ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីមានបំលាស់ទីអ្នករស់នៅលើទឹក ឲ្យឡើងលើគោករួចមកពេលនេះ អាជ្ញាធរឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានឈានចូលដល់ការរុះរើដំបូលនិងជញ្ជាំងបែត្រីជា បន្តទៀតហើយ បន្ទាប់ពីការផ្លាស់ទីផ្ទះបណ្ដែតទឹកនៅឃុំឆ្នុកទ្រូបានប្រមាណ១០០% ។ ការរុះរើដំបូលនិងជញ្ជាំងបែត្រីនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា បានចំនួន១៧បែត្រី ដើម្បីកុំឱ្យត្រីងៀតឆ្លៀតពងកូនលើផ្ទៃទឹកទៀត ។
មេឃុំឆ្នុកទ្រូ លោក សាំង គីមស៊ន បានបញ្ជាក់ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ខណៈលោកកំពុងដឹកនាំកម្លាំងរុះរើជញ្ជាំង និងដំបូលបែត្រីនៅចំណុចកោះមនោ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នូកទ្រូថា ផ្ទះបណ្តែតទឹកនៅឃុំឆ្នុកទ្រូ មកដល់ពេលនេះបានផ្លាស់ទីឡើងគោក១០០%ហើយ ហើយពេលនេះយើងចាប់ផ្តើមធ្វើរឿងបែត្រីពីក្រោមមានផ្ទះនៅពីលើវិញម្តង ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះគឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ អាជ្ញាធរឃុំឆ្នុកទ្រូ សហការជាមួយសមត្ថកិច្ចចម្រុះ បានចុះរុះរើដំបូលនិងជញ្ជាំងបែចិញ្ចឹមត្រីបានចំនួន១៧បែហើយ ក្នុងចំណោមបែចិញ្ចឹមត្រីចំនូន៧៩បែ ។
លោកមេឃុំបញ្ជាក់ថា បែត្រីក្នុងភូមិឆ្នុកទ្រូ មានចំនួន៧៩ ក្នុងនោះបែមានត្រី៧១ និងបែគ្មានត្រីចំនួន៨ ពេលនេះកំពុងរុះរើជាបណ្តើរៗនិងធ្វើរហូតដល់អស់ទាំងស្រុងតែម្តង ។ តាមការ ណែនាំរបស់អាជ្ញាធរខេត្ត គឺមិនអនុញ្ញាតឲ្យរស់នៅលើបែត្រី ដែលមានដំបូលនិងជញ្ជាំងដូចជាលំនៅឋានរស់នៅឡើយ តែអាចឲ្យពួកគាត់ចិញ្ចឹមត្រីក្នុងបែជាបន្តបាន ឯម្ចាស់ត្រូវរស់នៅលើគោក ។ ដោយឡែក អភិបាលរងស្រុកបរិបូណ៌ លោកផល ភាព បានបញ្ជាក់ថា កន្លងមកទាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះណែនាំអប់រំពួកគាត់ច្រើនដងហើយ ប៉ុន្តែប្រហែលដោយសារពួកគាត់ខ្លះជាប់រវល់ ទើបពេលនេះកម្លាំងសមត្ថកិច្ចចម្រុះបានចុះមកជួយរុះរើ ហើយអ្នកខ្លះទៀត ក៏រុះរើដោយខ្លួនឯង ។
ក្នុងនាមរូបលោកជាអាជ្ញាធរ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម ទាំងអស់គ្នា ក្នុងការរុះរើដំបូល និងជញ្ជាំងពីលើបែត្រីរបស់ខ្លួន ដើម្បីឲ្យបានឆាប់រហ័សតាមការណែនាំរបស់អាជ្ញាធរខេត្ត ។ បើតាមផែនការរបស់លោកមេឃុំ ក្រោយពីរុះរើដំបូល និងជញ្ជាំងបែត្រីអស់ហើយ បែត្រីទាំងអស់នឹងយកមកដាក់ប្រមូលផ្តុំឲ្យនៅជិតគ្នា ក្នុង១០បែដាក់មួយកន្លែង ដើម្បីដាក់ឲ្យមានរោងមួយងាយស្រួលពួកគាត់យាមការពារត្រីក្នុងបែចិញ្ចឹមរបស់ខ្លួន និងម្យ៉ាងវិញទៀតងាយស្រួលដល់ការការពាររបស់អាជ្ញាធរនិងសមត្ថកិច្ចផងដែរ ។
ទោះជាយ៉ាងនេះក្តី ក្នុងរយៈពេលនេះការរុះរើដំបូលនិងជញ្ជាំងបែត្រីរបស់អាជ្ញាធរហាក់មានភាពយឺតយ៉ាវ ព្រោះបើគិតរយៈពេល៥ថ្ងៃរុះបាន ត្រឹមតែ១៧បែប៉ុណ្ណោះ អាចថាមិនសូវមានការចូលរួមពីម្ចាស់ចិញ្ចឹមត្រីក្នុងបែនោះឡើយ ។ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថា បើទុកបែត្រីឱ្យមានផ្ទះសង់ពីលើ ប្រៀបដូចទុកផ្ទះបណ្តែតទឹកដដែល ហើយយូរៗទៅផ្ទះបណ្តែតទឹកក្នុងនាមបែត្រីពីក្រោមនេះច្បាស់ជារីកស្គុះស្គាយពេញផ្ទៃទឹកមិនខានឡើយ ៕
ចែករំលែកព័តមាននេះ