ខេត្តកំពង់ឆ្នាំង ៖ នៅក្នុងពិធីបុណ្យសពគម្រប់៧ថ្ងៃ នៃមរណភាពរបស់ស្ត្រីនិងកូននៅពេលសម្រាលនោះ ក្រុមគ្រួសារស្ត្រីរងគ្រោះបានសំណូមពរនិងអំពាវនាវដល់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគ្រួសារគាត់ផង ព្រោះការបាង់បង់ជីវិតមនុស្សដល់ទៅ២នាក់ ពិតជាមិនធម្មតាទេ ។
សំណូមពរនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅលំនៅឋានស្ត្រីរងគ្រោះ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ នាព្រឹកថ្ងៃនោះ បុរសជាប្តីមិនអាចផ្ដល់ការសម្ភាសន៍បានទេ ដោយសារតែការសោកសង្រេងខ្លាំងពេក ចំពោះការបាត់បង់ភរិយានិងកូនដែលទើបតែនឹងចាប់បដិសន្ធិ ។ ប៉ុន្តែអ្នកស្រី ទុយ សុខកៀង ដែលត្រូវជាបងស្រីរបស់ស្ត្រីឈ្មោះ ទុយ ចរិយា ដែលបានបាត់បង់ជីវិតនៅពេលសម្រាលកូននោះ និយាយថា ក្រោយពីប្អូនស្រីគាត់បានបាត់បង់ជីវិត នៅពេលសម្រាលកូននៅគ្លីនិកឯកជន យឹម ផល្លា នោះ គាត់ឃើញមេធាវីរបស់គ្លីនិកខាងលើ មកទាក់ទងសុំចរចាសម្របសម្រួលជាសំណងរប្បវេណី ។
ប៉ុន្តែការចរចារបស់មេធាវីគ្លីនិកឯកជន យឹម ផល្លា គឺមិនអាចទទួលយកបានឡើយ ព្រោះសំណងមាន
តម្លៃទាបពេក ហើយជីវិតមនុស្ស២នាក់បានបាត់បង់ជីវិតក្នុងពេលតែមួយ គឺសោកស្តាយខ្លាំងណាស់ ។ ម្យ៉ាងវិញទៀត ប្អូនស្រីគាត់ពេលមានជីវិតរស់នៅ បានចងការប្រាក់គេដើម្បីបើកតូបកាត់ដេរទើបតែបាន១ខែប៉ុណ្ណោះ ពេលនេះបានបាត់បង់ជីវិត ដោយធ្លាក់បន្ទុកមកលើប្អូនថ្លៃរបស់គាត់ដែលជាប្តី ដែលកំពុងទទួលការខុសត្រូវមើល ថែកូនស្រីតូចម្នាក់ទៀតផង ។
ក្នុងនាមរូបគាត់ជាបង និងក្រុមគ្រួសារជនរងគ្រោះ សូមលើកដៃសំពះ សុំអង្វរដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមមេត្តាអន្តរាគមន៍ជួយដល់ ក្រុមគ្រួសារគាត់ផង ។ ជាមួយនេះ សូមជួយពិនិត្យមើលគ្លីនិកខាងលើនេះផង បើនៅតែបណ្ដោយបែបនេះ ច្បាស់ជាមានមនុស្សបានបាត់បង់ជីវិត ទៀតជាក់ជាពុំខានឡើយ ។
សូមរំឭកថា នាវេលាម៉ោងជាង១១យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ត្រីឈ្មោះ ទុយ ចរិយា អាយុ៣១ឆ្នាំ បានមកសម្រាលកូនទី២នៅគ្លីនិកយឹម ផល្លា ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ពេលកូនកើតមកបានបាត់បង់ជីវិត ភ្លាម ចំណែកស្ត្រីជាម្តាយមានអាការធ្លាក់ឈាមខ្លាំង ។ ពេលនោះបុរសជាប្តីឈ្មោះ សេង គឹមហេង ឃើញសភាពប្រពន្ធចេះតែខ្សោយទៅៗក៏សុំពេទ្យឆ្មបបញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រួពេទ្យប្រាប់ថា ហួសពេលទៅហើយនិងបានព្យាយាមជួយសង្គ្រោះ ប៉ុន្តែមិនអាចជួយបានឡើយ ហើយស្ត្រីរងគ្រោះក៏បានបាត់បង់ជីវិត ទៅ ។ ក្រោយការស្លាប់របស់ស្ត្រីរងគ្រោះ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏បានបញ្ជូនសពស្ត្រីរងគ្រោះមកកាន់លំនៅឋានវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ