ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១០ ខែមករា កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចបិទទីតាំងផលិតប្រហិតត្រីមួយកន្លែង ដោយអះអាងថា គ្មានអនាម័យ និងមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលទីតាំងផលិតប្រហិតត្រីនោះស្ថិតក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នេះថា ការសម្រេចបិទទីតាំងផលិតប្រហិតត្រីខាងលើនេះ គឺដោយសារទីតាំងបើកអាជីវកម្មខាងលើនេះគ្មានច្បាប់ និងគ្មានអនាម័យត្រឹមត្រូវ ព្រមទាំងយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្មទៀតផង។

លោកវរសេនីយ៍ឯក ជ្រិញ គឹមនី បានបន្តថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ផុង ហាក់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជ្រិញ គឹមនី បានបន្តទៀតថា តាមការសាកសួរ គឺត្រីដែលបានដឹកយកមកធ្វើប្រហិតនេះនាំចូលពីប្រទេសថៃ តាមច្រកប៉ោយប៉ែត។

ទាក់ទិននឹងបញ្ហាអាជីវកម្មខាងលើដែលបានបិទជាបណ្តោះអាសន្ននោះ ខាងមន្ទីរជំនាញអាចផ្តល់សិទ្ធិឱ្យលក់វិញ បន្ទាប់ពីម្ចាស់រកទីតាំងថ្មីបានហើយមានអនាម័យត្រឹមត្រូវ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ចំណីផ្លូវសាធារណៈផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ