ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ៖ ខ្ញុំ​ធ្វើ​មិនមែន​ជា​បដិវត្ត​ពណ៌​ទេ មេធាវី​លោក កឹ​ម សុខា ដាក់​សំណួរ​ខុស​ប្រធានបទ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ​ទី​១៥ ខែមករា លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​អង្គ​ជំនុំជម្រះ​ថា វី​ដេ​អូ​ដែល​តុលាការ​យក​ធ្វើ​ជា​ភ័ស្តុតាង​ក្នុង​ការចោទប្រកាន់​លោក​ថា​«​ក្បត់ជាតិ​»​ជា​វី​ដេ​អូកាត់ត…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ​ទី​១៥ ខែមករា លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​អង្គ​ជំនុំជម្រះ​ថា វី​ដេ​អូ​ដែល​តុលាការ​យក​ធ្វើ​ជា​ភ័ស្តុតាង​ក្នុង​ការចោទប្រកាន់​លោក​ថា​«​ក្បត់ជាតិ​»​ជា​វី​ដេ​អូកាត់ត ហើយ​លោក​បាន​ប្រគល់​វី​ដេ​អូ​ពេញ​ជាង​១​ម៉ោង ដោយ​ស្នើ​ឲ្យ​មានការ​បញ្ចាំង​ក្នុង​បន្ទប់​សវនាការ ។នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែមករា លោក​បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក មុន​ពេល​ទៅ​តុលាការ​បន្ត​សវនាការ​ថា លោក​នឹង​ពន្យល់​តុលាការ​អំពី​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក ដែល​លោក​ថា គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស មិនមែន​ក្នុង​គោលដៅ​បដិវត្តន៍​ពណ៌​នោះ​ទេ ។

លោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បរទេស​ក្នុង​គម្រោង​មួយ​ដែល​រាជរដ្ឋាភិបាល​ហៅ​ថា​«​ការ​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​» ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ ។ ទាំង​លោក កឹ​ម សុខា និង​សហរដ្ឋអាមេរិក បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហ​រដ្ឋអាមេរិក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ លោក កឹ​ម សុខា ថ្លែង​ថា លោក​ត្រូវ​បាន​សួរ​ដោយ​តំណាង​អយ្យការ និង​មេធាវី​តំណាង​រាជរដ្ឋាភិបាល​អំពី​ការងារ​របស់​លោក​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧ ។

លោក កឹ​ម សុខា ថា លោក​អត់​មាន​ធ្វើ​អ្វី​ខុស​ទេ
លោក កឹ​ម សុខា បាន​ថ្លែង​នៅផ្ទះ​របស់​លោក មុន​ពេល​ចាកចេញ​ទៅ​តុលាការ ដើម្បី​ចូលរួម​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២​ថា​៖ «​សំណួរ​អស់នោះ គឺ​ខ្ញុំ​បាន​ឆ្លើយ​ច្បាស់​ទាំងអស់​ថា ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទាំងអស់ ។ អត់​មាន​ខុស​ទេ ធ្វើ​ត្រឹមត្រូវ តែ​គេ​សង្កត់​ខ្លាំង​ជាមួយ CCHR (​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​) ។ លោក​ថា CCHR ជា​អង្គការ​ស្របច្បាប់​ដែល​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​រាជរដ្ឋាភិបាល​មក​ដល់​ឥឡូវ ហើយ​ម្ចាស់​ជំនួយ​គឺ USAID ដែល​ជា​ស្ថាប័ន​ចុះ​ក្នុង​បញ្ជី​រាជរដ្ឋាភិបាល​» ។

លោក កឹ​ម សុខា បន្ថែម​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ប្រាប់​ថា អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​នយោបាយរបស់ខ្ញុំ ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជុំវិញ​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ និង​សិទ្ធិ​មនុស្ស ។ យុទ្ធសាស្ត្រ​របស់ខ្ញុំដែល​គេ​ថា​ដោយសារ​គេ​មិន​យល់​ច្បាស់ ឬ​គេ​មិនដឹង​ច្បាស់ ឬ​យ៉ាងម៉េច​ទេ តែ​យុទ្ធសាស្ត្រ​របស់ខ្ញុំ ខ្ញុំ​នឹង​បង្ហាញ​ថា គឺ​យុទ្ធសាស្ត្រ​ខ្ញុំ ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្តូរ ខ្លៅ ខ្លាច ឃ្លាន​» ។ លោក កឹ​ម សុខា បន្ត​ថា យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ដឹង កុំ​ឲ្យ​ខ្លាច ហ៊ាន​បញ្ចេញមតិ និង​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ឡើង ។ លោក​បន្ថែម​ថា គោលដៅ​របស់​លោក​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត មិនមែន​បដិវត្តន៍​ពណ៌ដូច​ការ​ចោទប្រកាន់​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ។

លោក កឹ​ម សុខា បាន​ឲ្យ​ដឹង​ទៀត​ថា លោកបាន​សាកសួរ​តុលាការ​អំពី​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា «​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស​» ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០ តែ​សកម្មភាពរបស់​លោក​ដែល​តុលា​ការ​បាន​សាកសួរ​គឺ​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧ ។ លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​ខ្ញុំ​គ្រាន់តែ​សួរ​ទេ រឿង​តុលាការ​គេ​បន្ត​ថ្ងៃនេះ​ទៀត រឿង​ស្អី​ទៀត ចាំ​មើល​មើល៍​» ។

លោក កឹ​ម សុខា ចោទ​ថា​ឃ្លី​ប​វី​ដេ​អូ​ដែល​រាជរដ្ឋាភិបាល​យក​ធ្វើ​ជា​ភ័ស្តុតាង​ចោទ​លោក​គឺ​កាត់ត
ទាក់ទិន​នឹង​វី​ដេ​អូ​ដែល​តុលាការ​យក​ធ្វើ​ជា ភ័ស្តុតាង​ក្នុង​ការ​ចោទប្រកាន់​លោក​ថា «​ក្បត់ជាតិ​» ជា​វី​ដេ​អូ​កាត់ត ហើយ​លោក​បាន​ប្រគល់​វី​ដេ​អូ​ពេញ​ជាង​មួយ​ម៉ោង ដោយ​ស្នើ​ឲ្យ​មានការ​បញ្ចាំង​ក្នុង​បន្ទប់​សវនាការ ។លោក កឹ​ម សុខា បន្ថែម​ថា​៖ «​នោះ​មិនមែន​ជា​វី​ដេ​អូ​របស់ខ្ញុំ​ទេ តែ​ជា​សំឡេង និង​រូប​ខ្ញុំ តែ​មិន​ពេញលេញ ហើយ​មានការ​កាត់ត​ជា​កង់​ៗ​។

សូម​ឲ្យ​តុលាការ​ធ្វើ​កោសល្យវិច័យ​ជា​មុន​សិន ប្រភព​ពី​ណា នរណា​កាត់ត ។ ខ្លឹមសារ​ពិត​ដែល​ខ្ញុំ​បាន​និយាយ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ បំណង​គឺ​ថ្លែងអំណរគុណ និង​ជម្រាប​ពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា និង​គោល​ជំហរ​របស់ខ្ញុំ ។ មិន​មាន​ផែនការ​ណាមួយ ដែល​ខ្ញុំ​ចង់​ធ្វើការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះ​ទេ​» ។លោក កឹ​ម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ជាង​១​ម៉ោង ប៉ុន្តែ​មិន​ទាន់​មានការ​សម្រេច​ពី​ចៅក្រម​នៅឡើយ​ទេ ។

តុលាការ​មិន​ទាន់​យល់ព្រម​ការ​ចាក់​ឃ្លី​ប​វី​ដេ​អូ​ទាំងស្រុង​ដែល​ស្នើ​ដោយ​លោក កឹ​ម សុខា
លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខាបាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា ៖ «​លោក​ប្រធាន កឹ​ម សុខា បាន​បដិសេធ​ចោល​ឃ្លី​ប​វី​ឌី​អូ​ដែល​ត្រូវ​បាន​ផលិត​ឡើងជា​ភ័ស្តុតាង​ដាក់បន្ទុក​មក​លើ​រូប​លោក ដោយហេតុ​ថា ឃ្លី​ប​វី​ដេ​អូ​នេះ​មិន​មាន​អង្គហេតុ និង​មាន​ភាព​មិន​ប្រក្រតី ព្រោះ​ត្រូវ​បាន​គេ​កាត់​ជា​កង់​ៗ» ។
លោក​បន្ត​ថា លោក កឹ​ម សុខា បាន​ស្នើ​ដាក់​ឃ្លី​ប​វី​ដេ​អូ​ទាំងស្រុង ជា​ភ័ស្តុតាង​របស់​លោក ជំនួស​វិញ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ចាក់​បង្ហាញ​នៅ ក្នុង​សវនាការ​នៅឡើយ​ទេ ។

នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា តុលាការ​បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា​បន្ត​ទៀត ។
ការ​បើក​សវនាកា​នេះ ត្រូវ​បាន​ឃ្លាំមើល​ពី​អតីតមន្ត្រី​គណបក្សប្រឆាំង ក៏​ដូច​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល តំណាង​ស្ថានទូត​មួយ​ចំនួន​ផង​ដែរ ។សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា ។ ការ​បើកសវនាការ​នេះ ក៏​មាន​វត្តមាន​លោក កឹ​ម សុខា នៅក្នុង​បន្ទប់​សវនាការ រួម​នឹង​មេធាវី​ការពា​ក្តី​ផង​ដែរ ។

តុលាការ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ចូលរួម​ស្តាប់សវនាការ​នេះ​តែ​៣០​នាក់​ប៉ុណ្ណោះ ដោយ​សំអាងថា ​បន្ទប់​សវនាការ​ចង្អៀត​ណែន ។ សវនាការ​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​មានការ​តាមដាន​ផង​ដែរ​ពី​តំណាង​អង្គ​ទូត មន្ត្រី​សង្គមស៊ី​វិល ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ។ ជាង​នេះ​ទៀត គេ​ក៏​ឃើញ​មានការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅ​ជុំវិញ​សាលា​ដំបូ​ង​យ៉ាង​តឹង​រុ​ឹ​ង​បំផុត ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ។

មេធាវី​រាជរដ្ឋាភិបាល​ច្រានចោល​ដែល​ថា​សំណុំរឿង​លោក កឹ​ម សុខា ជា​រឿង​នយោបាយ
លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល ក្រោយ​ពី​សវនាការ​នៅ​ថ្ងៃ​ទី​២​អស់​១​ព្រឹក បាន​ឲ្យ​ដឹង​ថា តុលាការ​ក្រោយ​ពី​ជំនុំជម្រះ​អស់​រយៈពេល​១​ថ្ងៃ​កន្លះ បាន​ចាត់​ទុក​សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា គឺជា​បទឧក្រិដ្ឋ​មិនមែនជា​រឿង​នយោបាយ​ទេ ។ ថ្លែង​ក្រោយ​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៦ ខែមករា លោក​មេធាវី គី តិច បាន​ពន្យល់​ថា សំណុំរឿង​លោក កឹ​ម សុខា ជា​រឿង​បទល្មើស​ឧក្រិដ្ឋ ព្រោះ​តុលាការ​បាន​ចោទ​តាម​មាត្រា​៤៤៣ ពី​បទ​ស​ន្ទិ​ដិ្ឋ​ភាព​ជាមួយ​បរទេស តាម​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​សវនាការ​ដែល​ដឹកនាំ​ដោយ​លោក​កូយ សៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មានការ​ជជែក​គ្នា​រវាង​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ និង​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដែល​បាន​តាំង​សំណួរ​លើស​ពី​នីតិវិធី ដើម្បី​ឲ្យ​ជនជាប់ចោទ​មានឱកាស​ថ្លែង​សារន​យោ​យ ។ លោក​មេធាវី គី តិច បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ត្រូវ​លាក់​ឈ្មោះ​ប្រទេស​ចំនួន​៩​សិន​ដែល​អាច​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹ​ម សុខា ១​រូប​ក្នុង​ចំណោម​៤​រូប​គឺ​លោកស្រី ម៉េ​ង សុធា​រី​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ខាងក្រៅ​របង​សាលាដំបូង​ថា លោក កឹ​ម សុខា បាន​បញ្ជាក់ថា ចំពោះ​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​មិន​អាច​យក​អង្គហេតុ​ចេញ​តែ​ពី​តុលាការ​គ្រាន់តែ​ជា​សំឡេង និង​រូបភាព​ប៉ុណ្ណោះ​បាន​ទេ ពោល​គឺ​ត្រូវ​ពឹងផ្អែក​លើ​ភ័ស្តុតាង​ផ្សេង​ៗ​ទៀត ទើប​អាច​ធ្វើការ​ចោទប្រកាន់​បាន ។

លោក គី តិច ថា​មេធាវី​លោក កឹ​មសុខា ដាក់​សំណួរ​ខុស​ពី​ប្រធានបទ
លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​មេធាវី​ដើមបណ្ដឹង បន្ទាប់​ពី​បញ្ចប់​សវនាការ​លើក​ទី​៣​លើ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹ​ម សុខា បាន​ឲ្យ​ដឹង​ថា ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មករា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​ទី​២ ក៏​មិន​ខុស​ពី​ម្សិលមិញ​ដែរ ពោលជា​ដំណាក់កាល​នៃ​ការ​សួរ​ដេញដោល​អំពី​ដំណើររឿង​របស់​លោក កឹ​ម សុខា ។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មុខ​សាលា​ដំបូ​ង លោក គី តិច ថ្លែង​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​អនុញ្ញាត​ឲ្យ​សួរ​ដេញដោល ជនជាប់ចោទ​លោក កឹ​ម សុខា ចន្លោះ​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧ ។ ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ មេធាវី​លោក កឹ​ម សុខា ហាក់​មិន​យល់​ពី​អ្វី​ដែល​កំណត់ ពោល​គឺ​សួរ​លោក កឹ​ម សុខា ផ្ទុយ​ពី​អ្វី​ដែល​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​កំណត់ ហាក់​បង្ហាញ​អំពី​ការ​មិន​យល់​ច្បាប់​របស់​មេធាវី​លោក កឹ​ម សុខា ។

បើ​តាម​លោក​មេធាវី គី តិច ការ​ដែល​មេធាវី​របស់​លោក កឹ​ម សុខា សួរ​ផ្ទុយ​ពី​អ្វី​ដែល​បាន​កំណត់ ទើប​ធ្វើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាត់​មិន​អនុញ្ញាត​ឲ្យ​មេធាវី​លោក កឹ​ម សុខា សួរ​បន្ដ​នោះ​ឡើយ ។ ចំណុច​នេះ​ហើយ​ដែល​លោក​មេធាវី គី តិច ងឿងឆ្ងល់​ថា តើ​មេធាវី​លោក កឹ​ម សុខា មិន​យល់​ច្បាប់ ឬ​ធ្វើ​មិន​យល់​ច្បាប់ ឬ​មាន​ចេតនា​ធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​មក​ដល់​អង្គ​សវនាការ ។

លោក គី តិច បាន​ថ្លែង​ថា «​មានការ​ជជែកគ្នា​តឹងតែង​ពាក់ព័ន្ធ​នឹង​ការ​ដាក់​សំណួរ ។ ភាគី​មេធាវី​ការពារ​ជនជាប់ចោទ ច្រើន​ដាក់​សំណួរ​មិន​ចំ​កម្មវត្ថុ មិន​ចំ​ចន្លោះ​ឆ្នាំ ដែល​ក្រុមប្រឹក្សា​បាន​កំណត់​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០០៧ ។ គាត់​ច្រើន​ដាក់​សំណួរ​ខុស​ការ​កំណត់​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ អុ​ី​ចឹ​ង​ហើយ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ពី​ភាគី​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី ពី​តំណាង​អយ្យការ ។ មេធាវី​ការពារ​ជនជាប់ចោទ​ហាក់​បី​ដូចជា​មិន​សប្បាយ ដោយសារ​មានការ​ថ្នាំងថ្នាក់​ចិត្តហើយ​អាច​សាធារណជន​មួយ​ចំនួន ដែល​គាត់​មិនយល់​អំពី​នីតិវិធី​នៃ​ការ​ជំនុំជម្រះ​នេះ គាត់​អាច​ធ្វើការ​វាយតម្លៃ​ខុស​ថា ក្រុមប្រឹក្សា​បិទ​សិទ្ធិ​ភាគី​ណាមួយ មិន​ឲ្យ​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​តតាំង​គ្នា​» ។

លោក គី តិច ថា​កុំ​ច្រឡំ​ប្រទេស​ទាំង​៩
ជាមួយ​គ្នា​នេះ លោក​មេធាវី គី តិច ក៏​បានជម្រាប​ជូន​ដល់​សាធារណជន ដើម្បី​កុំ​ឲ្យ​មានការភ័ន្ត​ច្រឡំ​ចំពោះ​ប្រទេស​ចំនួន​៩ ដែល​លោក​បានដាក់​សំណើ​តាង​ជា​អក្សរ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​កាលពី​ម្សិលមិញ បន្ទាប់​ពី​មាន​សារព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​ថា ប្រទេស​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹ​ម សុខា ។

ចំណុច​នេះ លោក គី តិច បាន​បកស្រាយ​ថា ប្រទេស​ទាំង​អស់នោះ​មិន​ជាប់​ពាក់ព័ន្ធ​ទាំង​អស់នោះ​ទេ ហើយ​ប្រទេស​ទាំងនោះ​គ្រាន់តែ​ពាក់ព័ន្ធ​នឹង​ឯកសារ​តែ​ប៉ុណ្ណោះ​។ លោក​ថា ការ​តាង​ដោយ​អក្សរ​ទៅ​លើ​ប្រទេស​ទាំងនោះ គឺ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ។

លោក​មេធាវី​រាជរដ្ឋាភិបាល​មាន​ភ័ស្តុតាង​ច្រើន​វ៉ា​លី​ស​ត្រៀម​បង្ហាញ​តាម​ដំណាក់កាល
រីឯ​ភ័ស្ដុតាង​ដាក់បន្ទុក​ដែល​មេធាវី​រាជរ​ដ្ឋាភិ​បាល ត្រៀម​ដាក់​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នោះ ត្រូវ​បាន​លោក គី តិច បង្ហើប​ថា មាន​ជា​ច្រើន​វ៉ា​លី​ស ហើយ​ត្រៀម​នឹង​បង្ហាញ​ជូន​ក្រុមប្រឹក្សា​នៅ​តាម​ដំណាក់កាល​នីមួយ​ៗ។

តុលាការ​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី​២២ និង​ទី​២៣ មក​រា​ខាង​មុខ
សម្រាប់​ដំណើរការ​សវនាការ​នៅ​ថ្ងៃ​ទី​២​គឺ​ថ្ងៃ​ទី​១៦ ខែមករា ការ​ជំនុំជម្រះ​បាន​ដំណើរការ​តែ​១​ព្រឹក​ទេ គឺ​មាន​ន័យ​ថា​ក្នុង​ស​ប្តា​ហ៍​នេះ​បាន​ដំណើរការ​សវនាការ​១​ថ្ងៃ​កន្លះ ។ តុលាការ​បាន​ប្រកាស​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី​២២ និង​ទី​២៣ មក​រា​ខាង​មុខ​ទៀត ។ ជុំវិញ​សវនាការ​នេះ​បើ​យោង​តាម​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ តាំង ស៊ុន​ឡាយ ថា​អាច​ចំណាយពេល​ដល់​ទៅ​៣​ខែ​ក្នុង​ការ​ជំនុំជម្រះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ