សហរដ្ឋអាមេរិក ៖ សភាអាមេរិកកាលពីថ្ងៃទី១៨ធ្នូបានអនុម័ត ដោយសំឡេង២៣០ ទល់នឹង១៩៧សំឡេងប្រឆាំងនិង១សំឡេងអនុប្បវាទ បទចោទប្រកាន់ប្រធានាធិបតីលោកដូណាល់ត្រាំ សម្រាប់សវនាការដកហួតតំណែងលោក ក្រោយការជជែកដេញដោលគ្នាបែកផ្សែង រវាងបណ្ដាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ដែលនោះឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខ្លាំងរបស់អាមេរិក ប្រឈមមុខនឹងប្រធានាធិបតីវិសាមញ្ញរូបនោះ។ នេះជាការបោះឆ្នោតកត់ត្រាទុកជាប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
នៅសេតវិមានលោកត្រាំដែលកំពុងឈានក្លាយជាប្រធានាធិបតីអាមេរិកទី៣ រងនីតិវិធីបែបនោះ បានសម្ដែងនូវកំហឹងតាមTWITTERដោយអះអាងថា លោកគ្មានធ្វើអ្វីខុសទាល់តែសោះ។ លោកបរិហារថានោះជាអំពើឈ្លានពានមួយប្រឆាំងអាមេរិក។ វាជាការរៀបចំឆាកដោយក្រុមឆ្វេងនិយមរ៉ាឌីកាល់មួយ ដែលមិនទទួលបានជោគជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។
ចំណែកលោកស្រីណានស៊ីពីឡូស៊ី ប្រមុខក្រុមសភានៃគណបក្សប្រជាធិបតេយ្យក្នុងសភាបានតបតវិញថា បណ្ដាអំពើគ្មានការទទួលខុសត្រូវ របស់ប្រធានាធិបតីចាំបាច់ត្រូវធ្វើការចោទប្រកាន់រូបលោក។ លោកមិនអាចឲ្យយើងធ្វើការជ្រើសរើសដទៃទៀតឡើយ។
លោកត្រាំជាប្រធានាធិបតីអាមេរិកទី៤៥ហើយប៉ុនប៉ងប្រជែងយកអាណត្តិទី២ ក្នុងការបោះឆ្នោតនាខែវិច្ឆិកាឆ្នាំ២០២០ រងអត្ថបទ២នៃការចោទប្រកាន់ប្រឆាំងរូបលោក ពីបទរំលោភបំពានអំណាចនិងរារាំងដំណើរការរបស់សភា ព្រោះលោកស្នើដល់អ៊ុយក្រែនឲ្យស៊ើបអង្កេតលើគួប្រជែងមួយរូប ក្នុងចំណោមគូប្រជែងសំខាន់ៗ សម្រាប់ការបោះឆ្នោតប្រធានាធិបតី។
បន្ទាប់ពីរៀបចំនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី បទចោទប្រកាន់លោកគេដឹងថាសភាពិតជាអនុម័ត ព្រោះគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនក្នុងសភា។ ឥឡូវសេចក្ដីសម្រេចចោទប្រកាន់លេខ៧៥៥នោះ ត្រូវដល់វេនព្រឹទ្ធសភាដែលគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនអនុម័តបន្ត។ គណបក្សនេះបានប្រាប់ជាមុនរួចហើយ ពីបំណងលុបចោលការចោទប្រកាន់ប្រឆាំងប្រធានាធិបតី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ