ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​យក​ផាវ​ដុត​ក្នុង​ធុងសាំង មិនឃើញ​ផ្ទុះ​ក៏​ទៅ​អើត​មើល​ផ្ទុះ​យ៉ាង​កក្រើក

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​អាយុ​ជីវិត បន្ទាប់​ពី​ក្មេង​ប្រុស​រូប​នេះ​បាន​យក​ផាវ​ទៅ​ដាក់​ដុត​ក្នុង​ធុងសាំង បណ្តាល​ឲ្យ​ផ្ទុះ​យ៉ាង​កក្រើក​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​អាយុ​ជីវិត បន្ទាប់​ពី​ក្មេង​ប្រុស​រូប​នេះ​បាន​យក​ផាវ​ទៅ​ដាក់​ដុត​ក្នុង​ធុងសាំង បណ្តាល​ឲ្យ​ផ្ទុះ​យ៉ាង​កក្រើក​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ហួ ថា​រី ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាត ខេត្តកណ្តាល​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កុមារ​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផា​ន់​ណា ដា​រ៉ូ ភេទ​ប្រុស​អាយុ​៨​ឆ្នាំ មាន​ឪពុក​ឈ្មោះ ហួ ផា​ន់​ណា អាយុ​៣៧​ឆ្នាំ និង​ម្ដាយ​ឈ្មោះ នី ស្រី​ទូច អាយុ​៣៤​ឆ្នាំ ។ ហើយ​​ពេល​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​មាន ៖ ១-​ធុងសាំង​ពណ៌​ក្រហម ចំណុះ​២០០​លី​ត្រ មួយ មាន​ស្នាម​ប៉ោង​គូទ​ធុង ២-​សន្ទះ​ធុងសាំង​១ និង​៣-​ប្រអប់​ផាវ​ម៉ាក pop ១ ។

តាម​សាក្សី​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ឈ្មោះ ហួ ផា​ន់​​ណា ត្រូវជា​ឪពុក​ក្មេង​រង​គ្រោះ​បាន​នាំ​កូន​ទៅ​លេង​ផ្ទះ​ឈ្មោះ ហួ ថា​រី (​ត្រូវជា​បងស្រី​) នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។ លុះដល់​ម៉ោង​៩​ព្រឹក បុរស​ដែល​ជា​ឪពុក​បាន​ត្រឡប់​មក​ផ្ទះ​វិញ តែ​ទុក​កូនប្រុស​ឲ្យ​នៅ​លេង​ផ្ទះ​បងស្រី ដែល​ត្រួ​វ​ជា​ម្តាយ​អ៊ុំ​ក្មេង​ប្រុស​រង​គ្រោះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ស្រាប់តែ​ឮ​សំលេង​ផ្ទុះ​យ៉ាង​កក្រើក​​ដូច​ផ្ទុះ​មីនតោន ភ្លាម​នោះ​ៗ​ឈ្មោះ ហួ ថា​រី ក៏​រត់​ទៅ​មើល ស្រាប់តែ​ឃើញ​ក្មួយ​ប្រុស​ដេក​នៅ​លើ​ដី មាន​ស្នាម​របួស​ឈាម​ហូរ​ពេញ​ផ្ទៃមុខ ដោយ​ឃើញ​ដូច្នោះ​អ្នកស្រី​ក៏​បាន​ម្នីម្នា ដឹក​បញ្ជូន​ក្មួយ​ប្រុស​ទៅ​កាន់​មន្ទីរពេទ្យ​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ តែ​ហួសពេល ព្រោះតែ​ក្មួយ​ប្រុស​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ ក៏​បញ្ជូន​ក្មួយ​ត្រឡប់​មក​ផ្ទះ​វិញ ។

តាម​សាក្សី​ឈ្មោះ ម៉​ង ម៉ា​នោ ភេទ​ប្រុស អាយុ​៥​ឆ្នាំ នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ដែល​ជា​ក្មេង​លេង​ជាមួយ​គ្នា​បាន​ប្រាប់​ឪពុក​ជន​រង​គ្រោះ​ថា ដំបូង​គេ​បានឃើញ​ឈ្មោះ​ផា​ន់​ណា​ដា​រ៉ូ (​ក្មេង​ប្រុស​រង​គ្រោះ​) ជិះ​កង់​ទៅ​ទិញ​ផាវនៅផ្ទះ​ឈ្មោះ ណាំ ហើយ​បាន​យក​ផាវ​នោះ​មក​ដាក់​ដុត​ក្នុង​ធុងសាំង ។ តែ​ផាវ​នោះ​មិន​ទាន់​ផ្ទុះ​ភ្លាម​នោះ​ទេ ឃើញ​ដូច្នោះ​ឈ្មោះ ផា​ន់​ណា​ដា​រ៉ូ បាន​ដើរទៅ​អើត​មើល​ក្នុង​ធុងសាំង​នោះ ក៏​ស្រាប់តែ​ផ្ទុះ​លាន់​ដូច​គ្រាប់​មីន ហើយ​ប៉ើង​ក្មេង​ប្រុស​រង​គ្រោះ​ឡើង​ទៅ​លើ​បុក​នឹង​ដំបូលផ្ទះ​អ៊ុំ​ស្រី ហួ ថា​រី បណ្តាល​ឲ្យ​កុមារ​រង​គ្រោះ​ដួល​ខ្ទាត​ទៅ​លើ​ដី​ឈាម​ហូរ​ស្រោច​ខ្លួន និង​បាត់បង់​អាយុជីវិត​តែ​ម្តង​ទៅ ។

បច្ចុប្បន្ន​នេះ សាកសព​ក្មេង​ប្រុស​រង​គ្រោះ ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ