ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​នឹង​ភាគី​ពាក់ព័ន្ធ​ជួបជុំ​គ្នា ពិនិត្យ និង​ពិភាក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​កម្មករនិយោជិត សហជីព និយោជក សមាគម​និយោជក ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​-​អន្តរជាតិ តំណាង​អង្គទូត និង​ដៃគូ​អភិវឌ្ឍន៍​នានា…

រាជធានី​ភ្នំពេញ ៖ តំណាង​កម្មករនិយោជិត សហជីព និយោជក សមាគម​និយោជក ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​-​អន្តរជាតិ តំណាង​អង្គទូត និង​ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​អ្នកជំនាញ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​មក​ជួបជុំ​គ្នា​ពិនិត្យ និង​ពិភាក្សា​ផ្តល់​យោបល់​ជា​ធាតុ​ចូល​ប្រកបដោយ​គុណប្រយោជន៍​លើ​ការ​ធ្វើ​វិសោធន កម្ម​ច្បាប់​ស្តី​ពី​ការងារ ។

លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នៅ​សណ្ឋាគារ​សាន់​វេ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា​នេះ​ថា ការ​ធ្វើ​វិ​សោ​ន​ធ​កម្ម​ច្បាប់​នេះ​ស្រប​តាម​វិធានការ​កែទម្រង់​មុត​ស្រួច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្កើត​ក្រុមការងារ​សិក្សា​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ឱ្យ​ស្រប​តាម​បរិបទ​សេដ្ឋកិច្ច និង​សង្គម ។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ជាបឋម​លើ​ភាព​ចាំបាច់ និង​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ក្រសួង​បាន​បាន​សហការ​ជាមួយ​អ្នកជំនាញ​របស់​អង្គការ ILO រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​លើក​ទី​១ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​លើ ១-​ការ​កែសម្រួល​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេន​ការងារ​របស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែ មានដំណើរ​ការ​លើស​ពី​១​វេន​ជា​ប្រចាំ ។ ដូច​បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ស្តី​ពី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ចុះ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ របស់​ក្រសួង ការ​កែសម្រួល​នេះ​មាន​គោលបំណង ៖(១) បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប​ដូច​ជា រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី​, គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ការ​កែ​ច្នៃ​ម្ហូបអាហារ​ជាដើម និង (២) បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ជម្រើស និង​តម្រូវការ​ជាក់ស្តែង​របស់​ពួក​គេ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ឡើង ។

ត្រង់​ចំណុច​នេះ ឯកឧត្តម​បាន​បញ្ជាក់ ផង​ដែរ​ថា រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែល​ធ្វើការ​លើស​ពី ១​វេន ម្តងម្កាល គឺ​ត្រូវ​បន្ត​អនុ​វត្តបទ​ប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន ។ លុប​ការ​ឈប់​នៅ​ថ្ងៃ​បន្ទាប់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ ដូចដែល​អនុវត្ត​ចំពោះ​មន្ត្រីរាជការ​សាធារណ​ទូទៅ និង​ការ​អនុវត្ត​នៅ ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ។ ការ​កែសម្រួល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​សំដៅ​លើកកម្ពស់​ផលិតភាព​ការងារ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​កម្ពុជា​ទាំង​ក្នុង​តំបន់ និង​សកលលោក ។

ក្រសួង​នឹង​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ធានា​ថា​ផលប្រយោជន៍​របស់​កម្មករនិយោជិត​គ្រប់​រូប​មិន​ត្រូវ​បាន​កាត់​បន្ថយ ។ លោក​បន្ត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក៏​ជា​ការ​ពង្រីក​វិសាលភាព​សេវាកម្ម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​បុគ្គល​ដូច​ការ​ដោះស្រាយ​វិវាទ​ការងារ​រួ ម​ដែរ ដោយ​មូលហេតុ​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល គឺជា​ស្ថាប័ន​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​ទទួល​បានការ​ទុកចិត្ត​ពី​គ្រប់​ភាគី ។

លោក​បន្ថែម​ថា ចំណុច​អាទិភាព ដែល​ក្រុមការងារ​បាន​សិក្សា និង​រៀបចំ​ដាក់​ជូន​អង្គ​សិក្ខាសាលា​ពិនិត្យ​និង​ពិភាក្សា​រួម​គ្នា ដើម្បី​ទទួល​បានការ​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ចេញ​នូវ​ដំណោះស្រាយ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ការងារ និង​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​គ្រប់​ភាគី​ធ្វើការ​ពិភាក្សា​ឱ្យ​បាន​ផុសផុល​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​រួម ដើម្បី​ធានា​បាន​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ។

ទន្ទឹម​គ្នា​នេះ​ដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​សង្គម និង​ភាគី​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ដែល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ