ប្រជាពលរដ្ឋ​ឃុំ​អភិវឌ្ឍន៍​រង​គ្រោះ​ព្រោះ​ខ្យង​ថៃ ឬ​ខ្យង​ក្រហម កាត់​បំផ្លាញ​ដំណាំ​ស្រូវ


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស បាន​រង​គ្រោះ​ដោយសារ​ស្រូវ​សន្ទូង​របស់​ពួក​គាត់​ត្រូវ​ខ្យង​ក្រហម ឬ​ខ្យង​ថៃ កាត់​បំផ្លាញ​ដើម​ស្រូវ​នៅ​តាម​ស្រែ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ស្ទើរ​គ្រប់កន្លែង​។ ពួក​គាត់​គ្មាន​ជម្រើស​ទប់ស្កាត់​សត្វ​បំផ្លាញ​មួយ​នេះ មាន​តែ​វិធី​ម្យ៉ាង​គត់​គឺ​ជួល​ក្មេង​ៗ ដើរ​រើស​ខ្យង​ទាំងនោះ​យក​មក​កម្ទេច​ចោល​តែ​ប៉ុណ្ណោះ​។ ដោយហេតុ​នេះ​ហើយ ពួក​គាត់​បាន​ស្នើ​សុំ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត សូម​មេត្តា​ជួយ​ផ្តល់​ថ្នាំ ឬ​មាន​វិធានការ​ណា ជួយ​ទប់ស្កាត់ និង​បំផ្លាញ​សត្វ​ចង្រៃ​នេះ​ផង​។

ស្ត្រី​ឈ្មោះ សាន ស្រី​ពៅ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ស្រែ​គាត់​ក្បែរ​ផ្ទះ មាន​ចំនួន​៦​ស្រែ មាន​ទំហំ​ប្រមាណ​ជាង​១​ហិ​កតា ត្រូវ​ខ្យង​ថៃ ឬ​ខ្យង​ក្រហម​កាត់​បំផ្លាញ​អស់​ជាង​ពាក់កណ្តាល​។ គាត់​គ្មាន​វិធី​អ្វី ដើម្បី​កម្ចាត់​ខ្យង​នោះ​ទេ ទើប​គាត់​ជួល​ក្មេង​ៗ​ក្នុងភូមិ​ដើរ​រើស​ខ្យង​ទាំងនោះ​យក​ទៅ​បំផ្លាញ​ចោល ដោយ​មួយ​ថ្ងៃ​ក្មេង​ៗ​រើស​ខ្យង​បាន​ជាង​២០០​គីឡូក្រាម ហើយ​មួយ​គីឡូក្រាម​គាត់​ឲ្យ​២០០​រៀល​។ នៅ​ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​គាត់​បាន​ចំណាយ​ជាង​១០​ម៉ឺន​រៀល គ្រាន់តែ​ជួល​ក្មេង​ៗ​ដើរ​រើស​ខ្យង​។ ប៉ុន្មាន​ថ្ងៃមុន​គាត់​ខំ​ទិញ​ថ្នាំ​សម្លាប់​ក្តាម​យក​មក​ដាក់​តាម​គេ មិន​ងាប់​ខ្យង​បែ​ជា​ងាប់​តែ​ត្រី​ទៅ​វិញ​។ យុវជន​ម្នាក់​ដែល​កំពុង​ដកសំណាប​នៅ​ជិត​គ្នា​នោះ​បាន​និយាយ​ដែរ​ថា បញ្ហា​ខ្យង​កាត់​ស្រូវ​ក្នុង​ស្រែ​នេះ ពិតជា​លំបាក​ណាស់​បើ​ស្រែ​ណា​គោក​អត់​ទឹក​វា​សម្ងំ​ក្នុង​ដី ពេល​មានទឹក​វា​ឡើង​មក​កាត់​បណ្តូល​ដើម​ស្រូវ​បំផ្លាញ អណ្តែត​ដើម​ស្រូវ​ពេញ​ទឹក​។

ប្រជាពលរដ្ឋ​គ្មាន​វិធី​ណា​ក្រៅពី​នាំ​គ្នា​ដើរ​រើស យក​ទៅ​បំផ្លាញ​ចោល​តែ​ប៉ុណ្ណឹង​។ ជាមួយ​គ្នា​នោះ​ដែរ មេ​ភូមិ​ស្រែ​តា​ជ័យ លោក ឡាំ ស្រិ​ន បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​បាន​កើតឡើង លើ​ប្រជាពលរដ្ឋ ក្នុងភូមិ​ប្រមាណ​ជាង​១០​ភាគរយ គឺ​កើតឡើង​លើ​ស្រែ​ណា​មានទឹក​ដក់​ជាប់ ដូច​ជា​តាម​មាត់​អូរ​ជាដើម​។ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ភូមិ​សូម​អំពាវនាវ​ដល់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​ជំនាញ​ផ្សេង​ៗ ដែល​ដឹង​ពី​វិធី​ទប់ស្កាត់​សត្វ​បំផ្លាញ​នេះ សូម​ជួយ​ចុះ​មក​ជួយ​ប្រជាពលរដ្ឋ​គាត់​ផង​។

ជាមួយនឹង​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា កន្លង​មក មន្ត្រី​ជំនាញ បាន​ផ្តល់​វិធី​កម្ចាត់​ខ្យង​នេះ​ដល់​ប្រជាពលរដ្ឋ ឃើញ​ថា ទទួល​បាន​លទ្ធផល​គ្រាន់បើ គឺ​ឲ្យ​យ​ពួក​គាត់​ម្ចាស់​ស្រែ​ជីក​ជា​ប្រឡាយ​ព័ទ្ធ​តាម​ភ្លឺស្រែ​ជុំវិញ​ស្រែ ខ្យង​ទាំងនោះ​វា នឹង​មក​នៅ​តាម​ក្រឡុក​ប្រឡាយ ហើយ​ម្ចាស់​ស្រែ​ងាយ​នឹង​ប្រមូល​យក​ទៅ​កម្ទេច​ចោល ដោយ​មិន​ពិបាក​ដើរ​រើស​ក្នុង​ស្រែ​ឡើយ​។ តែបើ​មាន​ច្រើន​មែន​លោក​នឹង​ចាត់វិធានការ​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ចុះ​ទៅ​ដល់​ស្រែ​ប្រជាពលរដ្ឋ​ខាងលើ​តែ​ម្ដង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ