បើអ្នកទើបតែចាប់ផ្តើមអាជីវកម្មតូចមួយដោយខ្លួនឯងផ្ទាល់ ថវិកាសម្រាប់ការផ្សព្វផ្សាយរបស់អ្នកប្រហែលជាមានកម្រិតខ្លាំង ហើយអ្នកប្រហែលជាកំពុងជួបប្រទះនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនធំៗក្នុងវិស័យផងដែរ ។ ក្នុងស្ថានការដូច្នេះ តើអាជីវកម្មតូចៗអាចប្រកួតប្រជែងជាមួយអាជីវកម្មធំៗបានដោយវិធីណា?
១. បង្កើតអ្វីដែលថ្មី៖
មនុស្សតែងតែស្រលាញ់ និងចាប់អារម្មណ៍អ្វីដែលថ្មី ហើយពួកគេតែងតែចង់ស្ថិតក្នុងចំណោមមនុស្សដែលរកឃើញផលិតផល ឬសេវាកម្មថ្មីៗដំបូងគេផងដែរ ។ ជាទូទៅមនុស្សមិនចាប់អារម្មណ៍ខ្លាំងទៅលើការផ្សព្វផ្សាយពីក្រុមហ៊ុនធំៗទេ ព្រោះពួកគេមើលឃើញវាជាច្រើនដងមកហើយ ។ ពួកគេដឹងច្បាស់ថាក្រុមហ៊ុនធំៗមានអ្វីលក់ហើយ ដូច្នេះពួកគេមិនមានអារម្មណ៍រំជើបរំជួលទៀតទេ ។ ដូច្នេះអាជីវកម្មថ្មីៗអាចទាក់ទាញអតិថិជនបានប្រសិនបើពួកគេមានសមត្ថភាពក្នុងការធ្វើឲ្យផលិតផល ឬសេវាកម្មរបស់ពួកគេខុសប្លែកពីក្រុមហ៊ុនធំៗទាំងនោះ ។
២. សាកល្បង៖
អាជីវកម្មតូចៗមានឱកាសច្រើនក្នុងការសាកល្បងផលិតផល ឬយុទ្ធសាស្ត្រខុសៗគ្នា ដើម្បីរកឲ្យឃើញជម្រើសដែលល្អជាងគេសម្រាប់អាជីវកម្ម ។ ផ្ទុយមកវិញក្រុមហ៊ុនឬអាជីវកម្មធំៗមិនមានសមត្ថភាពក្នុងការសាកល្បងច្រើនទេព្រោះការបរាជ័យនីមួយៗអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាព និងឈ្មោះរបស់ពួកគេ ។
៣. ការផ្សាយពាណិជ្ជកម្ម៖
ជាទូទៅក្រុមហ៊ុន ឬអាជីវកម្មធំៗមិនធ្វើការផ្លាស់ប្តូរច្រើនលើការផ្សាយពាណិជ្ជកម្មផលិតផលខ្លួនទេ ។ ពួកគេតែងតែប្រើការផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពជាងគេម្តងហើយម្តងទៀតដែលមិនអាចទាក់ទាញអតិថិជនថ្មីៗបានដោយមានប្រសិទ្ធិភាពឡើយ ។ ដោយហេតុដូចនេះអាជីវកម្មតូចៗអាចមានឧទាហរណ៍ជាក់ស្តែងរួចជាស្រេចដើម្បីសិក្សាតាមពីចំណុចខ្លាំងនិងខ្សោយដើម្បីជៀសវាងកំហុសឆ្គង និងរកវិធីដែលធ្វើឲ្យការផ្សាយពាណិជ្ជកម្មរបស់ពួកគេកាន់តែមានប្រសិទ្ធិភាព ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ