ក្នុងនាមជាអាជីវករមួយរូប អ្នកមិនអាចខ្វះជំនឿចិត្តលើខ្លួនឯងបានទេ ព្រោះវាធ្វើឲ្យមនុស្សភាគច្រើនភ័យខ្លាចការបរាជ័យដែលធ្វើឲ្យពួកគេខ្វះសកម្មភាពដែលចាំបាច់សម្រាប់ចាប់ផ្តើមឬពង្រីកអាជីវកម្មរបស់ខ្លួន ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់អាជីវករផ្ទាល់ទេ តែក៏អាចបង្កជាបញ្ហាដល់ឱកាសក្នុងការជោគជ័យរបស់អ្នកដែរ ។

ដោយហេតុដូចនេះ វាពិតជាចាំបាច់សម្រាប់អាជីវករក្នុងការរៀនជឿជាក់លើខ្លួនឯង ដើម្បីបង្កើតភាពជោគជ័យសម្រាប់ថ្ងៃមុខ ។ ខាងក្រោមនេះ គឺជាប្រសាសន៍មួយចំនួនរបស់លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលអាចជួយឲ្យអ្នកសម្រេចគោលដៅនេះបាន៖
១. កុំប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់លើលោកនេះ៖
ការប្រៀបធៀបខ្លួនជាមួយមនុស្សដទៃជាប្រចាំជាមុខសញ្ញាបង្ហាញថាអ្នកមិនមានជំនឿចិត្តលើខ្លួនឯងទេ ។ អ្នកត្រូវដឹងថាមនុស្សម្នាក់ៗមានគំនិត ទេពកោសល្យ និងសមត្ថភាពពិសេសៗខុសៗគ្នា ។ ប្រសិនបើគ្រប់អាជីវករមានបុគ្គលិកលក្ខណៈ និងការគិតដូចគ្នាទាំងអស់នោះ អ្នកប្រហែលជាមិនឮរឿងជោគជ័យច្រើនទេ ។
២. ជីវិតមិនយុត្តិធម៌ទេ ដូច្នេះអ្នកគួរតែទម្លាប់ខ្លួននឹងវាទៅ៖
ជីវិតមិនតែងតែយុត្តិធម៌ ហើយអ្វីដែលកើតមានឡើងមិនតែងតែស្របទៅនឹងអ្វីដែលអ្នករំពឹងទុកទេ សូម្បីតែករណីលោកហ្គេតសន៍ក៏ដោយ ។ បន្ទាប់ពីលោកបានចាកចេញពីសាកលវិទ្យាល័យ Havard ហើយ លោកបានបរាជ័យក្នុងអាជីវកម្ម Traf-O-Data ផងដែរមុននឹងជោគជ័យនៅ Microsoft ។ សូម្បីតែពេលលោកបានចាប់ផ្តើមនៅ Microsoft ហើយ លោកក៏ជួបបញ្ហាក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាផ្សេងៗដូចជា Internet of Things ដែរ ។
៣. ប្រសិនបើអ្នកមិនធ្វើឲ្យក្តីសុបិនអ្នកក្លាយជាការពិតទេ មនុស្សដទៃនឹងជួលអ្នកឲ្យធ្វើឲ្យក្តីសុបិនពួកគេក្លាយជាការពិត៖ សហគ្រិនមិនមែនជាបុគ្គលិកល្អទេ ហើយក្នុងនាមជាសហគ្រិន អ្នកគួរតែអនុញ្ញាតឲ្យក្តីសុបិនអ្នកក្លាយជាកត្តាជំរុញទឹកចិត្តរបស់អ្នក មិនមែនជាកត្តាដែលធ្វើឲ្យអ្នកខ្លាចនិងបាក់ទឹកចិត្តទេ ។ អ្វីដែលអ្នកគួរចងចាំ គឺទស្សនៈវិស័យរបស់អ្នកនឹងល្អប្រសើរឡើងរៀងរាល់ពេលដែលអ្នកបានបរាជ័យ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ