រាជធានីភ្នំពេញ ៖ នារីបម្រើការងារនៅអាហារដ្ឋាន«ស្រីនាង» ២នាក់ បានខ្ចីម៉ូតូ ១គ្រឿង ពីមិត្តភក្ដិរួមការងារ នៅក្នុងអាហារដ្ឋានជាមួយគ្នា ជិះដើម្បីទៅបើកប្រាក់នៅទីតាំងវីងមួយកន្លែង ហើយពេលចេញទៅសុខសប្បាយ និងដល់គោលដៅជាធម្មតា ប៉ុន្តែក្រោយពេលបើកប្រាក់បានរួចរាល់ ក៏បានជិះម៉ូតូឌុបគ្នាត្រលប់ទៅអាហារដ្ឋានវិញ បានជួបទុក្ខធំ ដោយសារពួកនាងបើកវ៉ាជែងរថយន្ត និងម៉ូតូនៅខាងមុខជាបន្តបន្ទាប់ ក៏ជ្រុលទៅបុកចំពីមុខរថយន្តតូយ៉ូតាព្រូស ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យនារីអ្នកបើកម៉ូតូរបួសធ្ងន់បាក់ជើង រីឯអ្នកជិះពីក្រោយរួមដំណើររបួសស្រាល ។
ឧប្បត្តិហេតុខាងលើបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបាននិយាយថា នារីរងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ពួកនាងជាអ្នកបម្រើការងារនៅអាហារដ្ឋានមួយកន្លែងយីហោ«ស្រីនាង» ដែលស្ថិតនៅជិតកន្លែងកើតហេតុនោះដែរ។ ដោយឡែកនៅវេលាម៉ោងកើតហេតុខាងលើពួកនាងទាំង២នាក់ បានខ្ចីម៉ូតូ ១គ្រឿង ម៉ាក GIORNO ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ1MM-0382 ពីមិត្តភក្ដិរួមការងារ ដើម្បីជិះឌុបគ្នាបើកប្រាក់នៅទីតាំងវីងមួយកន្លែង ។
ប្រជាពលរដ្ឋ បាននិយាយបន្តថា ពេលចេញទៅពួកនាងសុខសប្បាយ និងដល់គោលដៅជាធម្មតា លុះក្រោយពេលបើកប្រាក់បានរួចរាល់ ក៏បានជិះម៉ូតូឌុបគ្នាត្រលប់ទៅកាន់អាហារដ្ឋានវិញ ដោយបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ ពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជួបទុក្ខធំ ដោយសារពួកនាងបើកវ៉ាជែងរថយន្ត និងម៉ូតូនៅខាងមុខជាបន្តបន្ទាប់ច្រើនគ្រឿង ។ បន្ទាប់មកក៏ជ្រុលទៅបុកចំពីមុខរថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-6647 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹងតែម្ដង ។
ប្រជាពលរដ្ឋ បាននិយាយបន្ថែមថា ខណៈនោះ បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ ហើយនារីដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាងដេកស្ដូកស្ដឹងនៅនឹងកន្លែង រីឯអ្នកជិះពីក្រោយរបួសស្រាល ហើយម៉ូតូបានរងការខូចខាតខ្ទេចខាងមុខយ៉ាងដំណំ ។ ចំណែករថយន្តគ្រាន់តែរងការខូចខាតកាងមុខបន្តិចបន្តួចប៉ុណ្ណោះ រីឯបុរសអ្នកបើកបររថយន្តខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពេលកើតហេតុនារីរងដែលរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ។ បន្ទាប់មកនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានចុះទៅធ្វើការវាស់វែង និងនាំយករថយន្ត និងបុរសអ្នកបើកបរ ព្រមទាំងម៉ូតូរបស់នារីរងគ្រោះទៅកាន់ប៉ុស្តិ៍រង់ចាំការដោះស្រាយនៅពេលក្រោយ ៕







ចែករំលែកព័តមាននេះ