានគ្រងក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ ។ ៣. ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក ។ ៤. លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលហ្សែល និងជៀសវាងប៉ះពាល់ភ្នែកច្រមុះ ឬមាត់ ។ ៥. នៅពេលក្អក ឬកណ្ដាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នកដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក ។
៦. ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅនៅពេលកំពុងពាក់ និងពេលដោះ ។ ៧. និងត្រូវបោះចោលភ្លាមនូវម៉ាស់ដែលបានប្រើរួច និង លាងដៃឲ្យស្អាតបន្ទាន់ពីដោះម៉ាស់ ។ ៨. ប្រសិនអ្នកចាប់ផ្តើមឈឺពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបំរើលើយន្តហោះ និងស្វែងរកការព្យាបាលឲ្យបានឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ ៩. បរិភោគតែអាហារណាដែលឆ្អិនល្អ ។ ១០. មិនត្រូវខាកស្តោះនៅទីសាធារណៈ ។ ១១. ជៀងវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវដល់ប្រពលរដ្ឋសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 115 ឥតគិតថ្លៃ ។ សូមជម្រាបថា ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមនេះប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវដល់គ្រប់ក្រសួងមន្ទីត្រូវការដានឲ្យបានដិតដល់នឹងយកចិត្តទុកដាក់ឲ្យខ្ពស់បំផុត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ