ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​រថយន្ត​ចាំ​សង្សារ​ច្រឡំ​ជើង​ជាន់​បុក​រះ​អស់​ជា​ច្រើន​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​មក​ឈប់​រង់ចាំ​សង្សារ​សង្ស័យ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​ទំនងជា​ដាក់​លេខ​រថយន្ត​ច្រឡំ​ជាន់​ហ្គា​ទើប​ជ្រុល​ទៅ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​៤​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ទៀត​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​រង​ការ​ខូចខាត ប៉ុន្តែ​សំណាងល្អ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមករា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​មក​ឈប់​រង់ចាំ​សង្សារ​សង្ស័យ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​ទំនងជា​ដាក់​លេខ​រថយន្ត​ច្រឡំ​ជាន់​ហ្គា​ទើប​ជ្រុល​ទៅ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​៤​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ទៀត​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​រង​ការ​ខូចខាត ប៉ុន្តែ​សំណាងល្អ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​នឹង​ផ្សារ​រាត្រី តាម​បណ្តោយ​ផ្លូវ​១០ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 400H ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៩០៤៨ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​មក​ឈប់​រង់ចាំ​សង្សារ​នៅ​កែង​ផ្លូវ​១០២ ទាំង​ស្ថានភាព​ស្រវឹង​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​កំពុង​តែ​ឈប់​រថយន្ត​នោះ ស្រាប់តែ​អ្នកបើកបរ​បាន​ដាក់​លេខ​ហើយ​ច្រឡំ​ជាន់​ហ្គា​ក៏​ជ្រុល​ទៅ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដែល​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ចំនួន​២​គ្រឿង និង​រង​ការ​ខូចខាត​ចំនួន​២​គ្រឿង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​បង្ក​បាន​បន្ត​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្ទះ​ប្រជាពលរដ្ឋ រួច​ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ​ក៏​រ៉ី​យ៉ែ​ថយក្រោយ​មក​ទៅ​បុក រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-០៩២៣ យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទ្វារ​មុខ​ផ្នែក​ខាងឆ្វេង និង​ធ្លាក់​កាង​ខាងក្រោយ ។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​400H​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ទៅ​មុខ​លែង​រួច ហើយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​មិន​បង្ក​អោយ​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​និង​អ្នកបើកបរ​រួម​ជាមួយនឹង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រង​គ្រោះ ព្រមទាំង​រថយន្ត​ព្រូស ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ