ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ខ្វះ​កំលាំង​ជំនាញ​វិនិយោគិន​ចិន​បញ្ជូន​និស្សិត​ខ្មែរ​ទៅ​សិក្សា​នៅ​ចិន​ពី​ជំនាញ​សំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​មានការ​អភិវឌ្ឍន៍​ទៅ​មុខជា​លំដាប់ ដោយ​មាន​ទាំង​វិនិយោគិន​ខ្មែរ​និង​បរទេស​នោះ​វិនិយោគ​យ៉ាង​សស្រាក់សស្រាំ ក៏​បាន​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​បញ្ហា​មួយ​ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​នេះ​។ ជាក់ស្តែង​បញ្ហា​ចម្បង​នោះ គឺ​បញ្ហា​កង្វះ​នូវ​កំលាំង​ពលកម្ម ជា​ពិសេស​កំលាំង​ពលកម្ម​ជំនាញ​ដែល​ធ្វើ​អោយ​វិនិយោគិន​ត្រូវ​យក​កំលាំង​ពលកម្ម​ពី​ក្រៅប្រទេស​មក​បំពេញ​ការងារ ។ ​ដោយឡែក​វិនិយោគិន​ចិន​ដែល​ជា​អ្នក​ដាក់​ទុន​ធំ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​មានការ​អភិវឌ្ឍន៍​ទៅ​មុខជា​លំដាប់ ដោយ​មាន​ទាំង​វិនិយោគិន​ខ្មែរ​និង​បរទេស​នោះ​វិនិយោគ​យ៉ាង​សស្រាក់សស្រាំ ក៏​បាន​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​បញ្ហា​មួយ​ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​នេះ​។ ជាក់ស្តែង​បញ្ហា​ចម្បង​នោះ គឺ​បញ្ហា​កង្វះ​នូវ​កំលាំង​ពលកម្ម ជា​ពិសេស​កំលាំង​ពលកម្ម​ជំនាញ​ដែល​ធ្វើ​អោយ​វិនិយោគិន​ត្រូវ​យក​កំលាំង​ពលកម្ម​ពី​ក្រៅប្រទេស​មក​បំពេញ​ការងារ ។

​ដោយឡែក​វិនិយោគិន​ចិន​ដែល​ជា​អ្នក​ដាក់​ទុន​ធំ ឬ​នាំមុខ​បណ្តា​វិនិយោគិន​បរទេស​ក្នុង​វិស័យ​សំណង់​កម្ពុជា ក៏​បាន​នាំ​យក​នូវ​កំលាំង​ពលកម្ម​ជំនាញ​ពី​ប្រទេស​របស់​ខ្លួន​មក​បំពេញតម្រូវការ​ច្រើន​ដែរ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​ត្រូវ​ចំណាយ​ខ្ពស់​ទៅ​លើ​កំលាំង​ជំនាញ​ទាំងនោះ ។ ​ដោយសារ​តែ​កត្តា​ទាំងនេះ វិនិយោគិន​ចិន​មួយ​ចំនួន​បាន​បញ្ជូន​និស្សិត​ខ្មែរ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន លើ​ជំនាញ​វិស្វករ​សំណង់ ដើម្បី​យក​បទ​ពិសោធន៍​និង​ជំនាញ​ក៏​ដូច​ជា​បច្ចេកទេស​សាងសង់​ពី​ប្រទេស​ចិន មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាក់ស្ដែង​ម្ចាស់​គម្រោង​TCC ដែល​វិនិយោគ​នៅ​កម្ពុជា​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​នោះ បាន​បញ្ជូន​និស្សិត​ខ្មែរ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ប្រមាណ​ជិត​២០​នាក់ លើ​ជំនាញ​សំណង់ ។

​លោក Chen Tai An ម្ចាស់​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម TCC បានអោយ​ដឹង​ថា តាម​ការ​សង្កេត​ជាក់ស្ដែង​កំលាំង​ពលកម្ម​ជំនាញ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ហាក់​មិន​ទាន់​ឆ្លើយ​តប​នឹង​គម្រោង​សាងសង់​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ជាក់ស្ដែង ក្នុង​ការដ្ឋាន​សំណង់​របស់​លោក កំលាំង​ជំនាញ​ភាគច្រើន​ជា​ជនជាតិ​ចិន ដែល​ត្រូវ​យក​ពី​ប្រទេស​ចិន​មក​បំពេញតម្រូវការ​ក្នុង​ការ​សាងសង់ ។ នេះ​ក៏​ដោយសារ​តែ​កម្ពុជា​មិន​ទាន់​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ជូន​អ្នក​សាសង់​ទើបត្រូវ​យក​ពី​បរទេស​មក​ធ្វើការ ។

​លោក​បាន​បន្ត​ថា ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍ សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​រូប លោក​ចង់អោយ​ការងារ​ជំនាញ ក៏​ដូច​ជា​កំលាំង​ពលកម្ម​ជំនាញ​នានា ជា​ជនជាតិ​ខ្មែរ ទើប​លោក​បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ក្នុង​ជំនាញ​វិស័យ​សំណង់ ដើម្បី​អោយ​និស្សិត​ទាំងនោះ អាច​យក​ចំណេះដឹង​ក៏​ដូច​ជា​ជំនាញ មក​បណ្ដុះបណ្ដាល​បន្ត​ដល់​កម្មករ​ក្នុងស្រុក និង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សំណង់​ដោយ​កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​កំលាំង​ពលកម្ម​ជំនាញ​ពី​បរទេស ។ ​លោក​បាន​បន្ថែម​ថា សម្រាប់​ការដ្ឋាន​សំណង់ មជ្ឈមណ្ឌល TCC មាន​កម្មករ​សំណង់​ជា​ជនជាតិ​ចិន​ប្រមាណ​២០​ភាគរយ​ទៅ​ហើយ នៃ​កម្មករ​សំណង់​សរុប​ក្នុង​ការដ្ឋាន តែ​លោក​ជឿជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខាង​មុខ​ទៀត​នេះ កម្ពុជា​នឹង​កំលាំង​ពលកម្ម​ជំនាញ គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ជូន​ទៅ​អ្នក​អភិវឌ្ឍន៍​សំណង់​ក្នុង​ប្រទេស​កម្ពុជា ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​កន្លង​មក​ថា ពិត​ណាស់​កម្ពុជា ពិត​នៅ​ខ្វះខាត​កំលាំង​ពលកម្ម​ជំនាញ ក្នុង​វិស័យ​សំណង់​នេះ​មែន ដោយសារ​តែ​និស្សិត​កម្ពុ​ជាមួយ​ចំនួន​ធំ​ចាប់​យក​ជំនាញ​ដែល​ធ្វើការ​ក្នុង​ការិយាល័យ ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ និង​មិនសូវ​ចាប់​យក​ជំនាញ​បច្ចេកទេស​ដែល​ធ្វើការ​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ប៉ុន្មាន​នោះ​ទេ ។

លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​អំពាវនាវ ដល់និស្សិត​កម្ពុជា​ងាក​មក​ចាប់​យក​ជំនាញ​បច្ចេកទេស​ជា​ពិសេស​ជំនាញ​ក្នុង​វិស័យ​សំណង់ ដែល​កំពុង​មាន​ទីផ្សារ​ខ្លាំង​នៅ​កម្ពុជា ក្នុង​ពេល​ដែល​វិស័យ​សំណង់​កំពុង​មាន​សន្ទុះ​ងើប​ខ្លាំង នៅ​ពេល​បច្ចុប្បន្ន​នេះ ។

លោក​ឡៅ ទិព្វ​សីហា អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​មាន​អោយ​ដឹង​ថា វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​បាន​ផ្ដល់​ការងារ​ប្រមាណ ១៨​ម៉ឺន​ទៅ​២០​ម៉ឺន​នាក់​/​ថ្ងៃ និង​មាន​កំណើន​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ក្នុង​ពេល​វិស័យ​នេះ​នៅ​តែ​ទទួល​បានការ​វិនិយោគ ពី​បរទេស និង​ក្នុងស្រុក ។

​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​ក្នុង​វិស័យ​សំណង់​ទទួល​បាន​ទុន​វិ​ន​និ​យោគ​សរុប​ប្រមាណ​ជាង​៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​កំណើន​នៃ​វិស័យ​សំណង់​ច្រើន​ជាងគេ ក្នុង​ចំណោម​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ