ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​ត្រូវការ​ទុន៤០​លាន​ដុល្លារ​ដើម្បី​ស្តារ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​អះអាង​ថា រាជរដ្ឋាភិបាល​ត្រូវការ​ទឹកប្រាក់​៤០​លាន​ដុល្លារ​ដើម្បី​ស្តារ និង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​ឡើង​វិញ ខណៈ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ក្រុមហ៊ុន​ឯកជន ដើម្បី​ចាប់ផ្តើម​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ ។ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​អះអាង​ថា រាជរដ្ឋាភិបាល​ត្រូវការ​ទឹកប្រាក់​៤០​លាន​ដុល្លារ​ដើម្បី​ស្តារ និង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​ឡើង​វិញ ខណៈ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ក្រុមហ៊ុន​ឯកជន ដើម្បី​ចាប់ផ្តើម​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា កន្លង​មក​ថា រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន តាម​រយៈ​មធ្យោបាយ​២​គឺ ទី​១ ធ្វើ​ឡើង​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ទាញ​យក​គម្រោង​នេះ​ពី​គោលនយោបាយ​ខ្សែក្រវាត់​១ ផ្លូវ​១ របស់​ចិន ។ គម្រោង​នេះ​បាន​ដាក់​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួច​ហើយ និង​ទី​២ តាម​រយៈ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ឲ្យ​ធនាគារ​នេះ​ជួយ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ។

លោក​បន្ត​ថា ៖« ការ​វិនិយោគ​សាងសង់​ព្រ​លាន​នេះ​ឡើង​វិញ ត្រូវការ​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន ហើយ​អ្នក​វិនិយោគ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ដើម្បី​ទាញ​យក​ផល​ចំណេញ​ត្រឡប់​មក​វិញ » ។ លោក​បន្ត​ថា ៖« ទំហំ​ទឹកប្រាក់​នេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​ពង្រីក​ព្រ​លាន ដែល​អាច​ចុះ​ចត​អាកាសចរណ៍​ក្នុងស្រុក​ប៉ុណ្ណោះ » ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​បន្ថែម​ថា បច្ចុប្បន្ន ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត ហើយ​ជំនាន់​លោក ឡូយ សុ​ផាត ជា​អភិបាលខេត្ត លោក​បាន​ទុក​ដី​ខ្លះ​សម្រាប់​ពង្រីក​ព្រ​លាន​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ យើង​មិនដឹង​ថា មានការ​ប្រែប្រួល​យ៉ាងណា​នៅឡើយ​ទេ ។
ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង ជា​ព្រ​លាន​មួយ​ដែល​មានការ​រក្សា​ទុក​បាន​ល្អ​ប្រសើរ​ជាងគេ បើ​ធៀប​នឹង​បណ្តា​ព្រ​លាន​យន្តហោះ​នៅ​តាម​បណ្តា​ខេត្ត​នៃ​ទឹកដី​ភូមិភាគ​ឦសាន​នានា ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា ប្រសិនជា​មាន​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង លោកស្រី​ជឿ​ថា ខេត្ត​នៅ​តាម​បណ្តា​ភូមិភាគ​ឦសាន នឹង​មានការ​រីក​ចម្រើន​លឿន ជា​ពិសេស​ភ្ញៀវ​ទេសចរ​នឹង​ទៅ​ទស្សនា​កាន់តែ​ច្រើន ព្រោះ​ពួក​គេ​ចំណាយពេល​តិច​ក្នុង​ការ​ធ្វើ​ដំណើរ ។
លោកស្រី​បន្ត​ថា ៖« ទោះបី​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​មាន​ភាព​ងាយស្រួល​ក្តី ក៏​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយពេល​យូរ ។ ហេតុនេះ ប្រសិនជា​មាន​ព្រ​លាន​យន្តហោះ នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​ចំណាយពេល​ច្រើន » ។
លោកស្រី​បន្ថែម​ថា ៖« ខេត្តស្ទឹងត្រែង​ក៏​ជា​ខេត្ត​ងាយស្រួល​ក្នុង​កា​រត​ភ្ជាប់​ទៅ​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន​ដទៃ​ទៀត ដូច​ជា ក្រចេះ រតនគិរី និង​ខេត្តមណ្ឌលគិរី » ។

អ្នក​វិនិយោគ​រមណីយដ្ឋាន Mekong Bird​នៅ​ក្នុង​ខេត្តស្ទឹងត្រែង លោក ថោ​ង អូន បាន​និយាយ​ថា លោក​ជឿជាក់​ថា ប្រសិនជា​មាន​ព្រ​លាន​យន្តហោះ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​សាងសង់​និង​ដំណើរការ​ឡើង​វិញ ព្រ​លាន​យន្តហោះ​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​នានា​ងាយស្រួល​ធ្វើ​ដំណើរ​មក​កម្សាន្ត ដោយ​មិន​ចាំបាច់​ចំណាយពេល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ ។ លោក
បន្ត​ថា ព្រ​លាន​យន្តហោះ​នេះ ក៏​អា​ចត​ភ្ជាប់​ជាមួយ​ព្រ​លាន​យន្តហោះ​ក្នុង​តំបន់ ដូច​ជា ព្រ​លាន​យន្តហោះ​នៅ​ប្រទេស​ឡាវ និង
ថៃ ជាដើម ។
លោក​បន្ត​ថា ៖« ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​នៅ​មាន​កម្រិត​នា​ភូមិភាគ​ឦសាន ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ។ ហេតុនេះ បើសិនជា​មាន​ព្រ​លាន​នេះ ខ្ញុំ​ជឿ​ថា នឹង​មាន​ភ្ញៀវ​ធ្វើ​ដំណើរ​មក​កម្សាន្ត​ច្រើន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ