វប្បធម៌ និងវិចិត្រសិល្បៈដ៏រុងរឿងរបស់ខ្មែរ បានទទួលរងនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរក្នុងដំណាក់កាលដែលប្រទេសកម្ពុជាស្ថិតក្នុងវិបត្ដិសង្គម និងសង្គ្រាមរ៉ាំរ៉ៃជិត៣ទសវត្ស ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប៉ុន្ដែក្រោមកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាល ប្រទេសទាំងមូលបានរួចផុតពីសង្គ្រាម។ សន្ដិភាព ឯកភាពជាតិ ប្រជាធិបតេយ្យ សន្ដិសុខ និងសណ្ដាប់ធ្នាប់ សង្គមត្រូវបានកសាង និងពង្រឹងដែលទាំងនេះគឺជាកត្ដាចាំបាច់បំផុតសំរាប់នាំឱ្យប្រទេស ទាំងមូលឈានមកដល់កំរិតអភិវឌ្ឍន៍ដូចសព្វថ្ងៃ ។
បន្ថែមលើសកម្មភាពអភិវឌ្ឍន៍នៅគ្រប់វិស័យរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ ទៅដល់វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ដ្រ និងផែនការសកម្មភាពដ៏ច្បាស់លាស់ដោយចាត់ទុកថា វប្បធម៌ និងជាវិចិត្រសិល្បៈ គឺជាព្រលឹងជាតិ និងអត្ដសញាណជាតិខ្មែរ ដែលមានតំលៃមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំងជាប្រភពមិនចេះរីងស្ងួតសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយនិរន្ដរភាព។
ការដាក់ចេញនូវគោលដៅវប្បធម៌ “កម្ពុជាៈ ព្រះរាជាណាចក្រនៃវប្បធម៌” នាពេលនេះ គឺពិតជាឆ្លើយតបទៅនឹងគោលនយោបាយវប្បធម៌របស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការទប់ស្កាត់ការហូរចូលនូវឥទ្ធិពលអវិជ្ជមាន ផ្នែកវប្បធម៌ពីបរទេស និងការលើកតំកើងវប្បធម៌ និងអារ្យធម៌ខ្មែរលើឆាកអន្ដរជាតិ ។
សមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជានៅលើឆាកអន្ដរជាតិ គឺស្ដែងឡើងតាមរយៈការចុះបញ្ជីអង្គរជាបេតិកភណ្ឌពិភពលោកកាលពី ថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២ ការបញ្ចូលរបាំក្បាច់បុរាណខ្មែរ “របាំព្រះរាជទ្រព្យ” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពី ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០០៣ និង “ល្ខោន ស្រមោលស្បែកធំ” នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ ២០០៥។
ជាពិសេសព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ គឺនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារដែលជាទីសក្ការៈត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយនៅថ្ងៃទី២៦ តុលា ឆ្នាំ២០០៩ ប្រទេសកម្ពុជាទទួលបានជំនឿទុកចិត្ដ និងការគាំទ្រដ៏ធំធេងពីសំណាក់អន្ដរជាតិដោយបានជាប់ឆ្នោតលំដាប់លេខ២ ជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកថែមទៀត ។
ទន្ទឹមនឹងជោគជ័យនាពេលកន្លងមកយើងនៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលត្រូវបំពេញជាពិសេសកិច្ចការទាញប្រយោជន៍ពីបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិ ។ ជាអាទិ៍ ប្រាសាទសំបូរព្រៃគុក នៅខេត្ដកំពង់ធំ ប្រាសាទបន្ទាយឆ្មារនៅខេត្ដបន្ទាយមានជ័យ ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹង នៅខេត្ដបាត់ដំបង ប្រាសាទវត្ដនគរ និងបន្ទាយព្រៃនគរនៅខេត្ដកំពង់ចាម ប្រាសាទភ្នំជីសូរ ភ្នំបាយ៉ង់ ភ្នំដា នៅខេត្ដតាកែវ ។ល។ សុទ្ធសឹងតែមាន លក្ខណសម្បត្ដិគ្រប់គ្រាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ប៉ុន្ដែទាមទារឱ្យយើងយកចិត្ដទុកដាក់កែលំអកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនបន្ថែមទៀត សំរាប់ការពង្រីកគោលដៅទេសចរណ៍វប្បធម៌។
ចំណែកបេតិកភណ្ឌវប្បធម៌អរូបី ដូចជា សិល្បៈទស្សនីយភាព សិល្បៈសូនរូប ប្រពៃណី ទំនៀមទំលាប់ និងពិធីបុណ្យនានាសុទ្ធតែអាចយកមកកែច្នៃ និងបង្កើតជាផលិតផល ឧស្សាហកម្មវប្បធម៌ សំរាប់ជាជំនួយដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ។ ជាក់ស្ដែងសកម្មភាពពង្រឹងឧស្សាហកម្មវប្បធម៌ ដូចជា ការបង្កើតនូវទំរង់ និងទស្សនីយភាពសិល្បៈថ្មីៗ សិប្បកម្មគ្រប់ប្រភេទ សិល្បៈភាពយន្ដ និងការបង្កើតព្រឹត្ដិការណ៍វប្បធម៌ដូចជា មហោស្រពខ្លែង មហោស្រពសិល្បៈទស្ស នីយភាព មហោស្រពប្រឡងម្ហូបខ្មែរ ការបង្ហាញសំលៀកបំពាក់ប្រពៃណី ការតាំងពិព័រណ៍វប្បធម៌ គឺសុទ្ធតែជាការអភិវឌ្ឍន៍នូវទំនិញ និងសេវាកម្មវប្បធម៌ សំដៅទាក់ទាញអ្នកប្រើប្រាស់ ព្រមទាំងបង្ហាញអត្ដសញ្ញាណជាតិខ្មែរ ឱ្យសាធារណជនក្នុងនិងក្រៅប្រទេសបានស្គាល់កាន់តែច្បាស់ ។
លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន បានថ្លែងក្នុងសុន្ទរកថារបស់លោកក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈឆ្នាំ២០០៩ថា ដើម្បីបន្ដកិច្ចការថែរក្សាការពារសម្បត្ដិវប្បធម៌អារ្យធម៌ជាតិ និងការអនុវត្ដន៍គោលនយោបាយវប្បធម៌របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខ្ញុំសូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្ដកិច្ចខិតខំប្រឹងប្រែង និងបង្កើនកិច្ចសហការជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិនិងអន្ដរជាតិទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីប្រើប្រាស់សក្ដានុពលវប្បធម៌ខ្មែរ សំរាប់បង្កើតជាផលិតផលវប្បធម៌ថ្មីៗក្នុងទិសដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៅទូទាំងប្រទេសដោយផ្ដោតការយកចិត្ដទុកដាក់លើសកម្មភាពមួយចំនួនដូចខាងក្រោមៈ
១-ត្រូវបង្កើនការបណ្ដុះបណ្ដាលធនធាន មនុស្ស និងត្រូវអភិវឌ្ឍន៍សមត្ថភាពមន្ដ្រីរាជការសំរាប់វិស័យវប្បធម៊ និងវិចិត្រសិល្បៈឱ្យសមស្របទៅតាមតំរូវការនាពេលបច្ចុប្បន្ន និងទៅអនាគត ។
២-បន្ដពង្រឹងសកម្មភាពទាញយកប្រយោជន៍ពីសក្ដានុពលសម្បត្ដិវប្បធម៌ ដែល មាននៅទូទាំងប្រទេស ។ ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រិសល្បៈគួរផ្ដោតការយកចិត្ដទុកដាក់ទៅលើការងារមួយចំនួនដូច ខាងក្រោមៈ
-បន្ដរៀបចំតំបន់បេតិកភណ្ឌវប្បធម៌ បន្ថែមទៀតនៅតាមបណ្ដាខេត្ដដូចជានៅខេត្ដកំពង់ធំ តាកែវ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្ដាល និងកំពត ឱ្យទៅជាមណ្ឌលវប្បធម៌ដ៏ទាក់ទាញសំរាប់បំរើសេវាទេសចរណ៍វប្បធម៌ដែលកាន់តែមានការកើនឡើងនាពេលបច្ចុប្បន្ន ។
-ត្រូវខិតខំពង្រីករមណីយដ្ឋានវប្បធម៌ ព្រោះថា រមណីយដ្ឋានទាំងនេះ ក៏អាចជាគោលដៅដ៏មានសក្ដានុពលសំរាប់ការថតភាពយន្ដផងដែរ ។ ជាការពិត វិស័យភាពយន្ដរបស់កម្ពុជាមិនអាចប្រកួតប្រជែងជាមួយភាពយន្ដអន្ដរជាតិបាននោះទេនាពេលបច្ចុប្បន្ននេះ ប៉ុន្ដែកម្ពុជាមានសក្ដានុពលភាពធំធេងទាំងសម្បត្ដិវប្បធម៌ និងធម្មជាតិ ដែលអាចឱ្យយើងទាញយកផលប្រយោជន៍បានតាមរយៈការធ្វើឱ្យមានការចាប់អារម្មណ៍ កាន់តែខ្ពស់ថា “កម្ពុជាជាទីកន្លែងដ៏សមស្រប បំផុតសំរាប់ការថតខ្សែភាពយន្ដអន្ដរជាតិ” ។ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ គួរបន្ដកិច្ចសហប្រតិបត្ដិការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយន្ដការ “ច្រកចេញ-ចូលតែមួយផ្នែកសិល្បៈភាពយន្ដ និងវីដេអូ” ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនជាតិ និងអន្ដរជាតិក្នុងការធ្វើអាជីវកម្មភាពយន្ដនៅកម្ពុជា ។
៣-បន្ដជំរុញការផ្ដល់សេវាលើវិស័យ សិល្បៈទស្សនីយភាព និងសិល្បៈសូនរូប ព្រម ទាំងសិល្បៈសិប្បកម្មៈ
-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវបន្ដកិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធថែម ទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្ដរជាតិ និងវិស័យឯកជន ដើម្បីបន្ដរៀបចំឱ្យបានកាន់តែប្រសើរនូវព្រឹត្ដិការណ៍នៃទិវាវប្បធម៌ជាតិ៣មីនា និងមហោស្រពវប្បធម៌ប្រពៃណីសិល្បៈជាតិ ជាអាទិ៍ មហោស្រពសិល្បៈទស្សនីយភាព មហោស្រពខ្លែងខ្មែរ ការបង្ហាញគំរូសំលៀកបំពាក់ខ្មែរ មហោស្រពម្ហូបខ្មែរ មហោស្រពសិល្បៈ សូន្យរូប និងសិល្បៈសិប្បកម្ម និងការតែងនិពន្ធ ។ខ្ញុំពិតជាមានជំនឿថា ព្រឹត្ដិការណ៍វប្បធម៌ទាំងនេះនឹងបង្កលក្ខណៈកាន់តែប្រសើរដល់ការផ្សព្វផ្សាយវប្បធម៌ជាតិតាម រយៈការបង្ហាញស្នាដៃវប្បធម៌ថ្មីៗ ការលក់ផលិតផលវប្បធម៌ផ្សេងៗ និងទាក់ទាញភ្ញៀវទេសចរ។
-បន្ដឱ្យមានការចូលរួមពីសំណាក់វិស័យ ឯកជន ដើម្បីជំរុញវិស័យសិល្បៈទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្មឱ្យ ទៅជាឧស្សាហកម្មវប្បធម៌ សំដៅបង្កើត និង ចែកចាយផលិតផល ព្រមទាំងផ្ដល់សេវាកម្ម វប្បធម៌ដែលអាចឆ្លើយតបទៅនឹងតំរូវការរបស់ទីផ្សារក្នុងស្រុក និងអន្ដរជាតិ ។
៤-ពង្រឹងការអនុវត្ដន៍ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឱ្យទៅជាកត្ដាចាំបាច់ក្នុងការលើកទឹកចិត្ដអ្នកនិពន្ធឱ្យ បង្កើតស្នាដៃថ្មីៗ និងទាក់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មវប្បធម៌ ។ ក្នុងន័យនេះក្រសួងវប្បធម៌ និងវិចិត្រសិិល្បៈត្រូវបន្ដផ្សព្វផ្សាយបទដ្ឋានគតិយុត្ដ ខ្នាតសិល្បៈខ្មែរ ដល់អ្នកនិពន្ធ សិប្បករ សិល្បករ សិល្បការិនី ក្រុមហ៊ុន ផលិតកម្មចំរៀង ភាពយន្ដ វីដេអូ ដើម្បីធ្វើយ៉ាងណាឱ្យស្នាដៃសិល្បៈដែលត្រូវបានផលិតចេញមានលក្ខណៈសមស្របទៅ តាមតំលៃវប្បធម៌ ទាំងអត្ថន័យ អត្ថរូប និង អត្ថរស ហើយគោរពឱ្យបាននូវសិទ្ធិរបស់សិល្បករ សិប្បករដូចគ្នា ។
ទន្ទឹមនឹងនេះ ក្រសួងត្រូវបន្ដពង្រឹងការអនុវត្ដន៍ច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងអនុក្រឹិត្យស្ដីពីការអនុវត្ដន៍ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជំរុញការទប់ស្កាត់ការលួចជីកកកាយ ការចរាចរណ៍វត្ថុបុរាណដោយខុសច្បាប់ការបំផ្លិច បំផ្លាញរមណីយដ្ឋានប្រាសាទបុរាណជាដើម ។ ដោយឡែក ក្រសួងក៏ត្រូវរៀបចំព្រះរាជក្រឹត្យកំណត់ព្រំដែននៃបរិវេណរមណីយដ្ឋានដែលត្រូវការពារដូចមានចែងក្នុងមាត្រា៦នៃកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដើម្បីជំរុញអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទបុរាណប្រកប ដោយចីរភាព។
លើសពីនេះត្រូវរៀបចំឱ្យបានសំរេចជាបន្ទាន់នូវអនុក្រឹត្យចំនួន៣ ស្ដីពីការគ្រប់គ្រងសិល្បៈទស្សនីយភាព ការគ្រប់គ្រងសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងការបង្កើតអង្គភាពគ្រប់គ្រងសិទ្ធិរួមក្នុងការផ្ដល់សេវាកម្មដល់វិស័យឯកជនក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ឱ្យមានប្រសិទ្ធភាព។
កិច្ចការថែរក្សាការពារ និងអភិវឌ្ឍវប្បធម៌អារ្យធម៌ជាតិ គឺជាកិច្ចការដែលប្រកបដោយភាពស្មុគស្មាញ និងគ្មានទីបញ្ចប់ ព្រមទាំងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ពីសំណាក់រាជរដ្ឋាភិបាលក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសការចូលរួមចំណែកគ្រប់រូបភាពពីសំណាក់អង្គការជាតិ និងអន្ដរជាតិ វិស័យឯកជន និងមហាជន។ សម្បត្ដិវប្បធម៌ គឺជាសម្បត្ដិរបស់យើងទាំងអស់គ្នា ដូច្នេះខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្ដិការដ៏ល្អ ជិតស្និទ្ធ និង ស្មោះត្រង់រវាងគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធ ទាំងអស់នឹងនាំមកនូវការថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ប្រកបដោយផ្លែផ្កា ៕
ចែករំលែកព័តមាននេះ