រាជធានីភ្នំពេញ ៖ កម្ពុជាអាចខាតបង់ថវិកាចន្លោះពី ៥០០ លានដុល្លារអាមេរិកទៅជាង ៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បន្ទាប់ពីសហភាពអឺរ៉ុបបានព្យួរការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ ហៅកាត់ថា (EBA) ២០% នោះ។ ការបាត់បង់ពន្ធ EBA នេះ អាចជះឥទ្ធិពលដល់វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា។

ប៉ុន្តែក្រោយពីបាត់បង់ EBA ២០% ប៉ុន្មានខែមកនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC ដែលតំណាងឲ្យអ្នករកស៊ីខាងឧស្សាហកម្មកាត់ដេរនៅកម្ពុជានោះ បានសម្លឹងឃើញប្រព័ន្ធអនុគ្រោះទូទៅដែលហៅកាត់ថា GSP របស់ប្រទេសអង់គ្លេសវិញម្តង ។ ក្តីរំពឹងលើ GSP របស់អង់គ្លេស ពីព្រោះតែសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មើលឃើញថាកម្ពុជាមានលក្ខខណ្ឌអាចទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អងគ្លេសនេះ ដោយសារកម្ពុជា ជាប្រទេសក្រីក្រ។
នៅក្នុងសេចក្តីជូនដំណឹងប្រាប់ទៅដល់សមាជិកសមាគម GMAC ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះបានលើកឡើងថា ការចាកចេញអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នឹងធ្វើឲ្យប្រទេសនេះ មានវិធានថ្មី ដែលចេញដោយនាយកដ្ឋានពាណិជ្ជអន្តរជាតិរបស់ប្រទេសអង់គ្លេស។ នោះមានន័យថាចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២១ អង់គ្លេសនឹងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់ប្រទេសផ្សេងៗ ដែល GSPនេះ ដូចគ្នា ទៅនឹង GSP របស់សហភាពអឺរ៉ុបដែរ។
សូមបញ្ជាក់ថា GSP របស់អង់គ្លេសនឹងផ្តល់ឲ្យទៅប្រទេស មានការអភិវឌ្ឍតិចតូចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។សមាគមរោងចក្រកាត់ដេរនៅកម្ពុជាសង្ឃឹមថាកម្ពុជាអាចនឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅពីប្រទេសអង់គ្លេសដោយសារកម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាប្រទេសមានការអភិវឌ្ឍតិចតូច។

ជាមួយក្តីសង្ឃឹមថានឹងទទួលបានGSP អអ់គ្លេសនេះ សមាគមរោងចក្រកាត់ដេរកម្ពុជាបញ្ជាក់ថាខ្លួនកំពុងធ្វើការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានិងភាគីប្រទេសអង់គ្លេស។
សូមជម្រាបថាឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាពឹងសំខាន់លើទីផ្សារនៅអឺរ៉ុបនិងអាមេរិក។ អឺរ៉ុបដែលពីមុនមានប្រទេសអង់គ្លេសផង ប៉ុន្តែនៅពេលអង់គ្លេសចាកចេញពីអឺរ៉ុបនោះ ប្រទេសនេះ អាចជាទីផ្សាររបស់កម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ