ខេត្តកំពង់ឆ្នាំង ៖ ដើមអង្គាដី ជារុក្ខជាតិម្យ៉ាង មានផលប្រយោជន៍មិនត្រឹមតែគេដាំធ្វើជារបងលម្អគេហដ្ឋានប៉ុណ្ណោះទេ តែត្រួយនិងផ្ការបស់វាគេយកធ្វើជាបន្លែសម្រាប់ស្លមានរសជាតិឆ្ងាញ់ និងលើសពីនេះវាក៏ជាឱសថព្យាបាលរោគតាមបែបបុរាណមានប្រសិទ្ឋភាពគួរសមផងដែរ ។
ដើមអង្គាដីមានដើមកំណើតពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន កម្ពុជា និងប្រទេសថៃ ។ រុក្ខជាតិនេះ ប្រជាពលរដ្ឋខ្មែរយើងនៅតាមទីជនបទ និយមដាំនៅតាមរបងផ្ទះ និងពិសេសដាំនៅមុខផ្ទះសម្រាប់លម្អព្រោះតែនៅពេលវាចេញផ្កាមានចម្រុះពណ៌ស្អាតគួរគយគន់ ។ ផ្កាវាមាន២ពណ៌គឺ ពណ៌ក្រហម និងពណ៌ស ។ ក្រៅពីលម្អគេហដ្ឋាន ផ្កា និងត្រួយរបស់វា ត្រូវបានគេយកទៅធ្វើជាបន្លែសម្រាប់ស្លម្ជូរ ស្លកកូរ ឆា និងស្រុសជាអន្លក់ជាដើម ។
លើសពីនេះរុក្ខជាតិប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរយើងយកធ្វើជាឱសថកែរោគផងដែរដូចជា សម្បករបស់វាមានសារធាតុTannin ដែលអាចធ្វើថ្នាំកែរោគរាកមួល ចំណែកស្លឹកនិងផ្កា គេយកទៅធ្វើថ្នាំបញ្ចុះកម្ដៅផងដែរ។ ក្នុងត្រួយអង្គាដី១០០ក្រាម មានសារធាតុ Fiber៧,៨ក្រាម Calcium៣៩៥មីល្លីក្រាម និងBeta-carotine មីក្រូក្រាម ។ ដើមអង្គាដីមានឈ្មោះវិទ្យាសាស្ត្រSesbania Grandiflore (L.) Pers ។
បច្ចុប្បន្នដើមអង្គាដី ពុំសូវឃើញមានច្រើនប៉ុន្មានទេនៅតាមភូមិឃុំមូយចំនួន ប៉ុន្តែគេបានឃើញមានការបង្កាត់ពូជ ដុះត្រឹមតែ៨តឹកទៅ១ម៉ែត្រ គឺបានផលចេញផ្កា និងត្រួយសម្រាប់តម្រូវការហើយ ។ ខុសកាលពីដើមមកដើមវានេះមានកម្ពស់ពី៥ទៅ៦ម៉ែត្រឯណោះ ៕
ចែករំលែកព័តមាននេះ