ខេត្តតាកែវ ៖ កូនកំលោះបានក្លាយជាអ្នកទោសបង្ករបួសស្នាមនៅក្នុងពិធីអាពាហ៍ពិពាហ៍ ដោយសារតែឪពុកបង្កើតរបស់ខ្លួនខឹងអ្នកចម្រៀងស្រី ព្រោះសុំរំាឱបជាមួយមិនបាន ក៏ក្លាយជាជម្លោះជាមួយក្រុមតន្ត្រីរហូតឈានដល់ផ្ទុះហិង្សា ហើយក្រុមកូនកំលោះ និងបក្ខពួកមួយចំនួន បានយកកៅអីជ័រ កែវស្រា គប់ទៅលើក្រុមតន្ត្រីករ និងក្រុមអ្នកចម្រៀង បណ្តាលឱ្យរងរបួស មិនតែប៉ុណ្ណោះឧបករណ៍តន្ត្រីមួយចំនួនក៏រងការខូចខាតដែរ ។
នេះជាបាតុភាពមួយដែលបានកើតមានឡើងគួរឱ្យហួសចិត្ត ដែលទាំងឪពុកនិងកូនកំលោះមិនបានផ្តល់ជ័យមង្គល ឬជោគសិរីដល់ពិធីមង្គលការកូន និងខ្លួនឯងនោះទេ បែរជាប្រព្រឹត្តនូវទង្វើដែលមហាជនហួសចិត្ត និងនឹកស្មានមិនដល់ទៅវិញ ។ តាមប្រភពព័ត៌មានជុំវិញហេតុការណ៍ខាងលើនេះ អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានរាយការណ៍ថា កើតឡើងដោយសារឪពុកកូនកំលោះផឹកស្រវឹង និងអាងអំណាចខ្លួនជាមេបញ្ជាការរងប៉េអឹមស្រុកផងនោះ នៅពេលក្រុមតន្ត្រីសម័យកំពុងតែប្រគំភ្លេងរាំវង់សប្បាយ គាត់បែរជាចង់រាំបទស្លូវជាមួយអ្នកចម្រៀង តែនារីអ្នកចម្រៀងមើលទៅឃើញគាត់ស្រវឹងហើយ ក៏មិនហ៊ានរាំជាមួយ ទើបធ្វើឱ្យឪពុកកូនកំលោះមានកំហឹង ។ កំហឹងនេះឮដល់កូនកំលោះ ក៏កាន់ជើងឪពុកខ្លួន រួចនាំបក្ខពួកពីរបីនាក់ទៀត ដោយអ្នកខ្លះយកកៅអី ខ្លះយកកែវស្រា គប់ទៅលើក្រុមតន្ត្រី និងអ្នកចម្រៀង បណ្តាលឱ្យរបួស មិនតែប៉ុណ្ណោះបានវាយបំផ្លាញឧបករណ៍តន្ត្រីឱ្យខូចខាតអស់មួយចំនួនទៀត ។
ហេតុការណ៍ឪពុក និងកូនកំលោះ បង្កការអុកឡុកក្នុងថ្ងៃមង្គលការខ្លួនឯងនេះ កើតឡើងកាលពីថ្ងៃទី៦ កក្កដា វេលាម៉ោង៦និង៣០នាទីល្ងាច នៅភូមិក្បាលពោធិ ឃុំសំបួរ ស្រុកទ្រាំង។ លោក បុិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង បានប្រាប់កោះសន្តិភាពថា ជនល្មើសជាកូនកំលោះដែលបង្កហិង្សាដល់ក្រុមតន្ត្រីនេះឈ្មោះ គង់ ផល្លា អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃតាសឹង ឃុំបាស្រែ ស្រុកអង្គរបុរី ត្រូវជាកូនប្រុសរបស់លោក គង់ វិគល់ ជាមេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកអង្គរបុរី ។ លោកអធិការរងស្រុក បានបន្តទៀតថា កូនកំលោះរូបនេះ ត្រូវនគរបាលចាប់ខ្លួនវាយខ្នោះ នៅថ្ងៃទី៧ កក្កដា វេលាម៉ោង៧និង៣០នាទីព្រឹក ព្រោះពេលកើតហេតុភ្លាមៗគឺយប់ទៅហើយ ។
មុនពេលកើតហេតុ ខណៈពេលកំពុងរាំលេងសប្បាយនោះ ឪពុកកូនកំលោះ គឺលោក គង់ វិគល់ ដែលស្រវឹងធ្លាក់ភ្នែកផង បានឡើងលើឆាក និងសុំនារីអ្នកចម្រៀងរាំស្លូវជាមួយខ្លួន ចំនួន៣បទ តែនារីអ្នកចម្រៀងនោះមិនព្រមរាំជាមួយទេ ក៏ធ្វើឱ្យមេបញ្ជាការរងប៉េអឹមស្រុកអង្គរបុរីរូបនេះ ខឹងឆេវច្រឡោតយ៉ាងខ្លាំង ធ្វើឱ្យពិធីរាំលេងសប្បាយ ប្រែក្លាយជាអាប់អួមួយរំពេច និងបង្កការភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះវាមិនមែនជារឿងធម្មតា ។ ខណៈនោះមានមនុស្សមកនាំលោកមេបញ្ជាការរងរូបនេះចេញទៅបាត់ កុំឱ្យរំខានមង្គលការ ។ បន្តិចក្រោយមក កូនកំលោះមានកំហឹងស្នងឪពុក ក៏បាននាំបក្ខពួករបស់ខ្លួនមកដល់ រួចក៏យកកៅអី និងកែវស្រា គប់លើក្រុមតន្ត្រី និងអ្នកចម្រៀង បណ្តាលឱ្យរងរបួសចំនួន៤នាក់ គឺ១-ឈ្មោះ អ៊ួន សំឡូត ភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកចម្រៀង រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្នុង ក្រុងដូនកែវ ។
២-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ ជាអ្នកលេងភ្លេង រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ។ ៣-ឈ្មោះ ជី វី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកចម្រៀង រស់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ និង៤-ឈ្មោះ ផូ សារ៉ាន់យ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកចម្រៀង រស់នៅក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ រងរបួសស្រាល ។ បន្ទាប់ពីវាយប្រហារលើក្រុមតន្ត្រីករ និងអ្នកចម្រៀងឱ្យរបួសហើយ កូនកំលោះ និងបក្ខពួក បានព្រួតគ្នាវាយបំផ្លាញឧបករណ៍ភ្លេង បណ្តាលឱ្យខូចអស់មួយចំនួនធំទៀត ។ លោកអធិការរងស្រុកបានបញ្ជាក់ថា នៅពេលឃើញសកម្មភាពរបស់ក្រុមកូនកំលោះបែបនេះ មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសំបួរចំនួន២នាក់ ដែលគេពឹងមកការពារក្នុងពិធីនេះ ក៏ចូលមកឃាត់ តែក៏ត្រូវក្រុមកូនកំលោះព្រួតវាយទ្រមខ្លួនទៀត ។ នគរបាលដែលរងគ្រោះនេះ ម្នាក់ឈ្មោះ សែម ជា និងម្នាក់ទៀតឈ្មោះ កិល ចាន់ថន ។ បន្ទាប់ពីចាប់ខ្លួនកូនកំលោះ នៅថ្ងៃទី៨ កក្កដា ទាំងតំណាងជនល្មើស និងភាគីរងគ្រោះ បានជួបចរចាគ្នានៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ប៉ុន្តែការសម្របសម្រួលគ្នានេះមិនត្រូវគ្នាទេ ទើបបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត ។
លោកវរសេនីយ៍ទោ យុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឱ្យដឹងថា យើងបានកសាងសំណុំរឿងគ្រប់គ្រាន់អស់ហើយ នៅព្រឹកថ្ងៃទី៩ កក្កដា ហើយយើងបាននាំខ្លួនជនល្មើសទៅសាលាដំបូងខេត្ត រួមជាមួយនឹងវត្ថុតាង ដើម្បីឱ្យច្បាប់ចាត់ការទៅតាមនីតិវិធី ។
ក្រុមអ្នកវិភាគនិយាយថា ឪពុកធ្វើមេប៉េអឹមបែបនេះ សង្ស័យកូនប្រុសខ្លាំងជាងឪទៅទៀត យើងចាំមើលច្បាប់ខេត្តតាកែវទៀត តើដោះស្រាយបែបណា ៕
ចែករំលែកព័តមាននេះ